ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឡុង ឌីម៉ង់៖ កម្ពុជាកំពុងពង្រីកទំនាក់ទំនងជាមួយកូរ៉េខាងត្បូង​ដល់កម្រិត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ
21, Nov 2019 , 11:52 am        
រូបភាព
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល​កម្ពុជា​សម្តេច ហ៊ុន សែន ចូលរួម​ក្នុង​ជំនួបរំឮកខួបអនុស្សាវរីយ៍​អាស៊ាន-កូរ៉េឆ្នាំទី៣០​ នៅក្នុងទីក្រុងប៊ូសាន​នៃសាធារណរដ្ឋកូរ៉េ សម្តេច ហ៊ុន សែន ក៏ត្រូវជួបពិភាក្សាការងារទ្វេភាគីជាមួយ​ ប្រធានាធិបតី​សាធារណរដ្ឋកូរ៉េ លោក មូន ចេអ៊ីន ផងដែរ។ មកដល់ឆ្នាំ២០១៩នេះ តើស្ថានភាពនៃ​ទំនាក់ទំនង​​ការទូតរវាង​រដ្ឋាភិបាលភ្នំពេញ និង​ក្រុងសេអ៊ូល​កំពុងស្ថិតនៅកម្រិតណា? ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំសាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌីម៉ង់ បាន​ផ្តល់សម្ភាសដល់លោក លាង ដឺលុច នាយកប្រតិបត្តិ​នៃ​សារព័ត៌មាន​ថ្មីៗ​កាលពីពេលថ្មីៗនេះនៅស្ថានឯកអគ្គរាជទូត​កម្ពុជា ដើម្បី​ពន្យល់អំពី​ទំនាក់ទំនង​នៃ​ប្រទេស​​​ទាំងពី​រដែល​មាន​បានផ្តើម​ចំណងការទូត​តាំងពីឆ្នាំ​១៩៩៧មក។


បង្កើនទំនាក់ទំនងរហូតដល់កម្រិត​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ រុញទំហំនៃការផ្លាស់ប្តូរ​ពាណិជ្ជកម្មដល់​១៥០០លានដុល្លារក្នុងឆ្នាំ​២០២៥ សម្រួលការ​នាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ ទាំងនេះសុទ្ធ​តែស្តិត​នៅ​ក្នុងផែនការអនុវត្ត​រវាងរដ្ឋាភិបាលទាំងពីរ​ ដែលលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានអះអាងប្រាប់​សារព័ត៌មានថ្មីៗ។

សម្រាប់លោកឯកអគ្គរាជទូត ខណៈដែលរដ្ឋាភិបាលរបស់​លោក មូន ចេអ៊ីន កំពុងអនុវត្ត​គោលនយោបាយថ្មីឆ្ពោះទៅទិសខាងត្បូងដើម្បី​ពង្រីកចំណងសហប្រតិបត្តិការជាមួយអាស៊ាន និង​ឥណ្ឌានោះ នេះគឺជាកាលានុវត្តភាពល្អសម្រាប់កម្ពុជា​ក្នុង​ការ​ពង្រឹងសមត្ថភាពខ្លួន ដើម្បី​ទាញយកផលប្រយោជន៍​ពី​គោលនយោបាយ​នេះ ទាំងក្នុងក្របខណ្ឌ​តំបន់ និង​ទ្វេភាគី។

លោក ឡុង ឌីម៉ង់​ បានពន្យល់យ៉ាង​ដូច្នេះ៖«បើប្រៀបធៀបជាមួយសមាជិកអាស៊ាន៩ទៀត យើងមិនធំ តែយើងក៏មិនតូចដែរ។ ដូច្នេះវាជាពេលវេលាដែលយើងត្រូវកសាងសមត្ថភាពជំនាញ កែទម្រង់តាំងពី អភិបាលកិច្ចដោយខ្លួន​ឯង។»។

លោក ឡុង ឌីម៉ង់ ក៏បាន​បញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េ​រីកចម្រើនខ្លាំងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និង​វិស័យហិរញ្ញវត្ថុ ដែលលោកកំពុងព្យាយាម​ធ្វើ​ការជាមួយ​ភាគីកូរ៉េ៕


Tag:
 កូរ៉េខាងត្បូង សេអ៊ូល ឡុង ឌីម៉ង់ ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com