ភ្នំពេញ៖ លោក ទូច ភក្ត្រា កំពុងកាក់កបគ្រាន់បើ នៅក្នុងរបរចិញ្ចឹមសត្វចង្រិតលក់។ កសិកររូបនេះ រស់នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង បានរៀនពីការចិញ្ចឹមតាមរយៈសារព័ត៌មាន និងពិសេសតាមយូធូប។ ចាប់ផ្តើមរបរនេះនៅដើមឆ្នាំ២០១៩ កសិករវ័យ៣១ឆ្នាំរូបនេះ កំពុងជោគជ័យនឹងរបរនេះ ដោយបានពង្រីកអាងចិញ្ចឹមចង្រិតជាបន្តបន្ទាប់។ កសិករដែលមានជំនាញ វិទ្យាសាស្ត្រកសិកម្មរូបនេះ ក៏រីករាយក្នុងការចែករំលែកចំណេះដឹងដល់កសិករដទៃទៀតក្នុងសហគមន៍ខ្លួន ឲ្យចេះចិញ្ចឹមចង្រិតដូចខ្លួនដែរ ដើម្បីកាន់តបន្ថយចំណាកស្រុក។
ជាបន្តសូមអញ្ជើញស្តាប់ជីវព័ត៌មានដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖
លោក ទូច ភក្ត្រា បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចម្ការដូង) នៅអំឡុងឆ្នាំ២០១៣។ ក្រោយបញ្ចប់ការសិក្សា លោក ភក្ត្រា បានទៅធ្វើការជាមួយក្រុមហ៊ុនជប៉ុនផ្នែកកសិកម្មមួយ នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលជាស្រុកកំ ណើតរបស់ខ្លួនស្រាប់។ ទន្ទឹមនឹងការធ្វើការងារមានប្រាក់ខែអចិន្ត្រៃយ៍ហើយ លោកក៏បានចាប់ផ្តើមមុខរបរចិញ្ចឹមចង្រិតមួយទៀត នៅដើមឆ្នាំ២០១៩ ដើម្បីរកចំណូលបន្ថែម។ បន្តិចម្តងៗ របរចិញ្ចឹមចង្រិតដែលជាមុខរបរបន្ទាប់បន្សំ បែរជាក្លាយជាអាជីពសំខាន់សម្រាប់លោក ទូច ភក្ត្រា ទៅវិញ។
លោក ទូច ភក្ត្រា ដែលទទួលបានចំណេះដឹងចិញ្ចឹមចង្រិត ពីបណ្តាញយូធូប បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា របរចិញ្ចឹមចង្រិតនេះហើយ ដែលបានកែប្រែគ្រួសារក្រីក្ររបស់លោកឲ្យក្លាយជាគ្រួសារធូរធារមួយនៅក្នុងភូមិ។
អង្គុយលើអាងចង្រិត ដែលសាងសង់ឡើងនៅក្រោមផ្ទះរបស់ខ្លួនស្ថិតនៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង កសិករវ័យ៣១ឆ្នាំរូបនេះ រំឭកដូច្នេះ៖«ដំបូងដៃ ខ្ញុំមកធ្វើការនៅស្រុកកំណើត ហើយចេះតែរកនឹកថា តើធ្វើអីដើម្បីរកចំណូលបន្ថែម?។ អ៊ីចឹង ខ្ញុំមើលតាមបណ្តាញសារព័ត៌មាន និងវីដេអូតាមយូធូបហ្នឹង ខ្ញុំមើលឃើញថា វីដេអូការចិញ្ចឹមចង្រិត វាអាចទទួលយកបាន។ ចំពោះការរៀនហ្នឹង មួយផ្នែកធំបំផុត គឺមើលតាមវីដេអូក្នុងយូធូបហ្នឹងឯង»។
បច្ចុប្បន្ន ផលចង្រិតរបស់លោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដែលភាគច្រើនជាម៉ូយដុំ នៅស្ពានអ្នកលឿន និងរាជធានីភ្នំពេញ។ ផ្តើមចេញពីការចិញ្ចឹមចង្រិតលក្ខណៈគ្រួសារ ត្រឹមដើមទុន៣០០ដុល្លារ បច្ចុប្បន្ន ភក្ត្រាបានពង្រីកវាឲ្យក្លាយជាកសិដ្ឋានតូចល្មម មួយ ដែលមានអាងចិញ្ចឹមចង្រិត ចំនួន១៨ ដែលអាងនីមួយៗ មានទំហំ ១.២ម៉ែត្រ គុណនឹង ៤ម៉ែត្រ។
បើតាម លោក ភក្ត្រា លោកអាចប្រមូលផលចង្រិតបានប្រមាណ ២៥គីឡូក្រាម ក្នុងមួយអាងៗ ឬប្រមូលផលបាន ចន្លោះពី២៥០ ទៅ៣០០គីឡូក្រាម ក្នុងមួយលើកៗ។ ចង្រិតមួយគីឡូក្រាម កសិកររូបនេះ អាចលក់បានតម្លៃពី ២ ទៅ៣ដុល្លារ និងអាចចំណេញបានពីពី៤០០ ទៅ៥០០ដុល្លារ នៅពេលប្រមូលផលម្តងៗ។ លោក ទូច ភក្ត្រា បញ្ជាក់ដូច្នេះ។
កសិករ ដែលមានមាឌដំបង និងប្រសប់វោហាររូបនេះ បានពន្យល់ពីបច្ចេកទេសចិញ្ចឹមចង្រិតឲ្យបានទិន្នផលយ៉ាងដូច្នេះថា៖«ដំបូងយើងត្រូវសង់រោង និងសង់អាងសម្រាប់ដាក់ចង្រិត។ បន្ទាប់មក យើងទិញពងចង្រិតពីកសិករចិញ្ចឹមចង្រិតហ្នឹងទៅដាក់ក្នុងអាងដែលយើងបានរៀបចំសម្បុករួចហើយ។ មុនពេលចង្រិតញាស់មួយថ្ងៃយើងត្រូវរៀបចំសម្បុកវាសិន ដោយសម្បុកនោះ យើងធ្វើពីប្រដាប់ដាក់ពងមាន់។ ពងចង្រិតដែលញាស់ហ្នឹងក្នុងរយៈពេលមួយថ្ងៃ ចង្រិតញាស់អស់ហើយ។ បន្ទាប់ពីញាស់ យើងត្រូវរៀបចំចានទឹក និងចានចំណី គឺយើងយកផេះអង្កាមហើយដាក់ទឹកបញ្ចូលទៅ យកទៅដាក់លើគំរបប៉ោត រួចដាក់រៀបខាងៗនៃអាងហ្នឹងទៅ។បន្ទាប់មក យើងដាក់ថាសចំណី»។
កសិកររូបនេះ បន្តថា ចាប់ពីអាយុ១ថ្ងៃ ទៅ៥ថ្ងៃ ឬ១សប្តាហ៍ ត្រូវឲ្យចង្រិតស៊ីចំណីដែលជាចំណីកូនមាន់។ ក្រោយមក គេត្រូវឲ្យវាស៊ីស្លឹកឈើបន្ថែម ដូចជា ស្លឹកល្ហុងខ្វង ស្លឹកចេក និងស្លឹកដំឡូងមីជាដើម តែមិនត្រូវឲ្យស្លឹកឈើសល់នោះទេ ព្រោះបើស្លឹកឈើរលួយ វានឹងប៉ះពាល់ដល់កូនចង្រិត។ នៅពេលកូនចង្រិតមានអាយុ១០ទៅ១២ថ្ងៃ គេត្រូវលាយចំណីកូនមាន់ជាមួយកន្ទក់ម៉ត់ឲ្យវាស៊ីរហូតដល់ចង្រិតអាចចាប់យកទៅលក់បាននៅក្នុងអាយុ៤៥ថ្ងៃ។
បើតាម លោក ទូច ភក្ត្រា ការចិញ្ចឹមចង្រិតជាការងារងាយស្រួល ព្រោះនៅកម្ពុជាសម្បូរវត្ថុធាតុដើម ដូចជា កន្ទក់ ស្លឹកឈើ និងចំណីរបស់វា។ ក្រៅពីនេះ ការចិញ្ចឹមចង្រិត មិនទាមទារពេលវេលាច្រើនសម្រាប់ថែទាំវានោះទេ ពោល គឺគ្រាន់តែប្រើពេល២ទៅ៣ម៉ោង ប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។ កសិកររូបនេះ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំគិតថា កសិករដែលគាត់មិនចង់ចំណាកស្រុក ការចិញ្ចឹមចង្រិតហ្នឹង វាល្អសម្រាប់ពួកគាត់ ព្រោះយើងអាចធ្វើការផ្សេងៗបាន។ ការចិញ្ចឹមចង្រិត វាមិនទាមទារឲ្យយើងចំណាយពេលមួយថ្ងៃពេញដើម្បីចង្រិតទេ។ យើងមានពេលកន្លះថ្ងៃ ឬ២ទៅ៣ម៉ោងក្នុងមួយថ្ងៃ គឺយើងអាចចិញ្ចឹមបានហើយ។ ចំពោះចង្រិត ខ្ញុំបង្រៀនគាត់ហើយ ខ្ញុំទទួលទិញយកវិញ ព្រោះបើបង្រៀនកសិករហើយ រកទីផ្សារឲ្យគាត់ទៀត គឺល្អណាស់បច្ចុប្បន្នហ្នឹង»។
បើតាមអតីតនិស្សិតកសិកម្មរូបនេះ លោកមានគម្រោងពង្រីកអាងចង្រិតរបស់លោកឲ្យបាន៥០អាង និងបើកបង្រៀនកសិករ ដើម្បីចូលរួមចំណែកជួយពលរដ្ឋក្រីក្រឲ្យមានជីវភាពធូរធារ និងរួមចំណែកលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា៕