ជាតិ
រដ្ឋបាលក្រុងសៀមរាប នឹងចាប់ផ្តើមធ្វើផ្លូវ៤៥ខ្សែ
× សៀមរាប៖ រដ្ឋបាលក្រុងសៀមរាប នឹងចាប់ផ្តើមធ្វើផ្លូវចំនួន៤៥ខ្សែ ដែលជាគម្រោងក្នុងឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានពន្យារពេលដោយសារភ្លៀងធ្លាក់ច្រើននៅឆ្នាំនេះ។ អភិបាលក្រុងសៀមរាបលោក នួន ពុទ្ធារ៉ា បានឱ្យដឹងថា អាជ្ញាធរនឹងសាងសង់ផ្លូវទាំងនោះជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងលើកសោភ័ណភាពក្រុងសៀមរាបទាំងមូល។
អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បានសុំការយោគយល់ពីបញ្ហាផ្លូវថ្នល់ ដែលនៅតំបន់ខ្លះមានភាពលំបាកក្នុងការធ្វើដំណើរ។ លោកបកស្រាយថា គម្រោងផ្លូវជាច្រើនខ្សែ សុទ្ធសឹងមានផែនការសាងសង់ថ្មីហើយ តែត្រូវរាំងស្ទះឬពន្យារពេលធ្វើដោយសារបញ្ហាអាកាសធាតុ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី គេហទំព័រនិងកម្មវិធីទូរសព្ទវៃឆ្លាតទេសចរណ៍ក្នុងស្រុក និងការអនុវត្តការចុះបញ្ជីស្នាក់នៅទេសចរណ៍អនឡាញសម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ លោក នួន ពុទ្ធារ៉ា លើកឡើងថា៖«សុំឱ្យប្រជាពលរដ្ឋយោគយល់ពីបញ្ហាផ្លូវថ្នល់នៅក្រុងសៀមរាប ដោយសារនីតិវិធីនៃការរៀបចំច្រើន ដោយត្រូវការរៀបចំផែនការហិរញ្ញវត្ថុផង ផែនការលទ្ធកម្មផង ត្រូវធ្វើដាក់ទៅក្រសួងសេដ្ឋកិច្ច ហើយត្រឡប់មកវិញត្រូវរៀបចំផែនការលទ្ធកម្មសាធារណៈ...នីតិវិធីយើងរៀបចំរួចរាល់ រដូវភ្លៀងក៏បានមកដល់ ធ្វើឱ្យយើងខកខានក្នុងការចាប់ផ្តើមស្ថាបនា...»។ គួរបញជាក់ថា សិក្ខាផ្សព្វផ្សាយខាងលើនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ កាលពីដើមខែវិច្ឆិកា។
លោកអភិបាលក្រុងបន្តថា នៅឆ្នាំ២០១៩នេះ ផ្លូវចំនួន៤៥ខ្សែនេះស្ថិតក្រោមគម្រោងថវិការបស់រដ្ឋបាលខេត្ត ដោយមិនរាប់បញ្ចូលផ្លូវក្នុងគម្រោងដែលជួយដោយក្រសួងសាធារណការ និងដឹកជញ្ជូន, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឡើយ។ រដ្ឋបាលក្រុងបានចុះធ្វើការជាមួយប្រជាពលរដ្ឋ និងបានដោះស្រាយផលប៉ះពាល់ ហើយនឹងអនុវត្តន៍ធ្វើនៅពេលភ្លៀងរាំងជាស្ថាពរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក នួន ពុទ្ធារ៉ា ទៅកាន់អ្នកចូលរួមសិក្ខាសាលាប្រមាណ៥០០នាក់។ យ៉ាងណាមិញ លោក នួន ពុទ្ធារ៉ា មិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការស្ថាបនាផ្លូវទាំង៤៥ខ្សែ ថាអាចនឹងរួចរាល់នៅពេលណានោះទេ។
នាយករដ្ឋបាលសាលាខេត្តសៀមរាប លោក សុខ ថុល បានឱ្យដឹងថា ខេត្តមានថវិកានៅក្នុងដៃហើយសម្រាប់គម្រោងស្ថាបនាផ្លូវចំនួន១៧ខ្សែ ក្នុងចំណោម៤៥ខ្សែ ដែលនឹងចាប់ផ្តើមបើកការដ្ឋានជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៣ វិច្ឆកា។ ថ្ងៃទី២៣ អភិបាលខេត្ត លោក ទៀ សីហា នឹងធ្វើជាអធិបតីភាព បើកការដ្ឋានស្ថាបនាផ្លូវចំនួន៣ខ្សែ (២ខ្សែក្នុងសង្កាត់សាលាកំរើក និង១ខ្សែក្នុងសង្កាត់ស្លរក្រាម) ក្នុងចំណោម១៧ខ្សែ ដែលនឹងត្រូវសាងសង់ជាផ្លូវបេតុង និងដាក់លូបង្ហូរទឹកចេញពីក្រុង។ លោក សុខ ថុល មិនអាចបញ្ជាក់ពីទំហំទឹកប្រាក់ក្នុងការសាងសង់ផ្លូវទាំង១៧ខ្សែនោះទេ គ្រាន់តែថាផ្លូវទាំងនោះមានទំហំទទឹងចាប់ពី៦ម៉ែត្រទៅ១១ម៉ែត្រ ដែលជាប្រភេទផ្លូវបេតុង និងចាក់កៅស៊ូ។ លោកបញ្ជាក់ថា គម្រោងថវិកាសាងសង់ផ្លូវគឺមានទំហំច្រើន ត្រូវការចាយពេលយូរ និងឆ្លងកាត់នីតិវិធីស្មុគស្មាញ៕
Tag:
ផ្លូវ
សៀមរាប
នួន ពុទ្ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com