រដ្ឋាភិបាល​បញ្ចូល ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង និង​សៀម​ប៉ាង​ខាងលិច ជា​តំបន់ការពារធម្មជាតិ​តែមួយ​
ជាតិ
រដ្ឋាភិបាល​បញ្ចូល ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង និង​សៀម​ប៉ាង​ខាងលិច ជា​តំបន់ការពារធម្មជាតិ​តែមួយ​
28, Nov 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​លិច និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ទៅជា​តំបន់ការពារធម្មជាតិ​តែមួយ​ឈ្មោះថា​«​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​» ដើម្បី​ធានាបាន​នូវ​ការថែទាំ​ជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី​។ នេះ​បើ​យោងតាម​អនុ​ក្រឹ​ត​ចុះ​ថ្ងៃទី​៦ វិច្ឆិកា​។ តាម​អនុ​ក្រឹ​ត​នេះ តំបន់ការពារធម្មជាតិ​«​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​» មាន​ផ្ទៃដី​សរុប​១៣៣,៧០៧.៧៣​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​សន្តិភាព​, ឃុំ​ថ្មកែវ និង​ឃុំ​ព្រែ​កមាស ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។

 
​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ត្រូវបាន​បង្កើតឡើង ដើម្បី​ធានា​ការថែទាំ​ជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី និង​ធានាឱ្យមាន​ការបំពេញ​ល​ក្ខ​ខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​សត្វ រុក្ខា​ជាតិ និង​ជីវៈចម្រុះ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ដើមខែ​វិច្ឆិកា​។ 
 
​បើតាម​អនុ​ក្រឹ​ត​ដដែល ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​នេះ  នឹង​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ព្រមទាំង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុងការ​រួមចំណែក​គ្រប់គ្រង ការពារ និង​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ឱ្យបាន​គង់វង្ស​។ 


 
​ទាក់ទង​នឹង​ការបង្កើត​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​នេះដែរ លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបញ្ជាក់​ក្នុង​បណ្តាញ​តេ​ឡេ​ក្រាម​ប្រាប់​អ្នកសារព័ត៌មាន​ថា ការដាក់បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ខាងលិច​ដែលមាន​ផ្ទៃដី​៦៥,៣៨៩  ជាមួយនឹង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ទៅជា​តំបន់ការពារធម្មជាតិ​តែមួយ​នេះ នឹង​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង និង​ធ្វើឱ្យ​ការអភិរក្ស​កាន់​តែមាន​ប្រសិទ្ធភាព ដោយ​កាត់បន្ថយ​នូវ​ការិយាល័យ​ធិបតេយ្យ និង​ចំណេញ​ថវិកា​។ 
 
​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា​៖«​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​» និង​«​សៀម​ប៉ាង​ខាងលិច​» ភាគច្រើន​គ្របដណ្តប់​ទៅដោយ​ព្រៃ​ល្បោះ​ស្ងួត ព្រៃ​ពាក់កណ្តាល​ស្រោង និង​វាលស្មៅ​សាវា​ណា ដែល​បន្ត​ភ្ជាប់​គ្នា​ឆ្លង​ព្រំប្រទល់​នៃ​តំបន់​ទាំងពីរ ដែលជា​ផ្នែក​មួយ​នៃ​តំបន់​អេកូឡូស៊ី​ព្រៃ​ត្រូពិច​ស្ងួត​ទន្លេមេគង្គ​ក្រោម ដែលជា​ផ្នែក​មួយ​នៃ​តំបន់​ជីវចម្រុះ​មានតម្លៃ​នៅក្នុង​តំបន់​ឥណ្ឌូ​-​ភូមា មាន​សារៈសំខាន់​ខ្ពស់​សម្រាប់​ការអភិរក្ស​។ នៅក្នុង​តំបន់​នេះ សម្បូរ​ទៅដោយ​សត្វ​កម្រ ដូចជា​សត្វ​ត្មោ​ត សត្វ​ត្រដក់ សត្វ​ដំរី ទន្សោង សត្វ​ក្រៀល​ជាដើម​»​។ 
 
​តាម លោក នេត្រ ភ​ក្ត្រា  បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់ការពារធម្មជាតិ​ចំនួន​៥៦ គ្របដ​ណ្ត​បើ​លើ​ផ្ទៃដី​ប្រមាណ ៧,២​លាន​ហិកតា ឬ​ស្មើនឹង​៤១​ភាគរយ នៃ​ផ្ទៃ​ប្រទេស​៕ 



Tag:
 ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​
 ​សៀម​ប៉ាង​
  ​តំបន់ការពារធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com