ជាតិ
សិល្បះ
វិចិត្រករ ឈន វិច្ឆិកា​៖​ទេពកោសល្យ ភាព​ច្នៃប្រឌិត និង​អំណត់ ធាតុ​ផ្សំ​មិនអាច​ខ្វះ​គ្នា​បាន​ក្នុង​សិ​ល្បៈ​គំនូរ​
24, Nov 2019 , 9:59 am        
រូបភាព
លោក ឈន វិច្ឆិកា ជាវិចិត្រករ​​គំនូរ​​បែប​សខ្មៅ( Doodle)
លោក ឈន វិច្ឆិកា ជាវិចិត្រករ​​គំនូរ​​បែប​សខ្មៅ( Doodle)
ដោយ:
​ភ្នំពេញ​៖ លោក ឈន វិច្ឆិកា ជា​វិចិត្រករ​គំនូរ​ច្នៃប្រឌិត ឬ​គំនូរ​ស​ខ្មៅ (Doodle) ដ៏​ប៉ិនប្រសប់​មួយរូប​។ មាន​វ័យ​២៦​ឆ្នាំ   វិចិត្រករ ឈុន វិច្ឆិកា យល់ថា ការ​មាន​ទេពកោសល្យ​តែមួយ​មុខ មិនទាន់​គ្រប់គ្រាន់​ឡើយ សម្រាប់​អាជីព​របស់គេ​។ វិចិត្រករ​ម្នាក់ៗ ត្រូវមាន​ភាព​ភាព​ច្នៃប្រឌិត និង​ភាព​អំណត់ អត់ធ្មត់​ខ្ពស់​ផង ដើម្បី​ឲ្យ​ស្នាដៃ​នីមួយៗ​មាន​ភាពរស់រវើក និង​ការពេញចិត្ត​ពី​អតិថិជន​។​

 
​គំនូរ​បែ​បស​ខ្មៅ ឬ Doodle អាច​គូរ​បាន​នៅតាម​ជញ្ជាំង សម្ភារ​ប្រើប្រាស់ ឬ​វត្ថុ​នានា​។ គំនូរ​បែបនេះ​នៅ​កម្ពុជា ច្រើន​ឃើញ​នៅតាម​ទីសាធារណៈ​, ជញ្ជាំង​ហាង​កាហ្វេ​, អាហា​រដ្ឋា​ន និង​តាមក្លិប​កម្សាន្ត​នានា​។ លោក ឈន វិច្ឆិកា ជា​វិចិត្រករ​គំនូរ Doodle ដែលមាន​វ័យក្មេង និង​ដ៏​ប្រសប់​មួយរូប​។ មាន​វ័យ ២៦​ឆ្នាំ វិច្ឆិកា ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង ស្រឡាញ់​ការ​គូរគំនូរ​តាំងតែ​ពី​តូច​មកម្ល៉េះ​។ 
 
​មិនមែនជា​រឿង​គួរ​ឲ្យ​ចម្លែក​ចិត្ត​សោះ ដែល​យុវជន វិច្ឆិកា មាន​ទេពកោសល្យ​គូររូប​តាំងពីក្មេង ប្រៀបបាន​នឹង​ពាក្យចាស់​ពោលថា «​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​»​ដូច្នេះ​ដែរ ព្រោះ​ទាំង​ម្តាយ និង​លោកឪពុក​របស់គេ ជា​វិចិត្រករ​។  ដូច្នេះហើយ​បានជា ចូលរៀន​ផ្នែក​រចនា នៅ​វិទ្យាស្ថាន​ស៊ី​តិក នៅក្នុង​ឆ្នាំ​២០១៤ ដើម្បី​ពង្រឹង និង​ពង្រីក​ចំណេះដឹង និង​គំនិត​ច្នៃប្រឌិត​បន្ថែម លើ​ទឹកដៃ​គូរគំនូរ​រ​បស់​គេ ដែល​បាន​ដុះដាល​តាំងពី​តូច​មក​នោះ​។ ក្នុងពេល​ជាមួយគ្នានេះ លោក ឈន វិច្ឆិកា ក៏បាន​ចាប់ផ្តើម​រៀន​គូរគំនូរ​បែ​បស​ខ្មៅ តាំងពី​ឆ្នាំ​២០១៤ តាម​វិចិត្រករ​ល្បីៗ​នៅលើ​ពិភពលោក តាម​បណ្តាញ YouTube ព្រមទាំង​មានការ​បង្ហាត់បង្ហាញ​ដោយផ្ទាល់​ពី​ឪពុកម្តាយ​ផង​។ ហើយ​ឆ្នាំ​ដដែល​នេះ ក៏​ជា​ពេលវេលា​ផ្តើម​អាជីព​ជា​វិចិត្រករ​គំនូរ​ស​ខ្មៅ របស់ វិច្ឆិកា​ដែរ​។​
 
​ទេពកោសល្យ ភាព​ច្នៃប្រឌិត និង​ភាព​អំណត់ ធាតុ​ផ្សំ​មិនអាច​ខ្វះ​គ្នា​បាន​ក្នុង​សិ​ស្បៈ​គំនូរ​

​មាន​ទេពកោសល្យ​ផ្នែក​គំនូរ ប៉ុន្តែ​បើសិន​គ្មាន​ភាព​ច្នៃប្រឌិត ការតស៊ូ និង​ភាព​អំណត់​ទេនោះ ស្នាដៃ​គំនូរ​ដ៏​ល្អ​មួយ ក៏​មិនអាច​លេចចេញ​ជា​រូបរាង​បានដែរ​។ ហើយ​នេះ​គឺជា​អ្វីដែល លោក វិច្ឆិកា បាន​ប្រកាន់ខ្ជាប់​ជានិច្ច រៀងរាល់​ពេល​ខ្លួន​គូរគំនូរ​ម្តងៗ​។ សម្រាប់​វិចិត្រករ​រូបនេះ ការប្រកាន់យក​ឆន្ទៈ និង​ការអត់ធ្មត់​ក្នុង​ការងារ​នេះហើយ ដែល​បានធ្វើ​ឲ្យ​ស្នាដៃ​នីមួយៗ​របស់​វិច្ឆិកា ទទួលបាន​ពេញចិត្ត ពេញ​ថ្លើម​ពី​អតិថិជន​។​
 
​វិចិត្រករ ឈន វិច្ឆិកា រៀបរាប់​ដូច្នេះ​៖«​ធម្មតា អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ខ្ញុំ​បាន​សិក្សា​ពី​គម្រោង​ដែល​គេ​ដាក់​ឲ្យ​ធ្វើ ហើយ​គម្រោង​នីមួយៗ ដែល​ម្ចាស់​ហាង​គាត់​ចង់​ឲ្យ​យើង​ធ្វើ​អ៊ីចឹង គឺ​យើង​ត្រូវតែ​សិក្សា​ពី​គោលបំណង​របស់គាត់ និង​សិក្សា​ពី​គ្រឹះ​ដែល​គាត់​មាន​។ នៅពេលដែល​បាន​សិក្សា​ពី​គាត់​រួចហើយ បាន​ខ្ញុំ​មក​សិក្សា​ពី​ខ្លួនឯង ថា​តើ​ខ្លួនឯង​ត្រូវតែ​ធ្វើ​អ្វី​ឲ្យ​ថ្មី​សម្រាប់​គាត់​។ អ៊ីចឹង​ហើយ​ខ្ញុំ​ត្រូវតែ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ខ្ញុំ​បង្កើត​ប្រធានបទ​(Topic) ពីអ្វី​ដែល​គាត់​ចង់បាន​ហើយ បាន​ខ្ញុំ​យកមក​បញ្ចូល​គ្នា​»​។ 


 
​ចាប់តាំងពី​លោក ឈន វិច្ឆិកា ប្រឡូក​ចូលក្នុង​សិល្បៈ​គំនូរ​ស​ខ្មៅ គេ​ទទួលបាន​ការងារ​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន វិច្ឆិកា បាន​ទទួលបាន​គម្រោង​គូរគំនូរ មិនតិចជាង​៥​គម្រោង​នោះទេ ពី​អតិថិជន​។ បើតាម​វិចិត្រករ ឈន វិច្ឆិកា គម្រោង​នីមួយៗ លោក​ទទួលបាន​កម្រៃ ចាប់ពី ៥០០​ដុល្លារ​ឡើងទៅ​។ អា​ចរក​ចំណូល​ច្រើន​ក៏ពិតមែន តែ​អាជីព​នេះ ក៏​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន​ដែរ ដោយសារ​ការប្រើប្រាស់​ទឹក​ថ្នាំ និង​ទឹក​ហ្វឺត ដែលមាន​សារធាតុ​គីមី​។ 
 
«​ជាធម្មតា បើជា​Concept ខ្ញុំ​គ្រាន់តែ​ប្រើ​ប៊ិក​គូរ​ទេ តែបើ​ពេល​ដំ​ឡើងលើ​ជញ្ជាំង​គឺ​ខ្ញុំ​ប្រើ​ទឹក​ថ្នាំ​។ អ៊ីចឹង​ទឹក​ថ្នាំ​ក៏​យើង​ត្រូវតែ​ប្រយ័ត្ន​ដែរ​។ ពេល​យើង​គូរ​អីហ្នឹង​គឺ​យើង​ពាក់​ម៉ាស ហើយ​ពេល​យើង​លាយថ្នាំ​អីហ្នឹង​គឺ​យើង​មាន​ប្រដាប់ប្រដា​ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​»​។  នេះ​ជាការ​រៀបរាប់​របស់លោក ឈន វិច្ឆិកា ដែល​ទន្ទឹមនឹង​លោក​ដឹងថា នឹងត្រូវ​ប្រឈម​បញ្ហា​នេះ លោក​វិច្ឆិកា និង​ក្រុមការងារ​ផ្សេងទៀត បាន​ត្រៀម​ឧបករណ៍​ការពារ​រួចជាស្រេច​ហើយ​គឺមាន​ជា  ម៉ាស់​បិទមុខ និង​ស្រោមដៃ​ការពារ​។ ក្រោយពី​រួច​កិច្ចការងារ​នេះ លោក​ក៏បាន​ប្រើ​ទឹក​ថ្នាំ​សំអាត​ដៃ​ផងដែរ​។​
 
​ទៅ​ថ្ងៃ​អនាគត វិចិត្រករ ឈន វិច្ឆិកា មានបំណង​បើកហាង​គំនូរ និង​ហាង​លក់​ស្បែកជើង​ដែលមាន​បញ្ចូល​ក្បាច់រចនា​បែប​ខ្មែរ​។ ក្រៅពីនេះ វិច្ឆិកា ក៏​មិន​ចោលការ​ចែករំលែក​ចំណេះដឹង​ដែល​ខ្លួន​មាន ទៅ​យុវជន​ជំនាន់​ក្រោយ ឬ​អ្នក​ដែល​ស្រឡាញ់​អាជីព​នេះដែរ ដែល លោក វិច្ឆិកា យល់ថា វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​ឲ្យ​គំនូរ Doodle រីកចម្រើន និង​កាន់តែ​សម្បូរ​ទីផ្សារ​៕
 
 ស្នាដៃ​​គំនូ​រ​បែប​doodle របស់​លោក ឈន វិច្ឆិកា













Tag:
 ឈន វិច្ឆិកា​
 ​គំនូរ​
 Doodle
 ​វិចិត្រករ​
 ​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com