អន្តរជាតិ
ប្រទេស​វៀតណាម​រៀប​ផែនការ​ដើម្បី​ការពារ​ការទាមទារ​ចំណែក​សមុទ្រ​ចិន​ខាងត្បូង ដោយ​ប្រើប្រាស់​នាវា​នេសាទ​ដែលមាន​កម្លាំង​ខ្លាំង​ជាង​មុន​
25, Nov 2019 , 1:39 pm        
រូបភាព
ទូក​នេសាទ​របស់​វៀតណាតម​ស្ថិត​នៅ​ឆកសមុទ្រ Cam Ranh ប្រទេស​វៀតណាម។
ទូក​នេសាទ​របស់​វៀតណាតម​ស្ថិត​នៅ​ឆកសមុទ្រ Cam Ranh ប្រទេស​វៀតណាម។
ដោយ: VOA
​ហូជីមិញ ៖  ​ទូក​នេសាទ​វៀតណាម​បានធ្វើ​ការនេសាទ​នៅ​ខាងក្រៅ​ដែនទឹក ដែល​ជួនកាល​អាជ្ញាធរ​ម៉ាឡេស៊ី និង​ហ្វីលីពីន​ប្រទះឃើញ​ពួកគេ​។ ឥឡូវនេះ​ទីភ្នាក់ងារ​រដ្ឋ​វៀតណាម​ចាប់ផ្តើម​គោរព​តាម​គោលការណ៍​រយៈពេល​វែង​មួយ​ដែល​អ្នកវិភាគ​និយាយថា អាច​នឹង​បង្កើន​ការប្រើប្រាស់​កប៉ាល់​នេសាទ​របស់​វៀតណាម​ដើម្បី​អះអាង​លើ​អធិបតេយ្យភាព​ទៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ជម្លោះ​ជាមួយនឹង​រដ្ឋាភិបាល​៥​ប្រទេស​ផ្សេងទៀត​។​

 
​សារព័ត៌មាន​ក្នុងស្រុក​មួយ​ឈ្មោះថា VnExpress International បាន​រាយការណ៍​ថា ផែនការ​ពង្រឹង​ការនេសាទ​នៅត្រឹម​ឆ្នាំ​២០៣០​ត្រូវបាន​ធ្វើឡើង​តាម​សេចក្តីសម្រេច​មួយ​ដែល​ត្រូវបាន​គណៈកម្មាធិការ​ប​ក្ស​កុំម្មុយនិស្ត​វៀតណាម​អនុម័ត​កាលពី​ឆ្នាំមុន​។ សេចក្តីសម្រេច​នោះបាន​អំពាវនាវ​ឲ្យ​មាន «​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែនសមុទ្រ​ប្រកបដោយ​និរន្ត​ភាព​» និង​ការបោះ​ជំហាន​ទៅមុខ​ដើម្បី​ក្លាយ «​ជា​ប្រទេស​ដែនសមុទ្រ​ដ៏​មានអំណាច​មួយ​»​។​
 
​បំណង​របស់​វៀតណាម​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​លើកឡើង​នៅក្នុង​ចំណោម​មេដឹកនាំ​នៃ​ប្រទេស​ទាំង​១០​នៅ​អាស៊ីអាគ្នេយ៍​នៅ​ក្ន​ងុ​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់ខ្លួន​។​
 
​ប្រទេស​វៀតណាម​នឹងធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន នៅក្នុង​ឆ្នាំ​២០២០ ហើយនឹង​មានអំណាច​ច្រើនជាង​មុន​លើ​ការសម្រេចចិត្ត​របស់ខ្លួន​។​
 
​លោក Nguyen Thanh Trung ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​នៅក្នុង​ក្រុង​ហូជីមិញ​បាន​និយាយថា ផ្នែក​នៃ​យុទ្ធសាស្ត្រ​នេះ​គឺ​ត្រូវ​អភិវឌ្ឍ​កប៉ាល់​នេសាទ «​ដ៏​ខ្លាំងក្លា​មួយ​»​។ ប្រសិនបើ​មានការ​ប្រឆាំង​នោះ ក្រុមមន្ត្រី​នឹង​និយាយថា កប៉ាល់​នោះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​គោលដៅ​ស៊ីវិល​តែប៉ុណ្ណោះ​។​
 
​លោក Collin Koh អ្នក​ស្រា​ជ្រាវ​កិច្ចការ​សន្តិសុខ​ដែនសមុទ្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុងប្រទេស​សិង្ហ​បុរី​និយាយថា «​ខ្ញុំ​អាច​និយាយថា វា​ជា​យុទ្ធសាស្ត្រ​នយោបាយ​ឆ្លាត​វៃ ដោយសារតែ​នៅ​ទីបញ្ចប់ គេ​នឹង​ប្រើ​ក្រុម​អ្នកនេសាទ​ទាំងនោះ ដើម្បី​បញ្ជាក់​អះអាង​ពី​ដែន​អធិបតេយ្យភាព​របស់​ពួកគេ ដោយ​និយាយថា ពួកគេ​ទៅ​នេសាទ​នៅទីនេះ​យូរ​មកហើយ​។ ពួកគេ​មិនមែនជា​មន្ត្រី​យោធា​នោះទេ ពីព្រោះ​ខ្ញុំ​គិតថា ពួកគេ​នឹងមិន​ពាក់​ឯកសណ្ឋាន​នោះទេ នៅពេល​ពួកគេ​ប្រតិបត្តិការ​នៅ​ទីនោះ​»​។​
 
​កប៉ាល់​នេសាទ​ដែល​ខ្លាំង​ជាង​
 
​ច្បាប់​មួយ​ដែល​ត្រូវ​បានអនុម័ត​កាលពី​១០​ឆ្នាំមុន​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​សម្រាប់​ឆ្នាំ​២០៣០​នេះ​ចាប់ផ្តើម​។ ច្បាប់​នេះ​លើកឡើង​ពី​ការការពារ​របស់​យោធា​ដល់ក​ប៉ាល់​នេសាទ​វៀតណាម​ក្នុង​គោលបំណង​ការពារ​ខ្លួន​។ ៥​ឆ្នាំក្រោយ ប្រទេស​វៀតណាម​បានចេញ​ផ្សាយ​នូវ​ពិធីសារ​មួយ​ដែល​មានបំណង​ជួយ​ដល់​អ្នកនេសាទ​ដែល​បានធ្វើ​កប៉ាល់​នេសាទ​ធំ​ជាង​មុន ដើម្បី​មានលទ្ធភាព​ចូលទៅ​នេសាទ​នៅ​តំបន់​ឆ្ងាយៗ​នៃ​ដែនសមុទ្រ​។​
 
​ការសិក្សា​ស្រាវជ្រាវ​មួយ​ធ្វើឡើង​ដោយ​សាលា S. Rajaratnam សម្រាប់​ការសិក្សា​អន្តរជាតិ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​បាន​រកឃើញថា ធនាគារ​វៀតណាម​បានផ្តល់​ប្រាក់កម្ចី​ចំនួន​១៧៦​លាន​ដុល្លារ​ទៅ​ឲ្យ​អ្នកនេសាទ​ដើម្បី​បង្កើន​សមត្ថភាព​កប៉ាល់​នេសាទ​ប្រមាណ​ជា​៤០០​កប៉ាល់​។ អ្នកនេសាទ​ជាង​១០.០០០​នាក់​នៅក្នុង​ខេត្ត​មួយ​ទទួលបាន​កាំភ្លើងខ្លី និង​កែវ​យឺត​សម្រាប់​មើល​ពេលយប់​។​
 
​លោក Nguyen បាន​និយាយថា នៅត្រឹម​ឆ្នាំ​២០៣០ រដ្ឋាភិបាល​អាច​នឹង​បង្កើត​ទីភ្នាក់ងារ​មួយ​ដើម្បី​អនុវត្ត​ផែនការ និង​ស្វែងរក​អ្នកជំនាញ​ដើម្បី​ឲ្យ​ជួយ​។ លោក​បន្ថែមថា នៅពេលនេះ ក្រុមមន្ត្រី​ខ្វះ​ការសហការ និង «​ផែនការ​ជាក់លាក់​»​។ លោក Nguyen បាន​បន្ថែមថា ការឧបត្ថម្ភ​ប្រេងឥន្ធនៈ​សម្រាប់​ទូក​នេសាទ​ជា​ជម្រើស​មួយ ដែល​វា​ដូចនឹង​ការការពារ​ដោយ​ឆ្មាំ​សមុទ្រ​ដ៏​ខ្លាំងក្លា​អ៊ីចឹង​ដែរ​។​
 
​ទស្សនា​វ​ដ្តី​អន​ឡាញ​ឈ្មោះថា វេទិកា​ច្បាប់ និង​ច្បាប់​វៀតណាម​បាន​រាយការណ៍​ថា វារីវប្បកម្ម និង​ការនេសាទ ព្រមទាំង​វិស័យ​ផ្សេងៗ​នៅតាម​ឆ្នេរសមុទ្រ​វៀតណាម​ដែលមាន​ប្រវែង​៣.៥០០​គ​.​ម​នឹង​ឃើញ​មាន «​ការរីកចម្រើន​ខ្លាំង​» នៅត្រឹម​ឆ្នាំ​២០៣០​។ របាយការណ៍​នេះ​សរសេរថា «​សកម្មភាព​នេសាទ​នឹងត្រូវ​បាន​គេ​រៀបចំ​ឡើងវិញ​ដើម្បី​កាត់បន្ថយ​ការនេសាទ​នៅក្បែរ​ឆ្នេរ បង្កើន​ការនេសាទ​នៅ​សមុទ្រ​ទឹក​ជ្រៅ និង​ការនេសាទ​នៅ​មហាសមុទ្រ ហើយ​សេវាកម្ម​ដឹកជញ្ជូន​ទិន្នផល​នេសាទ​នឹង​ត្រូវបាន​គេ​រៀបចំ​បាន​យ៉ាង​ល្អ​»​។​
 
​សញ្ញា​គន្លឹះ​ពី​ប្រទេស​ចិន​
 
​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​រាយការណ៍​ថា របៀបវារៈ​ឆ្នាំ​២០៣០​មិនមាន​លើកឡើង​ពី «​យោធា​» នេសាទ​នោះទេ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា នឹងមាន​លទ្ធផល​បែប​នោះ​កើតឡើង​។ ពួកគេ​និយាយថា ការប្រើប្រាស់​កប៉ាល់​នេសាទ​របស់​វៀតណាម​ដើម្បី​ការពារ​ការទាមទារ​ដែ​ន​សមុទ្រ​របស់ខ្លួន​នឹងធ្វើ​ឡើង​បន្ទាប់ពី​ចិន​ដែលជា​អ្នក​នាំមុខគេ​ក្នុងការ​ធ្វើ​ដូច្នេះ​។​
 
​លោក Nguyen បាន​និយាយថា «​ខ្ញុំ​គិតថា យុទ្ធសាស្ត្រ​ដែនសមុទ្រ​របស់​វៀតណាម​ភាគច្រើន​យកតាម​អ្វីដែល​រដ្ឋាភិបាល​ចិន​កំពុងតែ​ធ្វើ ឧទាហរណ៍​ដូចជា​នៅពេល​ពួកគេ​កំពុង​រុញច្រាន​អំណាច​ខ្លាំង​ជ្រុល និង​នៅពេលដែល​ពួកគេ​បញ្ជូន​កប៉ាល់​នេសាទ​ទៅ​ភាគខាងត្បូង​»​។​
 
​អ្នកនិពន្ធ​គឺ​លោក Andrew Erickson និង​លោក Conor Kennedy បាន​សរសេរ​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៩​ថា យុទ្ធសាស្ត្រ «​យោធា​ដែនសមុទ្រ​» របស់​ចិន​បានចាប់ផ្តើម​អនុវត្ត​តាំងពី​ឆ្នាំ​១៩៥០​មក​។​
 
​របាយការណ៍​នៃ​ការសិក្សា​ស្រាវជ្រាវ​នោះ​សរសេរថា កងទ័ព​រំដោះប្រជាជន​ចិន​បានបង្ហាញ «​ការប្រើប្រាស់​មុន​» នូវ​កប៉ាល់​ស៊ីវិល​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ​។​
 
​លោក Nguyen បាន​និយាយថា «​វៀតណាម​ចង់​ប្រឈមមុខ​ជាមួយនឹង​ចិន ដោយ​ប្រើប្រាស់​សមាសភាព​អ្នកនេសាទ​វៀតណាម​ដែល​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ទីតាំង​នេសាទ ដែល​ពួកគេ​ធ្លាប់​ទៅ​នេសាទ​ពីមុន​នៅ​សមុទ្រ​ចិន​ខាងត្បូង​»​។​
 
​នាវា​ស្រាវជ្រាវ និង​ការដ្ឋាន​បូម​ប្រេង​របស់​ចិន​ក៏មាន​វត្ត​មាននៅ​ដែនទឹក​ដែល​ទាមទារ​ដោយ​វៀតណាម ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ ប្រទេស​ប្រ៊ុយណេ ចិន ម៉ាឡេស៊ី ហ្វីលីពីន និង​តៃវ៉ាន់​មាន​ជម្លោះ​លើ​ផ្នែក​ខ្លះ ឬ​ទាំង​អស់នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ទំហំ​៣​លាន​៥​សែ​នគ​.​មកា​រ៉េ និង​សម្បូរ​ទៅដោយ​ធនធាន​ជលផល និង​ថាមពល​។​
 
​សកម្មភាព​ដែនសមុទ្រ​របស់​ចិន​បានធ្វើ​ឲ្យ​វៀតណាម​ខឹងសម្បា ជាពិសេស​ដោយសារតែ​ចិន​បាន​គ្រប់គ្រង​ប្រជុំ​កោះ Paracel ដែលមាន​កោះ​ចំនួន​១៣០​។ ភាគី​ទាំងពីរ​បានទាមទារ​យ​ក​ប្រជុំ​កោះ​នេះ​ដូចគ្នា និង​មាន​ភាព​រកាំរកូស​នឹង​គ្នា​តាំងពី​ទសវត្សរ៍​១៩៧០​ដោយសារ​អធិបតេយ្យភាព​ដែនសមុទ្រ​។​
 
​ហានិភ័យ​នៃ​ការចាប់ខ្លួន​
 
​លោក Nguyen បាន​និយាយថា អ្នក​បើកទូក​នេសាទ​វៀ​ត​ណា​ម​មួយចំនួន​បារម្ភ​ថា ផែនការ​ឆ្នាំ​២០៣០​អាច​នឹងធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង ដែល​អាច​ត្រូវ​កប៉ាល់​បរទេស​ឃាត់​ទូក​របស់​ពួកគេ​នៅលើ​ដែនសមុទ្រ​នេះ​។​
 
​លោក Oh Ei Sun អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​សិង្ហ​បុរី​សម្រាប់​កិច្ចការ​អន្តរជាតិ​និយាយថា ទូក​ដែល​ធ្វើដំណើរ​ជាប្រចាំ​ទៅ​សមុទ្រ Sulu ដែល​គ្រប់គ្រង​ដោយ​ម៉ាឡេស៊ី និង​ហ្វីលីពីន​ក៏​ប្រឈមមុខ​នឹង​ការចាប់ខ្លួន​ផងដែរ​។ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ដែនសមុទ្រ​ម៉ាឡេស៊ី​បាន​ឃាត់ខ្លួន​អ្នកបើក​ទូក​នេសាទ​ជាច្រើន​កាលពី​ឆ្នាំមុន រួមទាំង​ទូក​ចំនួន​១២៣​គ្រឿង ដែល​ត្រូវបាន​គេ​ឃាត់​នៅក្នុង​ខែឧសភា​ផងដែរ​។​
 
​លោក Oh បាន​និយាយថា ផែនការ​របស់​វៀតណាម​ក្នុងការ​បង្កើត​យោធា​នេសាទ​អាច​នឹង​បង្ហាញថា «​ពួកគេ​ពិតជា​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​»​។​
 
​លោក​បាន​និយាយថា «​មាន​អ្នកនេសាទ​វៀតណាម​ដែល​ធ្វើដំណើរ​ទៅ​សមុទ្រ Sulu និង​ឆ្លង​ចូល​ដែនទឹក​របស់​ម៉ាឡេស៊ី និង​ហ្វីលីពីន និង​ប្រទេស​ផ្សេងទៀត ដូច្នេះ​នេះ​គ្រាន់តែ​ជា​ដំណើរការ​ផ្លូវការ និង​ប្រហែលជា​ការពង្រីក​បន្ថែម​ពីអ្វី ដែល​ពួកគេ​កំពុង​ធ្វ‍ើ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com