អន្តរជាតិ
កិច្ចប្រជុំ​ពិសេស​កូរ៉េខាងត្បូង​-​អាស៊ាន នឹង​រឹតបន្តឹង​ទំនាក់ទំនង​ទ្វេភាគី​ទាំងពីរ​
25, Nov 2019 , 6:39 pm        
រូបភាព
ប៉ូលិសកូរ៉េខាងត្បូងឈរយាមទីតាំងជំនួបកូរ៉េខាងត្បូង-អាស៊ាននៅប៊ូសាន។ រូបភាព​ AFP
ប៉ូលិសកូរ៉េខាងត្បូងឈរយាមទីតាំងជំនួបកូរ៉េខាងត្បូង-អាស៊ាននៅប៊ូសាន។ រូបភាព​ AFP
​កិច្ចប្រជុំ​ពិសេស​មួយ​រវាង​កូរ៉េខាងត្បូង និង​អាស៊ាន ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នឹង​ចាប់ផ្តើម​ហើយ​នៅ​ទីក្រុង​កំពង់ផែ​ប៊ូសាន នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ដើម្បី​រឹតចំណង​មិត្តភាព​ទ្វេភាគី និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ថែមទៀត តាមរយៈ​គោលនយោបាយ​សម្លឹង​ទៅ​ភាគខាងត្បូង​ថ្មី ឬ New Southern Policy​។


 
​ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ ក្នុងឋានៈ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន ប្រធានាធិបតី​កូរ៉េខាងត្បូង​មូ​ន ចេ​អ៊ី​ន បាន​អញ្ជើញ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​របស់​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ឲ្យ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​កូរ៉េខាងត្បូង នៅ​ទីក្រុង​ប៊ូសាន​។ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន អវត្តមាន​ពី​ជំនួប​នេះ​ដោយសារ​គ្រួសារ​។ 
 
​តាមរយៈ​ជំនួប​លើក​នេះ លោក​មូ​ន ព្យាយាម​អភិវឌ្ឍ​គោលនយោបាយ​«​ភាគខាងត្បូង​ថ្មី​»​បន្ថែមទៀត ក្នុង​គោលបំណង​ដំឡើង​កម្រិត​ទំនាក់ទំនង​ការទូត​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​។ លោក​ធ្លាប់​អះអាងថា គោលនយោបាយ​ភាគខាងត្បូង មាន​គោលបំណង​រឹតចំណង​ការទូត​ជាមួយ​អាស៊ាន ឲ្យ​ស្មើ​ទៅនឹង​កម្រិត​ប្រទេស​ធំៗ​ទាំង​បួន​ដូចជា អាមេរិក ចិន រុស្ស៊ី និង​ជប៉ុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Yonhap​។ 
 
​នៅក្នុង​សន្និសីទកាសែត​នាទី​ក្រុង​ប៊ូសាន​ជាទី​រៀបចំ​កិច្ចប្រជុំ អ្នកស្រី កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងត្បូង បានលើកឡើង ថា កិច្ចប្រជុំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ កូរ៉េខាងត្បូង​-​អាស៊ាន គឺជា​ឱកាស​មួយ​ដ៏​ពិសេស ក្នុងការ​រឹតចំណង​មិត្តភាព រវាង​ភាគី​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត តាមរយៈ​ការ​សម្លឹង​ទៅមុខ​រយៈពេល ៣០​ឆ្នាំ​។ 
 
​អំឡុង​ជំនួប​នៅ​ទីក្រុង​កំពង់ផែ លោក មូ​ន បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មកពី​បណ្តា​ប្រទេស​អាស៊ាន នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ និង​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​។ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា លោក មូ​ន ជួប​ជាមួយ​ស៊ុ​លត​ង់​ព្រុ​ណេ និង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​នៅ​សេ​អ៊ូ​ល​។ ភាគី​ទាំង​សង​ពីរ បាន​ជជែក​ពី​បញ្ហា ពាណិជ្ជកម្ម បច្ចេកវិទ្យា ទីក្រុង​វៃឆ្លាត និង​ការរំសាយ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​ជាដើម​។ 
 
​ក្រោម​នយោបាយ​ការបរទេស​ខាងត្បូង​នេះ កូរ៉េខាងត្បូង និង​រដ្ឋ​អាស៊ាន​៥​ទៀត នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ក៏​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទា​ក់​ទង​ទៅនឹង​ការអប់រំ ទីក្រុង​វៃឆ្លាត មធ្យោបាយ​ដឹកជញ្ជូន និង​វិស័យ​ផ្សេងៗ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ ឬ KOICA​។ ប្រទេស​អាស៊ាន​ទាំង​៥​នេះ រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​វៀតណាម​។  
 
​សូមបញ្ជាក់ថា គោលនយោបាយ​«​ភាគខាងត្បូង​ថ្មី​» គឺជា​គំនិត​ផ្តួចផ្តើម ដោយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ដែល​ផ្តោត​សំខាន់​ទៅ​ការ​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​ជាមួយ​អាស៊ាន និង​ឥណ្ឌា​។ តាមរយៈ​គោលនយោបាយ​នេះ កូរ៉េខាងត្បូង​ចង់​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​ពី​១៦០ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ដល់ ២០០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០៕

Tag:
 កូរ៉េខាងត្បូង​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com