អន្តរជាតិ
អនុ​ប្រធានាធិបតី​ស​.​រ​.​អា​.​បំពេញ​ទស្សនកិច្ច​ទៅ​ប្រទេស​អ៊ីរ៉ាក់​ដោយ​ស្ងាត់ៗ​ដើម្បី​សួរសុខទុក្ខ​ក្រុម​ទាហាន​ស​.​រ​.​អា​.​នៅ​ទីនោះ​
24, Nov 2019 , 1:59 pm        
រូបភាព
លោក​អនុ​ប្រធានាធិបតី Mike Pence និង​ភរិយា​ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​ទ័ពអាកាស Al Asad ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អីរ៉ាក់ និង​រៀបចំ​ពីធីបុណ្យ​ថ្លែង​អំណរ​គុណ​ព្រះ (Thanksgiving)។
លោក​អនុ​ប្រធានាធិបតី Mike Pence និង​ភរិយា​ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​ទ័ពអាកាស Al Asad ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អីរ៉ាក់ និង​រៀបចំ​ពីធីបុណ្យ​ថ្លែង​អំណរ​គុណ​ព្រះ (Thanksgiving)។
ដោយ: VOA
​កាលពី​ថ្ងៃ​សៅរ៍ លោក​អនុ​ប្រធានាធិបតី​ស​.​រ​.​អា​. Mike Pence បាន​ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​មិនបាន​ប្រាប់ឱ្យដឹង​ជាមុន​ក្នុងប្រទេស​អ៊ីរ៉ាក់​ដើម្បី​សួរសុខទុក្ខ​ក្រុម​ទាហាន​ស​.​រ​.​អា​.​នៅ​ទីនោះ​។​

 
​នៅក្រោយ​លោក​ធ្វើដំណើរ​តាម​យន្តហោះ​ទៅដល់​មូលដ្ឋាន​កងទ័ពអាកាស Al-Assad ក្នុង​ប៉ែក​ខាងលិច​នៃ​ប្រទេស​អ៊ីរ៉ាក់​ដោយមាន​ការ​អមដំណើរ​ដោយ​ភរិយា​លោក គឺ​លោកស្រី Karen Pence ផង​នោះ លោក​អនុ​ប្រធានាធិបតី​និង​ភរិយា​លោក​បាន​ជួប​ជាមួយ​ក្រុម​ទាហាន​ស​.​រ​.​អា​.​តាំងទី​នៅ​ទីនោះ​តែ​ប៉ុន្មាន​ថ្ងៃមុន​ថ្ងៃបុណ្យ​រំលឹក​គុណ​ព្រះអាទិទេព​ដែល​ភាសា​អង់គ្លេស​ហៅថា Thanksgiving​។​
 
​លោក Pence ក៏បាន​ជួប​ជាមួយ​លោក Nechirvan Barzani ប្រធានាធិបតី​នៃ​តំបន់ Kurdistan ក្នុងប្រទេស​អ៊ីរ៉ាក់​ដែរ​។​
 
​ជំនួប​នេះ​ជាការ​ប៉ុនប៉ង​មួយ​ដើម្បី​ធានារ៉ាប់រង​ដល់​ក្រុម​ជន​អំបូរ​ឃើ​ដ អ៊ីរ៉ាក់​អំពី​ការគាំទ្រ​របស់​ស​.​រ​.​អា​.​នៅក្រោយ​សេចក្តីសម្រេច​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការដក​ពួក​ទាហាន​អាមេរិកាំង​ចេញពី​ផ្នែក​ខាងជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​រង​ការ​រិះគន់ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ក្បត់​ពួក​សម្ព័ន្ធមិត្ត ឃើ​ដ នៅ​ទីនោះ​។​
 
​លោក Pence និង​ភរិយា​បាន​ពិសារ​អាហារ​ពេលយប់​តាម​ប្រពៃណី​បុណ្យ Thanksgiving ជាមួយ​ពួក​ទាហាន​ស​.​រ​.​អា​.​ដែលមាន​រួមបញ្ចូល​សាច់មាន់​បារាំង​, សាច់​អាំង និង​ផ្លែ cranberry ។​ល​។​
 
​លោក​អនុ​ប្រធានាធិបតី​ក៏បាន​ស្តាប់​ការនិយាយ​ត្រួសៗ​អំពី​ព័ត៌មាន​សម្ងាត់​ពី​កង​យោធា​ស​.​រ​.​អា​. ហើយ​លោក​ក៏បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Adel Abdul Mahdi ផងដែរ​។​
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក Pence មាន​ឡើង​នៅពេល​មាន​បាតុកម្មហិង្សា​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែល​បានចាប់ផ្តើម​កាលពី​ខែតុលា​។ បើតាម​ប្រភព​យោធា​អ៊ីរ៉ាក់​និង​ពួក​សកម្មជន​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​សុក្រ​មាន​មនុស្ស​បីនាក់​បាន​ត្រូវ​សម្លាប់ និង​ជាង​២៤​នាក់​ទៀត​បាន​ត្រូវរបួស​នៅពេល​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​ប៉ះទង្គិច​ជាមួយ​ពួក​បាតុករ​នៅ​កណ្តាល​ក្រុង​បា​កដាដ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com