អន្តរជាតិ
ក្រុមមន្ត្រី​អាមេរិក​រិះគន់​រដ្ឋាភិបាល​ចិន បន្ទាប់ពី​មានការ​បែកធ្លាយ​ឯកសារ​សម្ងាត់​អំពី​ផែនការ​ឃុំខ្លួន​មនុស្ស​
26, Nov 2019 , 9:59 pm        
រូបភាព
រូប​ឯកសារ៖ រូបថត​កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​បង្ហាញ​ពី​ប៉ម​យាម​ដែល​មាន​សន្តិសុខ​ខ្ពស់​នៅ​ក្បែរ​អ្វី​ដែល​គេ​ជឿ​ថា ជា​ជំរំ​អប់រំ​ឡើង​វិញ ទី​ដែល​ជនជាតិ​ភាគតិច​មូស្លីម​ភាគច្រើន​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​តំបន់ Xinjiang។
រូប​ឯកសារ៖ រូបថត​កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​បង្ហាញ​ពី​ប៉ម​យាម​ដែល​មាន​សន្តិសុខ​ខ្ពស់​នៅ​ក្បែរ​អ្វី​ដែល​គេ​ជឿ​ថា ជា​ជំរំ​អប់រំ​ឡើង​វិញ ទី​ដែល​ជនជាតិ​ភាគតិច​មូស្លីម​ភាគច្រើន​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​តំបន់ Xinjiang។
ដោយ: VOA
​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​មួយ​របស់​រដ្ឋាភិបាល​ចិន​បាន​លាតត្រដាង​អំពី​វិធីសាស្ត្រ​នានា​ដែល​ពួក​អាជ្ញាធរ​កំពុង​ប្រើប្រាស់​កម្មវិធី​ប្រមូល​ទិន្នន័យ​សំខាន់ៗ​ដើម្បី​ដៅ​និង​ចាប់ខ្លួន​ជនជាតិភាគតិច​កាន់សាសនា​ឥស្លាម​ប្រមាណ​១​លាន​នាក់​នៅក្នុង​ខេត្ត​ស៊ិន​ជាំ​ង​។ ឯកសារ​ដែល​ទទួលបាន និង​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​សមាគមន៍​អ្នកកាសែត​ស៊ើបអង្កេត​អន្តរជាតិ​ហៅ​កាត់​ថា ICIJ បាន​លាតត្រដាង​ពី​កលល្បិច​នៅ​ពីក្រោយ និង​យុទ្ធនា​ការឃ្លាំមើល​ដ៏​តឹងរ៉ឹង​ប្រឆាំងនឹង​នយោបាយ និង​វប្បធម៌​របស់​ជនជាតិ​ភាគតិច​វី​ហ្គើ Kazakhs និង​ក្រុម​អ្នក​កាន់សាសនា​ឥស្លាម​ផ្សេងទៀត​នៅ​ខេត្ត ស៊ិន​ជាំ​ង​។​

 
​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ព្រមាន​ជាច្រើន​ឆ្នាំ​មកហើយ​ថា ប្រទេស​ចិន​កំពុងធ្វើការ​បង្ក្រាប​ជា​ប្រព័ន្ធ​ទៅលើ​ជនជាតិ​វី​ហ្គើ និង​កំពុង​លុបបំបាត់​វប្បធម៌​និង​ជំនឿ​សាសនា​របស់​ពួកគេ​។ ឯកសារ​នោះបាន​ពណ៌នា​យ៉ាង​លម្អិត​អំពី​វិធីសាស្ត្រ​ដែល​ពួក​អាជ្ញាធរ​បាន​បន្ត​បញ្ចូល​មនោគមវិជ្ជា​ដល់​ជនជាតិភាគតិច​ទាំងអស់​។​
 
​ជនជាតិភាគតិច​វី​ហ្គើ និង​ក្រុម​ជនជាតិភាគតិច​កាន់សាសនា​ឥស្លាម​ផ្សេងទៀត​ដែល​ជាប់​ឃុំខ្លួន​នៅក្នុង​ជំរំ​នោះ ត្រូវបាន​គេ​វាយតម្លៃ​តើ​ពួកគេ​អាច​និយាយ​ភាសា​ចិន​បានល្អ​កម្រិតណា និង​ថា​តើ​ពួកគេ​គោរព​តាមច្បាប់​តឹងរ៉ឹង​នានា​ក្នុង​កម្រិតណា ដែល​ច្បាប់​នោះ​រាប់​ចាប់តាំងពី​ការ​ងូតទឹក រហូតដល់​ការប្រើប្រាស់​បង្គន់​អនាម័យ​។​
 
​ការវាយតម្លៃ​នោះ​អាច​កំណត់ថា​តើ​ពួកគេ​អាច​ចាក​ចេញពី​ជំរំ​នោះបាន​នៅពេលណា​។ ការ​បែកធ្លាយ​ឯកសារ​ផ្ទៃក្នុង និង​ការទាក់ទង​គ្នា​នេះ​ត្រូវបាន​ទទួល​និង​ផ្សព្វផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។ ឯកសារ​ផ្ទៃក្នុង​បែកធ្លាយ​ដែលមាន​កម្រាស់​៤០០​ទំព័រ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​កាសែត The New York Times កាលពី​សប្តាហ៍​មុន​។​
 
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​លោក Robert O'Brien កាលពី​ថ្ងៃ​សៅរ៍​បាន​ថ្លែង​នៅឯ​សន្និសីទ​ស្តីពី​សន្តិសុខ​អន្តរជាតិ​ក្នុង​ក្រុង Halifax ថា​«​យើង​ស្ថិតនៅក្នុង​ឆ្នាំ​២០១៩ ហើយ​យើង​មាន​មនុស្ស​ជាង​១​លាន​នាក់​ស្ថិតនៅក្នុង​ជំរំ​នៅក្នុង​ខេត្ត​ស៊ិន​ជាំ​ង​។ នេះ​គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​មានការ​ខឹងសម្បា​។ ជំរំ​ទាំងនោះ​គួរតែ​ត្រូវបាន​បិទ​ចោល​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com