ជាតិ
«​សោភ័ណ​ស្រី្ត​» ដែល​បង្ហាញ​ពី​ដំណោះស្រាយ​ក្នុង​គ្រួសារ ជួយ​ឱ្យ​កញ្ញា ផាន់​ណា ជាប់​ជ័យលាភី​កំណាព្យ​លេខ​១
25, Nov 2019 , 10:19 pm        
រូបភាព
(ខាងស្តាំ) កញ្ញា លឹម ផាន់ណា ជ័យលាភីលេខ១ នៃពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០១៩
(ខាងស្តាំ) កញ្ញា លឹម ផាន់ណា ជ័យលាភីលេខ១ នៃពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០១៩
​ភ្នំពេញ​៖ អត្ថបទ​កំណាព្យ​រឿង «​សោភ័ណ​ស្រី្ត​» ជា​ស្នាដៃ​តែង​និពន្ធ​របស់ កញ្ញា លឹម ផាន់​ណា ដែល​ទទួលបាន​ជួយ​លា​ភី​លេខ​១ ក្នុងការ​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​រឿង​ខ្លី និង​កំណាព្យ​លើក​ទី​២០ នៃ​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ​២០១៩​។​ការប្រកួត​ស្នាដៃ​ពានរង្វាន់​នេះ​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយមាន​បេក្ខជន​៩១​នាក់​។​

 
«​សោ​ភណ្ឌ​ស្ត្រី​» គឺ​បង្កប់​នូវ​អត្ថន័យ​នៃ​ការដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ ដោយមាន​ការពិចារណា និង​គោរព​គ្នា​ទៅវិញទៅមក​។ ជាពិសេស​ស្រី្ត ដែល​មិន​ប្រើ​ការខឹង​ក្រោធ ចំពោះ​បុរស​ជា​ប្តី​ដែលមាន​ស្រី​ខាងក្រៅ រួមទាំង​មិន​ប្រើ​អំពើហិង្សារ និង​ការ​ជេ​ស្ដី​ទៅលើ​ស្រី្ត​ផ្សេង​។ នេះ​ជាការ​បញ្ជាក់​របស់​កញ្ញា លឹម ផាន់​ណា ។​
 
​ម្ចាស់​ជ័យលាភី​លេខ​១ ផ្នែក​តែង​កំណាព្យ​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖«​ការដាក់​ចំណងជើង សោភ័ណ​ស្ត្រី ព្រោះ​សោភ័ណ សំដៅលើ​ភាពល្អ ឬ​លម្អ​របស់​ស្ត្រី ដែល​មិន​ផ្តោត​សំខាន់​លើ​រូបសម្បត្តិ​ទេ តែ​សំដៅ​ជាធំ លើ​ចំណេះ​ប្រាជ្ញា​របស់​ស្ត្រី​។ ជាក់ស្តែង​គឺ​តួអង្គ​ស្ត្រី​ជា​ភរិយា​ក្នុង​រឿងនេះ​។ ចំណែក​ស្ត្រី​ម្នាក់ទៀត នាង​មាន​សោភ័ណ​ដែរ តែ​សោភ័ណ​ផ្នែក​ខាងក្រៅ គឺ​រូប​សម្ផស្ស​ជា​គ្រឿង​លម្អ​»​។​


រូបភាពពីទំព័រហ្វេសប៊ុក របស់កញ្ញា លឹម ផាន់ណា
 
«[...] បើ​ប្រុស​ជា​ប្តី​មិន​វៀចវេរ ទោះ​ស្រី​ក្រៅ​គេ​មក​រំអួយ ញ៉ិកញ៉ក់​ពង្វក់​មិន​ឈ្លក់​ព្រួយ ចិត្ត​មិន​ផុយស្រួយ​ក្បត់​ប្រពន្ធ​។ មុនី ចាប់​កាន់​ដៃ​បងស្រី ញញឹម​ជាថ្មី​យ៉ាង​ទន់ភ្លន់ ថា​បង​ដូច​គិត​ច្បាស់​ជាង​មុន អាចធ្វើ​ចិត្តធ្ងន់​មិន​ខឹង​ក្រោធ​។ ចិន្តា​ថា​បង​នេះ​ខុសគេ មិន​ទៅ​ស្តីជេរ​ធ្វើ​រឿង​ឆោត ធ្វើ​ស្រី​រឹងមាំ​មិន​ច្រឡោត ខួរក្បាល​គិត​ផ្តោត​ដំណោះស្រាយ​។ បាន​ប្រយោជន៍​អ្វី​ទៅ​ស្តី​ឈ្លោះ នាំ​តែ​ខូច​ឈ្មោះ​ល្បី​សុសសាយ បើ​ជ្រុល​ដៃជើង​អន្តរាយ ប្រពន្ធដើម​ក្លាយជា​ជនល្មើស​។ នោះ​ដូច​ហុច​ផល​ឱ្យ​ស្វាមី បាន​ឱប​ស្រី​ថ្មី​គ្មានអ្វី​ទើស សប្បាយ​ភ្លើតភ្លើន​មាន​ជម្រើស រឹតតែ​ខូច​លើស​ដើម​ទៅទៀត​[...]»​។ នេះ​សម្រង់​កំណាព្យ​រឿង «​សោភ័ណ​ស្រី្ត » នៃ​បទ​ពាក្យ​ប្រាំពីរ ដែល​កញ្ញា ផាន់​ណា បាន​ចំណាយពេល​ប្រហែល​៤​ខែ សម្រាប់​ប្រមូល​គំនិត​សាច់រឿង រហូតដល់​សរសេរ​ជា​កំណាព្យ ដែលមាន​២៥៤​ល្បះ ក្នុង​២២​ទំព័រ ។​
 
​កវី​វ័យ​២៩​ឆ្នាំ ដែល​ទទួលបាន​ជ័យលាភី​លេខ​១​រូបនេះ បាន​លើក​ពី​ការវាយតម្លៃ​របស់​គណៈ​កម្ម​ការ​ដូច្នេះ​ថា​៖«​ផ្អែក​លើក​ខ្លឹម​ផ្សារ​អប់រំ​ដល់​ស្រី្ត ក្នុងការ​ដោះស្រាយ​បញ្ហា​ដោយមាន​ពិចារណា មិន​ខឹង​ក្រោធ រួមទាំង​ចុងចួន​ពិ​រោះ ទើប​ទទួលបាន​លេខ​១​នៅ​ថ្ងៃទី​២០ វិច្ឆិកា ឆ្នាំ​២០១៩»​។ 
 
​កញ្ញា ផាន់​ណា ចេះ​តែង​កំណាព្យ​តាំងពី​អាយុ​១៣​ឆ្នាំ និង​អាច​សរសេរ​រឿង​បាន នៅ​អាយុ​១៦​ឆ្នាំ​។ កត្តា​ដែល​នាំ​កញ្ញា ក្លាយជា​អ្នក​តែង​កំណាព្យ រឿង​ប្រលោមលោក និង​បទ​ចម្រៀង គឺ​ដោយសារ​មាន​ជំនក់​ចិត្ត​ក្នុង​ការអាន​ស្នាដៃ​កំណាព្យ និង​រឿង​របស់​អ្នកដទៃ​។ កញ្ញា ផាន់​ណា ក៏​ជំ​រុញឱ្យ​យុវជន ដែលមាន​បំណង​ចង់​ក្លាយជា​អ្នកនិពន្ធ ឬ​អ្នក​តែង​កំណាព្យ គប្បី​ត្រូវមាន​គ្រឹះ​ខ្លះ​នៅក្នុង​ខ្លួន ដើម្បី​អាច​សរសេរ​សាច់រឿង​បានល្អ​។​


រូបភាពពីទំព័រហ្វេសប៊ុក របស់កញ្ញា លឹម ផាន់ណា
 
«​ខ្ញុំ​លើកទឹកចិត្ត​ពួកគាត់ ឲ្យ​អាន​ស្នាដៃ​ល្អៗ​របស់​អ្នកនិពន្ធ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ច្រើន ដើម្បី​បណ្តុះ​នូវ​គំនិត​ថ្មីៗ​បន្ថែមទៀត ជាពិសេស​គឺ​ស្វែងរក​ការបណ្តុះបណ្តាល​ពី​ផ្នែក​តែង​និពន្ធ​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ ដើម្បី​រៀនសូត្រ​ពី​ទ្រឹស្តី ពី​លោកគ្រូ​អ្នកគ្រូ ដែលមាន​ជំនាញ​ច្បាស់លាស់​»​។ នេះ​ជាការ​លើកឡើង​របស់​ម្ចាស់​ជ័យលាភី​កំណាព្យ​លេខ​១ ដែល​បាន​បន្ថែមថា ដើម្បី​សរសេរ​សាច់រឿង ឬ​កំណាព្យ​បានល្អ អ្នកនិពន្ធ​ត្រូវ​ប​ញ្ជូ​ល​គំនិត​អប់រំ ជាពិសេស​បញ្ហា​កំពុង​កើតមាន​ក្នុងសង្គម​ឱ្យបាន​ច្រើន​។​
 
​ក្រៅពី​ជាប់​ជ័យលាភី​កំណាព្យ​លេខ​១ ផ្នែក​កំណាព្យ​រឿង «​សោភ័ណ​ស្រី្ត »​លើ​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី តែង​និពន្ធ​ប្រលោមលោក​និង​កំណាព្យ​រឿង​នៅ​ឆ្នាំ​២០១៩ នេះ កញ្ញា ផាន់​ណា ក៏​ធ្លាប់​ទទួលបាន​ជ័យលាភី​ជាច្រើន​ផងដែរ​។ ក្នុងនោះ​រួមមាន ពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ របស់ «​ក្រសួង​ធម្មការ និង​សាសនា​» ជាប់​ជ័យលាភី​លេខ​៣ ផ្នែក​រឿង​ខ្លី «​ពន្លឺជីវិត​» ក្រោម​ប្រធានបទ «​ពុទ្ធ​ទស្សនៈ​ក្នុងការ​អភិវឌ្ឍ​សង្គម​ខ្មែរ​» ឆ្នាំ​២០១៩​។ ពានរង្វាន់​អក្សរសិល្ប៍ ក្នុង​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ លើក​ទី​៣ ជ័យលាភី​លេខ​២ ផ្នែក​រឿង​ខ្លី ចំណងជើង «​ឡាន​ឈ្នួល​» ឆ្នាំ​២០១៩​។ ពានរង្វាន់ លី ធា​ម​តេង ដែល​រៀបចំ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឆ្នាំ​២០១៨  ដោយ​កញ្ញា ផាន់​ណា ទទួលបាន​ជ័យលាភី​លេខ​២ ផ្នែក​កំណាព្យ​រឿង ចំណងជើង «​ម្លប់​ជីវិត​» ។ ក្រៅពីនេះ​ក៏មាន​ទំនុកច្រៀង​បទ «​កុំ​ថា​ខ្ញុំស្រី​ចាស់​» ច្រៀង​ដោយ​តារាចម្រៀង​ស្រី​កញ្ញា គង់ ចាន់​រដ្ឋា ចេញពី​ខែ មិថុនា ដែលជា​ស្នាដៃ​និពន្ធ​របស់​កញ្ញា លឹម ផាន់​ណា​ដែរ​៕ 

Tag:
 លឹម ផាន់​ណា​
 ​កំណាព្យ​
  សោភ័ណ​ស្រី្ត​
© រក្សាសិទ្ធិដោយ thmeythmey.com