ក្លិបបាល់ទាត់ពាក់កណ្តាលអាជីពសៀមរាបយូណាយធីត(Siem Reap United Football Club) ដែលទើបបង្កើតនៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញមហិច្ឆតាចង់ចូលលេងក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ បើតាមលោក លី សេងហួរ ស្ថាបនិកនិងជាម្ចាស់កីឡដ្ឋាន KDR នៅដើមឆ្នាំ២០២០ខាងមុខ លោក នឹងរៀបចំការប្រកួតពានរង្វាន់យុវជនអាយុក្រោម១១ឆ្នាំ និង១៣ឆ្នាំ មុនឈានទៅបង្កើតក្រុមយុវជនថ្នាល(Football Academy)។
«សៀមរាបយូណាយធីត» ជាឈ្មោះក្លិបបាល់ទាត់ពាក់កណ្តាលអាជីពថ្មីមួយ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ ឈ្មោះនេះបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងកម្មវិធីចុះអនុសារណៈយោគយល់គ្នារវាងក្លិបបាល់ទាត់យូណាយធីតជាមួយក្រុមហ៊ុនពីររបស់ម៉ាឡេស៊ី គឺ Bolabros និង Kaki Jersi។
លោក លី សេងហួរ ស្ថាបនិកក្លិប និងកីឡដ្ឋាន KDR បានប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងឲ្យអភិវឌ្ឍន៍ក្លិបនេះឲ្យឈានទៅរកកម្រិតអាជីព ដើម្បីសម្រេចមហិច្ឆតារបស់ពួកគេ ដែលចង់ចូលរួមលេងក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ គោលបំណងនេះអាចសម្រេចបាន លុះត្រាក្លិបមានដៃសហការគ្រប់គ្រាន់ ខណៈបច្ចុប្បន្នក្លិបទើបបង្កើតថ្មីមួយនេះកំពុងប្រឈមជាមួយបញ្ហានេះ។ តែយ៉ាងណាលោកអះអាងថា លោកនឹងខិតខំព្យាយាមស្វែងរកដៃគូសហការ ដើម្បីសម្រេចបំណងមួយនេះ។
លោក លី សេងហួរ ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីតថ្លែងក្នុងពិធីចុះ MOU កាលពីពេលកន្លងទៅ, រូបភាពពីមន្ទីរព័ត៌មានខេត្តសៀមរាប
ការប្រើប្រាស់ឈ្មោះខេត្តសៀមរាបធ្វើជាឈ្មោះក្លិបបាល់ទាត់នេះត្រូវបានលោក លី សេងហួរ រៀបរាប់ដូច្នេះថា៖«មូលហេតុដែលយើងប្រើឈ្មោះថ្មីនេះ គឺយើងចង់អោយខេត្តសៀមរាបរបស់យើង មានក្លិបបាល់ទាត់មួយដែលថ្មី ដែលល្អ ដែលត្រឹមត្រូវ ដែលអាចជួយឲ្យក្មេងរបស់យើងសម្រេចបាននូវសុបិនរបស់ពួកគេ បន្ថែមពីលើនេះ ឈ្មោះនេះ គឺអាចក្តោប និងលើកស្ទួយឈ្មោះខេត្តសៀមរាបយើងឲ្យរឹតតែល្បីល្បាញថែមទៀត»។
ពាក់ព័ន្ធគោលបំណង ស្ថាបនិកវ័យក្មេងរូបនេះបន្ថែមថា ក្លិបបាល់ទាត់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឲ្យយុវជនក្នុងខេត្តសៀមរាបបានបង្ហាញ និងអភិវឌ្ឍសមត្ថភាពខ្លួនឲ្យកាន់តែប្រសើរ ដើម្បីសម្រេចក្តីបំណង ដែលចង់ក្លាយជាកីឡាករអាជីពនាពេលអនាគត ក៏ដូចជារួមចំណែកអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តសៀមរាប និងវិស័យកីឡាបាល់ទាត់ជាតិទាំងមូល។
ដើម្បីអភិវឌ្ឍន៍ និងពង្រីកវិសាលភាពក្លិបឲ្យកាន់តែប្រសើរ សៀមរាបយូណាយធីត នឹងរៀបចំការប្រកួតដណ្តើមពានរង្វាន់កម្រិតយុវជនអាយុក្រោម១១ឆ្នាំ និង១៣ឆ្នាំនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ខាងមុខ។ ក្រៅពីផ្តល់ឱកាសឲ្យយុវជនបានបង្ហាញសមត្ថភាព និងប្រកួតប្រជែងធ្វើជាបទពិសោធ ការប្រកួតនេះ គឺជាជំហានដំបូង មុនឈានទៅបង្កើតក្រុមយុវជនថ្នាល។
ក្លិបសៀមរាបយូណាយធីត នឹងបង្កើតឲ្យមានក្រុមបាល់ទាត់យុវជនថ្នាលរបស់ខ្លួននៅអំឡុងខែមីនា ឆ្នាំ២០២០។ «ការអភិវឌ្ឍថ្នាលនេះ គឺទាមទាពេលវេលាយូរអង្វែង ការប្រើប្រាស់ធនធានច្រើន ការតស៊ូព្យាយាម និងការអត់ធ្មត់ជាទីបំផុត ប៉ុន្តែវាគឺជាចក្ខុវិស័យដ៏អស្ចារ្យដែលពោរពេញដោយមហិច្ឆតាដ៏មហិមារបស់ក្រុមការងាររបស់យើងខ្ញុំ»។ នេះជាការបញ្ជាក់របស់លោក លី សេងហួរ ស្ថិបនិកកីឡដ្ឋាន KDR៕