ជាតិ
​តើ​ទីប្រឹក្សា​ការងារ​ប្រចាំ​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង​មាន​ភារកិច្ច​អ្វីខ្លះ​?
28, Nov 2019 , 6:29 pm        
រូបភាព
លោក សាម៉េន សុខា ទីប្រឹក្សាការងារប្រចាំស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ
លោក សាម៉េន សុខា ទីប្រឹក្សាការងារប្រចាំស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ
ដោយ: ថ្មីៗ
​មាន​ទីប្រឹក្សា​ការងារ​២​រូប​ដែល​កំពុង​បំពេញបេសកកម្ម​ប្រចាំ​ស្ថានទូត​កម្ពុជា​នៅ​សាធារណ​កូរ៉េ ខណៈដែល​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅក្នុង​សាធារណ​កូរ៉េ​មាន​ជាង​៤​ម៉ឺន​នាក់​។ ទីប្រឹក្សា​ទាំងពីរ​រូប​ត្រូវមាន​យុទ្ធសាស្ត្រ​ធ្វើ​ការងារ​ដើម្បី​អាច​ទទួលបាន​ព័ត៌មាន​ច្រើន​ជា​អតិបរមា​តាមតែ​អាចធ្វើ​បាន​អំពី​បញ្ហា​របស់​ពលករ​។ តើ​ពួកគេ​ត្រូវធ្វើ​ដូចម្តេចខ្លះ​?

 
​ថៅកែ​មិន​អនុវត្ត​កិច្ចសន្យាការងារ ពលករ ពល​ការិនី​មាន​បញ្ហា​សុខភាព បញ្ហា​បើក​ប្រាក់ខែ​យឺត គ្រោះថ្នាក់​ការងារ មរណភាព និង​បញ្ហា​នានា​ជាច្រើន​ទៀត​សុទ្ធតែ​ធ្លាប់បាន និង​កំពុង​កើត​លើ​ពលករ ពល​ការិនី​កម្ពុជា​ដែល​កំពុងធ្វើការ​ងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​។ ទីប្រឹក្សា​ការងារ​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ត្រូវ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជូន​ពលករ​ខ្មែរ​។​
 
​លោក សាម៉េន សុខា ទីប្រឹក្សា​ការងារ​មួយរូប​បានផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ដើម្បី​ពន្យល់ ពន្យល់​អំពី​របៀប​នៃ​ការអនុវត្ត​ការងារ​របស់លោក និង​រៀបរាប់​អំពី​ស្ថានភាព​របស់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េ​នោះ​។​
 
​បើតាម​ការរៀបរាប់រ​ប​ស់លោក សាម៉េន សុខា លោក​ត្រូវមាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​កូរ៉េ មជ្ឈមណ្ឌល​គាំពារ​ពលករ​របស់​ប្រទេស​កូរ៉េ និង​ជាពិសេស​ការបង្កើត​បណ្តា​ញ​ការងារ​ជាមួយនឹង​ស្ត្រី​ខ្មែរ​ដែល​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ​។​

 
 
«​នៅពេល​ពលករ ពល​ការិនី​ខ្មែរ​ជួប​បញ្ហា​អ្វីមួយ យើង​មិនអាច​ទៅដល់​ទីកន្លែង​ទាន់ពេលវេលា​នោះឡើយ​។ ដូច្នេះ​មានតែ​ពួកគេ​ដែល​អាច​អន្តរាគមន៍​បន្ទាន់ មុននឹង​ក្រុមការងារ​ស្ថានទូត​ទៅដល់​។​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សាម៉េន សុខា នៅក្នុង​ការិយាល័យ​រប​ស់លោក​ក្នុង​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។​
 
​លោក សុខា បានបង្ហាញ​ករណីខ្លះៗ​ដែល​ទាក់ទង​នឹង​ការងារ​របស់លោក​។ «​ឧទាហរណ៍​ថា​មាន​ពលករ​យើង​ជួប​គ្រោះថ្នាក់​ការងារ​។ យើងខ្ញុំ​ត្រូវ​ទៅ​ជួប​ថៅកែ ដើម្បី​ពិនិត្យ​ឱ្យ​ច្បាស់​ថា ជនរងគ្រោះ​បានទទួល​ការព្យាបាល និង​សំណង​ពេញលេញ​ស្របតាម​ការកំណត់​រប​ស់​ច្បាប់​។ ជាទូទៅ យើង​តែង​ទទួលបាន​ជោគជ័យ​នៅក្នុង​ការអនុវត្ត​ភារកិច្ច​របស់​យើង​។​
 
​បើតាម​ការអះអាង​រប​ស់លោក សាម៉េន សុខា មាន​ពលករ ពល​ការិនី​កម្ពុ​ជាជាង​៤​ម៉ឺន​នាក់​ដែល​កំពុង​បំពេញការងារ​នៅក្នុង​សា​ធារ​រដ្ឋ​កូរ៉េ នេះ​ដោយ​មិន​គិតពី​សហគមន៍​ស្ត្រី​ខ្មែរ​ដែល​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ​ផង​។ លោក​បន្តថា កូតា​ចំនួន​ពលករ​ខ្មែរ​ដែល​សាធារណរដ្ឋ​កូរ៉េ​ផ្តល់ឱ្យ​កម្ពុជា​នៅតែមាន​ជំ​នួន​ច្រើន ដោយសារតែ​ភ្នាក់ងារ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​កូរ៉េ បាន​សរសើរ​អំពី​គុណសម្បត្តិ​របស់​ពលករ ពល​ការិនី​កម្ពុជា​ដែល​ឧស្សាហ៍​ព្យាយាម​។​
 
«​ខ្ញុំ​សង្កេតឃើញថា ពលករ ពល​ការិនី​ខ្មែរ​យើង​បាន​ខិតខំ​ធ្វើ​ការងារ និង​ឆ្លៀត​អភិវឌ្ឍ​ខ្លួនឯង​ដោយ​រៀន​ជំនាញ​ផ្សេងៗ និង​ពង្រឹង​ផ្នែក​ភាសា​ផង នៅពេលដែល​ពួកគេ​កំពុង​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​នេះ​។  ម្យ៉ាងវិញទៀត ខ្ញុំ​ក៏​សង្កេតឃើញ​ពួកគេ​រហ័សរហួន​ច្រើន​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក សាម៉េន សុខា ទីប្រឹក្សា​ការងារ​ប្រចាំ​ស្ថានទូត​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ​៕

© រក្សាសិទ្ធិដោយ thmeythmey.com