អន្តរជាតិ
សិង្ហ​បុរី លើកទឹកចិត្ត​ឲ្យ​ប្រជាជន​អាស៊ី ស្វែងយល់​ពី​តំបន់​ខ្លួន​ឲ្យ​បាន​ច្រើន ចៀសវាង​ការអនុវត្ត​គោលនយោបាយ​លម្អៀង​
24, Nov 2019 , 7:39 pm        
រូបភាព
ដោយ:
​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី លោក Heng Swee Keat តាមរយៈ​វេទិកា​ក្នុង​តំបន់​មួយ​បាន​វាយតម្លៃ​ខ្ពស់​ពី​សក្តានុពល និង​ការអភិវឌ្ឍ​នៅ​តំបន់​អាស៊ី ជាពិសេស​តំបន់​អាស៊ាន​ដែល​ទាំង​ប្រជាជាតិ​អាស៊ី និង​ប្រជាជាតិ​ខាងក្រៅ មិនគួរ​មើលរំលង ឬ​មើលស្រាល​ឡើយ​។ មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​សិង្ហ​បុរី​រូបនេះ បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាជាតិ​អាស៊ី យល់ដឹង​ពី​ខ្លួនឯង​ឲ្យ​បាន​ច្រើន​ដើម្បី​បញ្ជៀ​ស​ការអនុវត្ត​គោលនយោបាយ​លម្អៀង​ណាមួយ​។

 
​នា​កិច្ចសន្ទនា​ប្រចាំឆ្នាំ​ស្តីពី​ចក្ខុវិស័យ​សកល ដែល​រៀបចំ​ដោយ The Straits Times នៅ​ថ្ងៃ​២២ វិច្ឆិកា លោក​ឧបនាយករដ្ឋមន្ត្រី Heng Swee Keat បាន​លើកតម្កើង​តំបន់​អាស៊ី ដែល​ប្រជាជន​ទូទៅ​ជាពិសេស​ប្រជាជន​ក្នុង​តំបន់​គួរស្វែងយល់​ឲ្យ​បាន​ច្រើនជាង​នេះ​។ សម្រាប់​លោក អាស៊ី ជាពិសេស​អាស៊ាន​តែម្តង មិនមែនជា​បណ្តុំ​រដ្ឋ​តូច​នោះទេ តែ​គឺជា​ក្រុម​មួយ​ដ៏​មាន​សក្តានុពល​ដែល​អាចជួយ​ដោះស្រាយ​ភាព​តានតឹង​ពិភពលោក​បាន​។​
 
​ដើម្បី​បញ្ជាក់​ពី​ការវាយតម្លៃ​ខ្ពស់​លើ​តំបន់​អាស៊ី លោក Heng បាន​លើកយក​ពី​ការអនុវត្ត​ជាក់ស្តែង​ពេល​លោក ធ្វើជា​រដ្ឋមន្ត្រី​អប់រំ​សិង្ហ​បុរី​អំឡុង​ឆ្នាំ​២០១១-២០១៥​។ លោក រៀបរាប់ថា មន្ត្រី​របស់លោក បាន​លើកសំណើ​កញ្ចប់​ថវិកា​ធំ​មួយ​សម្រាប់​សិស្ស​និស្សិត​បំពេញ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​អាមេរិក និង​អឺរ៉ុប ក៏ប៉ុន្តែ​លោក បដិសេធ ដោយ​លោក ចង់​ឲ្យ​ក្រុមសិស្ស​និស្សិត​ទាំងនោះ​ស្វែងយល់​ពី​អាស៊ី​ឲ្យ​បាន​ច្រើនជាង​នេះ​។ 
 
​លោក បន្ថែមថា ប្រជាជន​ក្នុង​តំបន់​ភាគច្រើន​គិតថា​ខ្លួនឯង បាន​យល់ច្បាស់​ពី​អ្នកជិតខាង​របស់ខ្លួន​ក្នុង​តំបន់ តែ​ការពិត មិនមែន​ដូច្នោះ​ឡើយ​។ លោក សង្កត់ធ្ងន់ថា នៅពេល​អាស៊ាន​រួមគ្នា​តែមួយ មិនមែនជា​ក្រុម​តូច​ឡើយ ហើយ​អាស៊ាន​អាចធ្វើ​ការរួម​គ្នា​ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​មហាអំណាច​ពិភពលោក ជាពិសេស​នោះ​ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​ជាដើម​។ 
 
​លោក Heng បានកំណត់​សម្គាល់ថា​ប្រសិនបើ​យើង​មើល​ការវិវត្ត​របស់​អាស៊ាន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ប្រៀបដូចជា​ជំហាន​ខ្ច​ង​យ៉ាង​ដូច្នេះ​ឯង ក៏ប៉ុន្តែ​ប្រសិនបើ​យើង​មើល​អាស៊ាន​រយៈ​ពេ​មួយ​ទសវត្សរ៍​នោះ យើង​នឹង​ឃើញ​ពី​ការវិវត្តន៍​ដ៏​ធំធេង​ដែល​អាស៊ាន​សម្រេចបាន​។ 
 
​ទោះ​មើល​ពី​ការវិវត្ត​វិជ្ជមាន​របស់​តំបន់​បែបនេះ​ក្តី តាមរយៈ​វេទិកា​ដដែល​នោះ លោក Heng ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្វើជា​អ្នក​បន្តវេន​តំណែង​របស់​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី Lee Hsein Loong នៅតែ​ឃើញ​អាស៊ាន មានការ​សហការគ្នា​ខ្លាំង​ជាង​នេះ​ដើម្បី​បង្កើត​ស្តង់ដារ​រួមមួយ​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេវាកម្ម និង​របាំង​ពន្ធគយ​ជាដើម​។ 
 
​លោក អះអាងថា ទោះ​អាស៊ាន មិនទាន់​រួចរាល់​ក្នុង​ការបង្កើត​រូបិយវត្ថុ​រួមមួយ​បាន​ក៏ដោយ ក៏ប៉ុន្តែ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល អាស៊ាន អាច​សម្រេចបាន​លទ្ធផល​វិជ្ជមាន​រួម​ជាច្រើន​៕ 
 

Tag:
 សិង្ហ​បុរី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com