ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​អាច​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​?
22, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​បន្សាប​ជាតិពុល គឺជា​ដំណើរការ​នៃ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​ផ្សេងៗ​ចេញពី​ក្នុង​រាងកាយ​។ ដំណើរការ​នេះ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​ចៀស​ផុតពី​ជំងឺ​។ ការ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ គឺ​គ្មានអ្វី​ស្មុគស្មាញ​ឡើយ​ដោយ​អ្នក​អាចធ្វើ​ទៅបាន​យ៉ាង​ងាយ​ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​មួយចំនួន​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អោយដឹងពី​ប្រភេទ​នៃ​អាហារ​ដែលមាន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ ៖
 
១. ផ្លែ​ប៉ោម​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក ជាតិ​សរសៃ ព្រមទាំង​សារធាតុចិញ្ចឹម និង​ជាតិ​រ៉ែ​ដែល​ល្អ​សម្រាប់​សុខភាព ហើយ​ជួយ​កម្ចាត់​ជាតិពុល​ផ្សេងៗ​។ ព្យាយាម​ទទួលទាន​ផ្លែ​ប៉ោម​មួយថ្ងៃ ១ ផ្លែ អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ប៉ោម​ក៏បាន ប៉ុន្តែ​កុំ​បន្ថែម​ស្ករ​។​
 
២. ផ្លែ​បឺ​រ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល ក៏ដូចជា​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម​និង​លាមក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​។​
 
៣. ខ្ទឹមស​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមទាំង​សារធាតុ allicin ដែលមាន​ប្រសិទ្ធភាព​កម្ចាត់​រ៉ាឌីកាល់​សេរី​និង​បន្សាប​ជាតិពុល​គ្រោះថ្នាក់​ចេញពី​ក្នុង​រាងកាយ​ទប់ស្កាត់​ជំងឺ​។ ខ្ទឹមស​ក៏​ជួយ​ជំរុញ​ថ្លើម​អោយ​ផលិត​អង់ស៊ីម​បន្សាប​ជាតិពុល​ដែល​ជួយ​ច្រោះ​សម្អាត​ជាតិពុល​ពី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​
 
៤. បន្លែ​បៃតង​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ folate វីតាមីន C វីតាមីន k ជាតិ​សរសៃ ក្លរ៉ូភីល និង​សារធាតុ phytonutrients ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្សាប​ជាតិពុល ហើយ​ថែមទាំង​ប្រយុទ្ធប្រឆាំង​ការ​រលាក​ទៀតផង​។​
 
៥. រមៀត​

​រមៀត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ Curcumin ដែល​ជួយ​ក្នុងការ​សម្អាត​ថ្លើម​កម្ចាត់​ជាតិពុល​។ អ្នក​អាច​បន្ថែម​ម្សៅ​រមៀត​ទៅក្នុង​អាហារ​ផ្សេងៗ​ប្រចាំថ្ងៃ ដើម្បី​ទទួលបាន​សុខភាព​ថ្លើម​ល្អ​។​
 
៦. ក្រូចឆ្មារ​

​បរិមាណ​នៃ​វីតាមីន C ដែលមាន​វត្តមាន​នៅក្នុង​ក្រូចឆ្មារ គឺ​ចាំបាច់​សម្រាប់​រាងកាយ​ដើម្បី​បង្កើតបាន​នូវ​សមា​ធាតុ glutathione​។ ហើយ​សមាសធាតុ​នេះ​ជួយ​ថ្លើម​ក្នុង​ដំណើរការ​នៃ​ការ​បន្សាប​ជាតិពុល​។ ក្រូចឆ្មារ​ក៏​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ដំណើរការ​នៃ​ការ​កម្ចាត់​កាកសំណល់​ផងដែរ​។ អ្នក​អាច​ច្របាច់​ទឹកក្រូច​ឆ្មារ​ស្រស់​ម្ខាង​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ បន្ទាប់មក​ទទួលទាន​វា​ជាប្រចាំ​រៀងរាល់​ព្រឹក​។​
 
៧. ខ្ញី​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ shogaols និង សារធាតុ gingerols ដែល​ជួយ​លើកកម្ពស់​ការ​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​ដោយ​បង្កើន​លឿន​ចលនា​នៃ​អាហារ​តាមរយៈ​ពោះវៀន​។ ជា​លទ្ធផល ដំណើរការ​នេះ​ជួយ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​និង​កាកសំណល់​ចេញពី​ថ្លើម ពោះវៀនធំ រួមទាំង​សរីរាង្គ​ខាងក្នុង​ផ្សេងទៀត​។​
 
៨. ឪឡឹក​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ diuretic ដែល​ជួយ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​ចេញពី​រាងកាយ​។ វា​ក៏​ជួយ​ជំរុញ​មុខងារ​តម្រងនោម បន្សាប​ជាតិពុល​ក្នុង​ថ្លើម និង​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com