ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រុម​សហជីព​មិន​ពេញចិត្ត​ចំពោះ​កង្វះ​ការពិគ្រោះ​យោបល់​លើ​វិសោធនកម្ម​ច្បាប់​សហជីព​
27, Nov 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ តំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​​នៅ​មុខ​រដ្ឋសភា​ជាតិ​ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ (ឡេង ឡែ/VOA)
រូបឯកសារ៖ តំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​​នៅ​មុខ​រដ្ឋសភា​ជាតិ​ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ (ឡេង ឡែ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ក្រុម​អ្នកការពារ​សិទ្ធិ​កម្មករ​នៅ​ថ្ងៃ​អង្គារ​នេះ សម្តែង​ការខកចិត្ត​ចំពោះ​រដ្ឋសភា​ដែល​អនុម័ត​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​សហជីព ដោយ​មិនបាន​បើក​ឲ្យ​មានការ​ពិភាក្សា​ជាមុន​ជាមួយ​តំណាង​ក្រុមកម្មករ​ពាក់ព័ន្ធ​នឹង​តម្រូវការ និង​បញ្ហា​ប្រឈម​របស់​កម្មករ​។​

 
​រដ្ឋសភាជាតិ ដែល​មានតែ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​ចំនួន​១០​នៃ​ច្បាប់​ស្តីពី​សហជីព ដែលមាន​១៧​ជំពូក​និង​១០០​មាត្រា​។ ក្រុម​សហជីព​ដែល​បម្រើ​ប្រយោជន៍​កម្មករ និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​រិះគន់ថា ច្បាប់​សហជីព​មានការ​រឹតត្បិត​សិទ្ធិ​របស់​សហជីព និង​កម្មករ ចាប់តាំងពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​កាលពី​ខែមេសា ឆ្នាំ​២០១៦​មក​។​
 
​លោក​ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ប្រាប់ VOA ថា ការអនុម័ត​សេចក្តីព្រាង​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​សហជីព​នេះ មិន​ឆ្លើយតប​ទៅនឹង​ការបារម្ភ​របស់​អ្នកតំណាង​ការពារ​សិទ្ធិ​កម្មករ​នោះទេ​។ លោក​បន្តថា សភា​គួរ​ផ្តល់ឱកាស​ឲ្យ​មាន​កិច្ចពិភាក្សា​រវាង​អ្នកតាក់តែង​ច្បាប់ និង​ក្រុម​សហជីព​ជាមុនសិន ដើម្បី​បានដឹង​អំពី​ផលវិបាក និង​ការចង់បាន​របស់​កម្ម​ករ​។​
 
«​ការណ៍​ដែល​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​ធាតុពិត​ទៅធ្វើ​ដោយសារតែ​សម្ពាធ​របស់​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ EBA ទេ មិនមែន​ធ្វើ​ដោយសារតែ​សហជីព​ស្នើសុំ​ទេ​។ គេ​មិនដែល​ខ្វល់ គេ​មិនដែល​ឈឺក្បាល អ្វីដែល​ភាគី​ខាង​សហជីព​លើកឡើង​ទេ​»​។​
 
​ខណៈ​រដ្ឋសភា​កំពុង​អនុម័ត​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​សហជីព នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​គេ​ឃើញ​ក្រុម​សហជីព និង​សមាគម​ចំនួន​៧ បាន​ជួប​ជាមួយ​អ្នកស្រី មាន សំអាន ប្រធាន​គណៈកម្មការ សុខាភិបាល និង​សង្គមកិច្ច​នៃ​ព្រឹទ្ធសភា​ដើម្បី​ជជែក​អំពី​ផលវិបាក​នៃ​ច្បាប់​ស្តីពី​សហជីព​នេះ បន្ទាប់ពី​ក្រុម​សហជីព​ទាំង​នោះបាន​ផ្ញើលិខិត​ទៅ​រដ្ឋសភា និង​ព្រឹទ្ធសភា​តាំងពី​ថ្ងៃទី​៣០ ខែតុលា​មក​។​
 
​លោក អាត់ ធន់ តំណាង​សហភាព​ការងារ​កម្ពុជា សហជីព និង​សមាគម​ក្នុង​វិស័យ​ការងារ ដែល​បាន​ចូលរួម​ពិភាក្សា​ជាមួយ​មន្ត្រី​ព្រឹទ្ធសភា កត់សម្គាល់ថា មាត្រា​ជាច្រើន​នៃ​ច្បាប់​ស្តីពី​សហជីព​បានធ្វើ​ឲ្យ​មានការ​រឹតត្បិត​សិទ្ធិ និង​សេរីភាព​របស់​សហជីព និង​កម្មករ​ក្នុងការ​អនុវត្ត​ការងារ​។​
 
​អ្នកការពារ​សិទ្ធិ​កម្មករ​រូបនេះ​បន្ថែមថា លោក​មានការ​ខកចិត្ត​ដែល​រដ្ឋសភា​អនុម័ត​វិសោធនកម្ម​មាត្រា​ទាំងនោះ ដោយ​មិនមាន​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុម​សហជីព​ដែល​មិន​រណប​ថៅកែ​រោងចក្រ​។​
 
«​យើង​ក៏​សោកស្តាយ​ដែរ ដែល​សភា​តំណាង​ឲ្យ​ស្ថាប័ន​នីតិបញ្ញត្តិ​មួយ​ដ៏​ធំ​គួរតែ​យកចិត្តទុកដាក់​ពី​សំណើ​ខាងយើង ហើយ​ផ្តល់ឱកាស​ឲ្យ​យើង​ដើម្បី​ជួប មុននឹង​អនុម័ត​អី​ផ្សេងៗ​។ ប៉ុន្តែ​ទីបំផុត គាត់​អនុម័ត​ដោយ​មិនបាន​ឆ្លងកាត់​យោបល់​ពី​ខាងយើង​»​។​
 
​អ្នកស្រី មាន សំអាន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្សកាន់អំណាច និង​ជា​ប្រធាន​គណៈកម្មការ​សុខាភិបាល និង​សង្គមកិច្ច លើកឡើងថា បន្ទាប់ពី​បាន​ជជែក​ជាមួយ​ក្រុម​សហជីព​ពាក់ព័ន្ធ​នឹង​សំណើ​របស់​ពួកគេ អ្នកស្រី​នឹង​បញ្ជូន​សំណើ​ទាំងនោះ​ទៅ​ថ្នាក់ដឹកនាំ​បន្ត ហើយ​អ្នកស្រី​មិនទាន់​អាចឆ្លើយតប​បែបណា​បាន​នៅឡើយ​។​
 
​ក្រុម​សហជីព​លើកឡើងថា ច្បាប់​ស្តីពី​សហជីព​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សកម្មភាព​សហជីព​ដែល​ធ្វើការ​ការពារ​ប្រយោជន៍​កម្មករ​។ ផលប៉ះពាល់​ដែល​បាន​កើតឡើង​កន្លងមក​រួមមាន ដូចជា​ការធ្វើ​ឲ្យ​លែងមាន​សហជីព​តាម​រោងចក្រ ការមិនអាច​ធ្វើជា​តំណាង​ដើម្បី​ការពារ​សហជីព ការ​រឹតត្បិត​មិន​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម បាតុកម្ម និង​ការ​ប្រឈម​នឹង​ផ្លូវច្បាប់​ផ្សេងៗ ដែល​កើតចេញពី​ការទាមទារ​សិទ្ធិ​ជាដើម​។​
 
VOA មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភាជាតិ​បានទេ​។​
 
​ក្រុម​សហជីព​ការពារ​សិទ្ធិ​កម្មករ​បន្ថែមថា ការសម្រេច​ធ្វើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​សហជីព​នេះ​មិនមែន​តាម​ការស្នើ​របស់​សហជីព​នោះទេ ប៉ុន្តែ​អាចជា​ការធ្វើ​ឡើង​ដោយសារ​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប ដែល​កំពុង​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA)​ដោយសារ​កម្ពុជា​មិនបាន​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​ការគោរព​សិទ្ធិមនុស្ស ហើយ​ថែមទាំង​បានធ្វើ​ឲ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​យ៉ាងដំណំ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយបាន​ទិញ​ផលិតផល​វាយ​ន​ភណ្ឌ ដូចជា​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​កសិកម្ម និង​កង់​ជា​ដើមពី​ប្រទេស​កម្ពុជា ដោយ​មិន​យកពន្ធ​។ ការអនុគ្រោះ​ពន្ធ​នេះ​ធ្វើឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com