ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ខ្លីៗ​ដើម្បី​ទទួលបាន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ច្រើន​ក្នុង​ឈាម​
26, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យើង​កុំ​ផ្តោត​សំខាន់​តែ​ក្នុង​រឿង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​តែមួយ​មុខ​អី យក​ល្អ​គួរតែ​គិត​អំពី​ការប្រែប្រួល​រវាង​មធ្យម​ភាព​នៃ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ (HDL) និង កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ (LDL) ផង​។ ​ជាទូទៅ​គេ​និយាយថា កាលណា​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ខ្ពស់ វា​នឹងធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ចុះ​ទាប​ហើយ​។ តែ​បើសិនជា​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ឡើង​ខ្ពស់​វិញ អ្នក​ប្រហែលជា​ប្រឈម​ខ្លាំង​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ជាមិនខាន​។​យ៉ាណា​មិញ មនុស្ស​មួយចំនួន​ដែលមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ខ្លួន​ច្រើន​ស្រាប់​នោះ អ្នក​គួរតែ​អរគុណ​ដល់​ឪពុកម្តាយ​អ្នក​ទៅ​។​


 
​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​ខ្លីៗ និង​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​៖
 
​មាន​ភាព​សកម្ម​ខាង​រាងកាយ​
 
​រាល់​ការធ្វើ​លំ​ហាត់ប្រាណ​ទាំងអស់​សុទ្ធតែ​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន​ទាំងអស់​។ មិន​ខ្វល់​ថា វា​ជាការ​ថែរ​សួន ជូត​សម្អាតផ្ទះ វាយ​សី ជិះ​កង់ ឬ​រាំ​ទេ សុទ្ធ​តែមាន​ប្រយោជន៍​ទាំងអស់​។ អ្នកជំនាញ​និយាយថា អ្នក​គួរតែ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​បន្ថែម​ផង​។ 
 
​ឈប់​ជក់បារី​
 
​មនុស្ស​គ្រប់គ្នា​ដែលមាន​ទម្លាប់​ជក់បារី ពិតជា​ទម្លាប់​អាក្រក់​មួយ​សម្រាប់​សុខភាព​។ មាន​ហេតុផល​ច្រើនណាស់​ដែល​គេ​ចាត់ទុក​វា​ជា​ទម្លាប់​អាក្រក់ នោះ​គឺ​ធ្វើ​ឲ្យ​សរសៃឈាម​អាក់ទែ​ស្ទះ​។ ប៉ុន្តែ​កាលណា​អ្នក​ជប់​ជក់បារី​ហើយ​នោះ អ្នកនឹង​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​កាន់តែច្រើន​ទៅវិញ​។ 
 
​បន្ថយ​ការ​ញ៉ាំ​ផ្អែម​
 
​ការសិក្សា​បញ្ជាក់ថា អ្នក​ដែល​ញ៉ាំ​អាហារ​ផ្អែម​ច្រើន​នឹងមាន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អៗ​តិច​ទៅវិញ​។ ដូច្នេះ​យក​ល្អ​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ផ្អែម​បើសិនជា​អ្នក​ចង់​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​មិន​ចង់​មាន​ជំងឺ​បេះដូង​។ 
 
​ញ៉ាំ​អាហារ​ពណ៌​ស្វាយ​
 
​បន្លែ និង​ផ្លែឈើ​ដែលមាន​ពណ៌​ស្វាយ​ពោរពេញ​ទៅដោយ​សារធាតុ Anthocyanins ដែលជា​ថ្នាំ​បំពាក់​ពណ៌​របស់​ធម្មជាតិ តែ​វា​គឺជា​ជីវជាតិ​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អាហារ​មាន​ពណ៌​ស្វាយ​មានដូចជា ទំពាំងបាយជូ ស្ពៃក្តោប​ពណ៌​ស្វាយ ឬ​ត្រប់វែង​។ 
 
​ត្រី​សម្បូរ​ខ្លាញ់​
 
​ដើម្បី​ទទួលបាន​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ខ្លួន​ច្រើនយ៉ាង​មាន​ប្រសិទ្ធភាព ទាល់តែ​ញ៉ាំ​ត្រី​ដែល​សម្បូរ​ជាតិ​ខ្លាញ់​។ ត្រី​ទាំងនោះ​មានដូចជា ត្រី​ធូ​ណា សាល​ម៉ុង ឬ​សា​ឌី​ន​ជាដើម​។​
 
​ញ៉ាំ​ស្រាក្រហម​
 
​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ផ្សេងទៀត​ក្នុងការ​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ខ្លួន​គឺ​ការ​ញ៉ាំ​ស្រាក្រហម​។ ភេសជ្ជៈ​មួយ​នេះ​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ច្រើន​ដែល​អាច​បង្ការ​ជំងឺ​បេះដូង​បាន​។ ចំពោះ​បុរស​គួរតែ​អាច​ញ៉ាំ​រហូតដល់ ២​កែវ​ក្នុង​មួយថ្ងៃ ជា​រៀងរាល់ថ្ងៃ ចំណែក​ស្ត្រី​ត្រឹម​តែមួយ​កែវ​បាន​ហើយ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com