ជាតិ
សម្ដេច ស ខេង អំពាវនាវឲ្យពលរដ្ឋចូលរួមមតិល្អៗ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
× គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាដ៏ធំមួយរបស់សង្គមកម្ពុជា។ ដូចនេះហើយកន្លងមក ក៏ដូចជាសព្វថ្ងៃនេះ គេសង្កេតឃើញមហាជនតែងមានកង្វល់ និងមួយចំនួនបានបញ្ចេញមតិផ្សេងៗតាមរយៈសារព័ត៌មាន បណ្ដាញសង្គមជាដើមជុំវិញបញ្ហានេះ។ មិនតែប៉ុណ្ណោះការបញ្ចេញមតិជារូបភាពការទូន្មានអប់រំ ក្នុងគ្រួសារ និងសាលារៀនជាអាទិ៍ ក៏មានផងដែរ។
ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង ក្រៅពីអំពាវដល់អ្នកបើកបរ ឲ្យគោរពច្បាប់ សម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ក្នុងន័យស្ថាបនា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោករូបនេះបានថ្លែងដូច្នេះថា៖«អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងឡាយ ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ហើយនិងផ្ដល់មតិយោបល់ល្អៗក្នុងន័យស្ថាបនា ដើម្បីយើងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍»។ ការថ្លែងរបស់សម្ដេចធ្វើឡើងក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ ។
ប្រសាសន៍សម្ដេច ស ខេង ៖
ឧបនាយករដ្ឋមន្ត្រីសម្ដេច ស ខេង លើកឡើងថា រដ្ឋាភិបាលនឹងខិតខំទប់ស្កាត់ មិនឲ្យអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដល់ ៣០០០នាក់នោះទេ គឺធ្វើយ៉ាងណាឲ្យនៅក្រោមសន្ទស្សន៍របស់អង្គការសហប្រជាជាតិដែលបានដាក់ចំនួន ៣០០០នាក់នៅត្រឹមឆ្នាំ២០៣០ ។ កាលពីឆ្នាំ២០១៨ អត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៥០០នាក់ ហើយក្នុងអំឡុង១០ខែឆ្នាំនេះមានចំនួនជាង ១៦០០នាក់ ដែលត្រឹមបំណាច់ឆ្នាំនេះត្រូវបានប៉ាន់ស្មានថាអត្រានេះនៅជិត២០០០នាក់។ សម្ដេចថ្លែងថា កម្ពុជាមិនត្រឹមតែឲ្យតួលេខអត្រាអ្នកស្លាប់ នៅទាបជាងសន្ទស្សន៍ប៉ុណ្ណោះទេ តែចង់ឲ្យនៅក្រោមតួលេខសព្វថ្ងៃនេះទៅទៀត៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com