អន្តរជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចិន​-​អាមេរិក ដំណាក់កាល​ទី​ពីរ នឹង​មិនអាច​កើតឡើង មុន​ការបោះឆ្នោត​នៅ​អាមេរិក​
25, Nov 2019 , 9:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) និងលោកប្រធានាធិបតីចិន ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំG20 នៅអូសាកា ប្រទេសជប៉ុន, រូបភាព៖​ AP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) និងលោកប្រធានាធិបតីចិន ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំG20 នៅអូសាកា ប្រទេសជប៉ុន, រូបភាព៖​ AP
​មហិច្ឆតា​ក្នុងការ​សម្រេច «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ពីរ​» រវាង​អាមេរិក និង​ចិន ទំនងជា​មិនអាច​កើតមាន​ឡើយ​ក្នុង​ពេលនេះ ប៉ុន្តែ​វា​អាច​កើតមាន នៅក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​អាមេរិក និង​ចិន ។


 
​នា​ខែតុលា​កន្លងទៅ ក្នុងជំនួប​ជាមួយ​លោក លីវ ហឺ ឧបនាយករដ្ឋមន្ត្រី​ចិន និង​ជា​អ្នកតំណាង​ចរចា​ពាណិជ្ជកម្ម​ចិន លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​រំពឹងថា អាមេរិក និង​ចិន អាច​នឹងមាន​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​ពីរ​បន្ថែមទៀត នៅពេល​សម្រេច​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​។ បើតាម​ប្រធានាធិបតី​អាមេរិក កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​ពីរ អាច​និយាយ​ទាក់ទង​ទៅនឹង​ការផ្ទេរ​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​អាមេរិក​ដោយ​បង្ខំ​ពី​សំណាក់​ភាគី​ចិន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​យ៉ាងណាក៏ដោយ ភាគី​ចិន នឹងមិន​ចូល​តុ​ចរចា ជជែក​ពី​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​ពីរ ជាមួយ​អាមេរិក​ឡើយ​អំឡុង​ពេលមុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ ក្នុងន័យនេះ ចិន​ទំនងជា​ចង់​តាមដាន​មើល​សិន ថា​តើ​លោក ត្រាំ អាច​ឈ្នះឆ្នោត​ក្នុង​អាណត្តិ​ទី​ពីរ​របស់ខ្លួន ឬក៏​អត់​។ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters  មន្ត្រី​ចិន​មួយរូប​បាន​លើកឡើងថា លោក ត្រាំ គឺជា​អ្នក​ចង់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងនេះ ប៉ុន្តែ​មិនមែនជា​ភាគី​ចិន​ឡើយ​។ ដូចនេះ ទីក្រុង​ប៉េកាំង អាច​រង់​ចាំបាន​។ 
 
​ចំណែក​មន្ត្រី​អាមេរិក​វិញ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា អាទិភាព​ដ៏​សំខាន់បំផុត​របស់​ប្រធានាធិបតី ត្រាំ នៅពេលនេះ គឺ​រក្សា​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​ជាមុនសិន ដើម្បី​ទុកជា​កូនអុក ក្នុង​យុទ្ធនា​ការបោះឆ្នោត​នាពេលខាងមុខ​។ ស្រដៀង​គ្នា​នេះដែរ មន្ត្រី​អាមេរិក​ម្នាក់ទៀត បាន​បញ្ជាក់ថា ការចរចា​លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​ពីរ អាច​ចាប់ផ្តើម ប្រសិនបើ​កិច្ចព្រមព្រៀង​ដំណាក់កាល​មួយ​ត្រូវបាន​បញ្ចប់​។ 
 
​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន ដែល​បាន​កើតឡើង​រយៈពេល ១៨​ខែ​កន្លងមកនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនួញ និង​កសិករ​អាមេរិក​ជាខ្លាំង​។ ជាពិសេស សង្គ្រាម​ពាណិជ្ជកម្ម បាន​បង្ក​ឲ្យ​រាំងស្ទះ​ដល់​ចង្វាក់​ផលិតកម្ម និង​កំណើន​សេដ្ឋកិច្ចពិភពលោក​។ មកទល់ពេលនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​-​ចិន​ដំណាក់កាល​ទី​១ កំពុងស្ថិត​ក្នុង​ភាព​រាំងស្ទះ​នៅឡើយ បន្ទាប់ពី​ខកខាន​ចុះហត្ថលេខា​ដោយ​ការលុបចោល​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៅក្នុង​ប្រ​ទេ​ស៊ី​លី​៕

Tag:
 អាមេរិក​
  ចិន​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com