អន្តរជាតិ
ប្រមុខ​ការទូត​ចិន​៖ អាមេរិក​ជា​ប្រភព​បង្ក​អស្ថិរភាព​ធំជាងគេ​លើ​ពិភពលោក​
24, Nov 2019 , 8:19 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា បាន​និយាយ​វាយប្រហារ​អាមេរិក​ជា​ប្រភព​បង្ក​អស្ថិរភាព​ធំជាងគេ​លើ​ពិភពលោក ហើយ​តែងតែ​វាយប្រហារ​ចិន​ដោយ​គ្មាន​ភស្តុតាង​ជាក់លាក់​។ លោក វ៉ាង យី វាយប្រហារ​អាមេរិក​ចំៗ​បែបនេះ​នៅឯ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង​២០ នៅ​ទឹកដី​ជប៉ុន​។

 
 
​នា​ជំនួប​ជាមួយ​ប្រមុខ​ការទូត​ហូ​ឡង់ Stef Blok នៅក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ (G20) ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​រិះគន់​អាមេរិក​ចំៗ​ដោយ​មិនបាន​ទុក​មុខ​អ្វី​ឡើយ​។ សព្វថ្ងៃ អាមេរិក និង​ចិន កំពុង​ជាប់ផុង​គ្នា​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​រក​ច្រកចេញ​មិនទាន់​ឃើញ បញ្ហា​សិទ្ធិមនុស្ស បញ្ហា​នៅ​ហុងកុង និង​សំណុំរឿង​ចាស់​នៅ​តៃវ៉ាន់​ដែល​អាមេរិក​បន្ត​គាំទ្រ​ដែន​កោះ​មួយ​នេះ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក វ៉ាង យី ដែលជា​ទីប្រឹក្សា​រដ្ឋ​ផង​នោះ បាន​ប្រា​ប់លោក Blok នា​ជំនួប​នៅ Nagoya ថា អាមេរិក កំពុង​អនុវត្ត​គោលការណ៍​ឯកតោភាគី​និយម និង​គាំពារ​និយម​យ៉ាង​ទូលំទូលាយ ហើយក៏​កំពុង​បំផ្លាញ​ពហុភាគី​និយម ក៏ដូចជា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និយម​ផងដែរ​។ ប្រមុខ​ការទូត​ចិន​បន្តថា​៖ «​អាមេរិក​ក៏​ក្លាយជា​កម្លាំង​បង្ក​អ​សិ្ថ​រ​ភាព​ធំជាងគេ​លើ​ពិភពលោក​ផងដែរ​។​»
 
​មិន​អស់​ត្រឹម​នេះឡើយ លោក វ៉ាង យី ក៏​បន្ត​រិះគន់​អាមេរិក​ទៀតថា ក្រោម​គោលដៅ​នយោបាយ អាមេរិក​ក៏​ប្រើប្រាស់​ឧបករណ៍​រដ្ឋ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​ក្រុមហ៊ុន​ស្របច្បាប់​របស់​ចិន ហើយ​ចោទប្រកាន់​ពួកគេ​ដោយ​គ្មាន​មូលដ្ឋាន​ទៀតផង​។ លោក វ៉ាង យី ទំនង​ចង់​សំដៅ​ដល់​ករណី​អាមេរិក​រឹតត្បិត​ការរកស៊ី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei និង ZTE ជាដើម​ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​។ ក្រោយមក អាមេរិក​បាន​បន្ធូរ​កា​ររ​រឹតត្បិត​នេះ​បន្តិច​។ 
 
«​អ្នកនយោបាយ​អាមេរិក​ខ្លះ បានធ្វើ​យុទ្ធនា​ការប្រឆាំង​ចិន​គ្រប់​ទីកន្លែង​លើ​ពិភពលោក ប៉ុន្តែ​មិនបាន​បង្កើត​ភស្តុតាង​អ្វី​ឡើយ​។​» នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​ការទូត​ចិន ហើយ​បន្តទៀតថា ក្រុង​វ៉ាស៊ីនតោន ក៏​ប្រើប្រាស់​ច្បាប់​ក្នុងស្រុក​របស់ខ្លួន​ដើម្បី​ជ្រៀតជ្រែក​ដោយ​ចំហ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន តាមរយៈ​ការ​ព្យា​យម​បំផ្លាញ​គោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» និង​ស្ថិរភាព ក៏ដូចជា​វិបុលភាព​នៅ​ហុងកុង​។ 
 
​និយាយ​រឿង​ហុងកុង​នេះ ចិន​ទំនង​មិនទាន់​បាត់​ក្ដៅស្លឹកត្រចៀក​ផង បន្ទាប់ពី​សភា​ទាំងពីរ​របស់​អាមេរិក​ទើប​អនុម័ត​ច្បាប់​មួយ​ស្ដីពី​ហុងកុង​។ បច្ចុប្បន្ន សេចក្ដីស្នើច្បាប់​នេះ ស្ថិតក្នុង​ដៃ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ រង់ចាំ​ហត្ថលេខា​មុននឹង​ក្លាយជា​ច្បាប់​។ យ៉ាងណាមិញ លោក ត្រាំ ហាក់​រារែក​ក្នុងការ​ចុះហត្ថលេខា ដ្បិត​អាច​ប៉ះពាល់​ដល់​ការចរចា​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​៕  

Tag:
 ចិន​
  អាមេរិក​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com