កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករអូស្ត្រាលី៣នាក់ត្រូវដកឈ្មោះចេញពីអូឡាំពិក ដោយសារបណ្តឹងរបស់ស្ត្រីខ្មែរម្នាក់ កីឡាករ U-23 អូស្ត្រាលី ពេលប៉ះជាមួយកម្ពុជានាជំនួបជម្រុះ AFC U-23 កន្លងទៅ
× កីឡាករបាល់ទាត់ជម្រើសជាតិអូស្ត្រាលីអាយុក្រោម២៣ឆ្នាំ (U-23) ចំនួនបីរូប ត្រូវដកឈ្មោះចេញមិនឲ្យចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ នៅតូក្យូ ប្រទេសជប៉ុន ក្រោយរងបណ្តឹងជុំវិញការប្រព្រឹត្តឥរិយាបទមិនសមរម្យពីសំណាក់ស្ត្រីម្នាក់នៅក្នុងប្រទេសកម្ពុជា។ អ្នកទាំងបី ត្រូវហាមចាប់ពីថ្ងៃ១៩ វិច្ឆិកា ដល់ខែសីហាឆ្នាំក្រោយ។
កីឡាករទាំង៣រូប រួមមានខ្សែបម្រើ Nathaniel Atkinson, Lachlan Wales និង Brandon Wilson ដែលសុទ្ធសឹងប្រកបអាជីពក្នុងលីគកំពូលអូស្ត្រាលី (A-League) ត្រូវបានរកឃើញថាមានកំហុសក្នុងបទរំលោភបំពាន អំឡុងការប្រកួតវគ្គជម្រុះ AFC U-23 Championship ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កាលពីខែមីនាកន្លងទៅ។
ដោយសារការប្រព្រឹត្តទង្វើដែលផ្ទុយនឹងវិជ្ជាជីវៈជាកីឡាករ ទើបតម្រូវឲ្យពួកគេបញ្ឈប់ពីក្រុមជម្រើសជាតិ រហូតដល់ថ្ងៃទី១០ ខែសីហា ពោលគឺមួយថ្ងៃបន្ទាប់ពីពិធីបិទកីឡាអូឡាំពិក ក្រុងតូក្យូ ឆ្នាំ២០២០។
ដោយឡែក កីឡាករអូស្ត្រាលីមួយរូបទៀត គឺខ្សែបម្រើ Riley McGree ក៏ត្រូវជាប់ពិន័យរហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ផងដែរ ក្នុងបទចោទរួមគ្នាជាមួយអ្នកទាំង៣។
សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (FFA) បានអះអាងថា បញ្ហានេះបានក្លាយជាការយកចិត្តទុកដាក់សំខាន់បំផុតត្រូវដោះស្រាយ ដែលមានរយៈពេលដល់ខែមេសា បន្ទាប់ពីមានបណ្តឹងរបស់ស្ត្រីម្នាក់នៅកម្ពុជា ដែលមិនមានព័ត៌មានលំអិតនោះ។
លោក Chris Nikou ប្រធាន FFA ក៏បានបញ្ជាក់អំពីការទទួលខុសត្រូវ ក្នុងវិជ្ជាជីវៈកីឡាករដែរថា៖«ការប្តេជ្ញាចិត្តរបស់យើងចំពោះការគោរព និងការទទួលខុសត្រូវ គឺគ្មានការសម្របសម្រួលណាមួយកើតឡើងនោះទេ។ កីឡាករធ្វើខុសត្រូវទទួលការពិន័យ និងត្រូវយល់ពីផលប៉ះពាល់ធ្ងន់ធ្ងរនូវទង្វើដែលពួកគេធ្វើ ហើយត្រូវចេះគិតគូពីគុណតម្លៃសម្រាប់អនាគតទៅថ្ងៃមុខ»។
យ៉ាងណាក៏ដោយ កីឡាករទាំង៤រូបខាងលើ មានសិទ្ធិប្តឹងឧទ្ធរណ៍ ដើម្បីប្រឆាំងសេចក្តីសម្រេចនេះ៕
Tag:
Olympic
តូក្យូ
កីឡាអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com