ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ភ្នំពេញ៖ យុទ្ធនាការផ្សព្វផ្សាយផលិតផល«មីជាតិ» ត្រូវបានធ្វើឡើងតាមរយៈការតាំងបង្ហាញនៅតាមទីសាធារណៈ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម កាសែត វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត និងបណ្តាញសង្គមផ្សេងៗទៀត។ រូបភាពនៃការផ្សព្វផ្សាយធ្វើឡើងតាមការភ្លក្ស ឬលក់ ខ្លះជាអត្ថបទព័ត៌មាន ខ្លះជារូបភាពតាំងបង្ហាញ និងខ្លះជាវីដេអូផ្សព្វផ្សាយ។ នាពេលបច្ចុប្បន្ន សន្ទុះនៃការគាំទ្រចំពោះផលិតផលមីជាតិ កាន់តែកើតឡើងជាបន្តបន្ទាប់។
ដើម្បីជំរុញទៅដល់ការផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានអំពីផលិតផលដ៏ថ្មី និងមានគុណភាពមួយនេះឲ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ដែលជាក្រុមហ៊ុនផលិត«មីជាតិ» បានរៀបចំកម្មវិធីប្រកាសយុទ្ធនាការផ្សព្វផ្សាយថ្មីមួយទៀត ដើម្បីឲ្យប្រជាជនបានស្គាល់ និងមានឱកាសភ្លក្ស នូវផលិតផលដែលមានគុណភាពរសជាតិបែបខ្មែរមួយនេះ។
យុទ្ធនាការនេះ ត្រូវបានចាប់ផ្តើមប្រកាសនៅក្នុងបរិវេណកោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៣០នាទីព្រឹក ដែលមានលោកស្រី ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ជាគណៈអធិបតី និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស គណៈគ្រប់គ្រងក្រុមហ៊ុន ក្រុមការងារ និងប្រជាជនទូទៅជាច្រើននាក់។
នៅក្នុងកម្មវិធីប្រកាសយុទ្ធនាការផ្សព្វផ្សាយថ្មីនេះ លោកស្រី ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ដែលជាក្រុមហ៊ុនផលិតមីជាតិ បានមានប្រសាសន៍ថា៖ «មីជាតិជាសមិទ្ធផលថ្មី ដែលប្រជាជនភាគច្រើន អាចនឹងមិនទាន់បានស្គាល់នៅលើទីផ្សារកម្ពុជានៅឡើយ។ នេះជាបញ្ហាចម្បងមួយ ដែលក្រុមហ៊ុនបានព្យាករណ៍រួចមកហើយ និងបានបង្កើតនូវកម្មវិធីជាច្រើន ដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋខ្មែរ អំពីផលិតផលមីជាតិនេះ»។
លោកស្រី នាយិកាក្រុមហ៊ុន បានបន្តទៀតថា៖«យុទ្ធនាការផ្សព្វផ្សាយមីជាតិ នៅថ្ងៃនេះ ជាកម្មវិធីមួយដែលយើងរំពឹងទុកថា នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ បានស្គាល់ និងភ្លក្ស នូវរសជាតិនៃស្នាដៃខ្មែរមួយនេះ»។
យុទ្ធនាការថ្មីនេះ ត្រូវធ្វើឡើងតាមរយៈការជិះកង់ និងរ៉ឺម៉កកង់បី ដើម្បីចែកចាយមីជាតិដោយឥតគិតថ្លៃ នៅតាមផ្សារ សាលារៀន និងទីសាធារណៈ ឬទីប្រជុំជន ដែលមានទីធ្លាទូលាយ នៅតាមបណ្តោយដងផ្លូវធំៗ ទូទាំងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ ក្រុមហ៊ុនបានរៀបចំមីជាតិ ជាច្រើនកេស កង់ចំនួន៦០ និងរ៉ឺម៉កកង់បី ចំនួន៣០ ដែលចែកចេញជា៦ក្រុម និងមានបិតស្លាកសញ្ញាមីជាតិជាសម្គាស់ ដើម្បីផ្សព្វផ្សាយក្នុងរយៈពេលពីរសប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ទៅតាមកាលវិភាគកំណត់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក រោងចក្រផលិតផលមួយនេះ បានបើកសម្ពោធ ក្រោមស្លាកសញ្ញា «មីជាតិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋជាច្រើន ដែលបានប្រព្រឹត្តទៅ នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោមពាក្យស្លោកថា«មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ» មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្ច្រាំ និងរសជាតិស៊ុបមាន់។ រសជាតិទាំង៣នេះ ត្រូវបានឆ្លងកាត់ការពិសោធន៍ និងស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ។ ការរួមផ្សំជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ព្រមទាំងវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងស្រុក និងបរទេស គឺជាគុណតម្លៃ ដែលក្រុមហ៊ុន ផលិតមីជាតិ បានប្តេជ្ញាចិត្តយ៉ាងហ្មត់ចត់ ដើម្បីធានានូវគុណភាព អត្ថប្រយោជន៍ និងរសជាតិដើម្បីខ្មែរ។
ជាចុងក្រោយ លោកស្រីនាយិកាក្រុមហ៊ុន សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ ចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរ និងដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរត្រូវគាំទ្រ និងរួមគ្នាជួយលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ។ យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)