អន្តរជាតិ
ស្ត្រី​នៅ​ទូទាំង​ពិភពលោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ដើម្បី​បញ្ចប់​ការបំពាន​លើ​ស្ត្រី​និង​កុមារី​
29, Nov 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ពលរដ្ឋលើកបដាប្រឆាំងនឹងអំពើហិង្សាអំឡុងពេលទិវា​អន្តរជាតិ​ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រីនៅក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ ពលរដ្ឋលើកបដាប្រឆាំងនឹងអំពើហិង្សាអំឡុងពេលទិវា​អន្តរជាតិ​ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រីនៅក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ស្ត្រី​នៅ​ទូទាំង​អឺរ៉ុប​និង​នៅតាម​បណ្ដា​ប្រទេស​ដទៃទៀត​បាននាំគ្នា​ធ្វើការ​តវ៉ា​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ប្រឆាំងនឹង​ការបំពាន​ដែល​កាន់តែ​រាលដាល​ខ្លាំង​ឡើងទៅ​លើ​ស្ត្រី​និង​កុមារី​។ អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ក្នុងចំណោម​បីនាក់​ធ្លាប់​ជួបប្រទះ​នឹង​អំពើហិង្សា​លើ​រូបរាងកាយ ឬ​អំពើហិង្សា​ផ្លូវភេទ​នៅក្នុង​ជីវិត​របស់​ពួកគេ​។ ពាក់កណ្ដាល​នៃ​ចំនួន​ស្ត្រី​ដែល​ត្រូវបាន​សម្លាប់​ដោយ​អំពើហិង្សា រងគ្រោះ​ដោយសារ​ដៃគូ​ឬ​សមាជិកគ្រួសារ​របស់​ពួកគេ​។ អង្គការសហប្រជាជាតិ​បាន​យក​ថ្ងៃទី​២៥ ខែវិច្ឆិកា ជា​ទិវា​អន្តរជាតិ​ដើម្បី​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​។​

 
​ទិវា​អន្តរជាតិ​ដើម្បី​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន ដូចជា​ការតវ៉ា​នៅតាម​ដងផ្លូវ ការ​ប្រារព្ធ​ពិធីបុណ្យ​សាសនា និង​ការតាំង​ពិ​ព័ណ៌​ជាដើម​។ នៅក្នុង​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ក្រុម​អ្នករៀបចំ​កម្មវិធី​បានដាក់​តាំង​បង្ហាញ​ស្បែកជើង​ពណ៌​ក្រហម ដែល​តំណាង​ឲ្យ​ស្ត្រី​ដែល​ត្រូវបាន​សម្លាប់​ដោយសារ​អំពើហិង្សា​។​
 
​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា អំពើហិង្សា​លើ​ស្ត្រី​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ដោយសារតែ​វា​គំរាមកំហែង​ដល់​សន្ដិភាព​និង​សន្ដិសុខ​សកលលោក​។​
 
​អ្នកស្រី Maria Luiza Ribeiro Viotti នៃ​ការិយាល័យ​ប្រតិបត្តិ​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​បាន​ថ្លែងថា​៖ «​វប្បធម៌​នៃ​អំពើហិង្សា​ទៅលើ​ស្ត្រី​ក៏​ផ្ដល់​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ ប៉ះពាល់​ដល់​ការលើកកម្ពស់​ដល់​ការគិតគូរ​ដល់​មនុស្ស​គ្រប់គ្នា ហើយក៏​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដែរ​។ អំពើហិង្សា​ទប់ស្កាត់​ស្ត្រី​មិន​ឲ្យ​ចូលរួម​ក្នុង​គ្រប់​វិស័យ​នៅក្នុង​ស​ង្គ​ម‍​បាន​»​។​
 
​រដ្ឋាភិបាល​បារាំង​បាន​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ប្រកាស​អំពី​វិធានការ​ថ្មីៗ​សម្រាប់​ការពារ​ស្ត្រី​។​
 
​លោក Edouard Philippe នាយករដ្ឋមន្ត្រី​បារាំង​បាន​មានប្រសាសន៍ថា​៖ «​នៅ​ឆ្នាំក្រោយ រដ្ឋាភិបាល​នឹង​វិនិយោគ​ប្រាក់​ជាង​មួយ​ពាន់​លាន​អឺរ៉ូ​ទៅលើ​សកម្មភាព​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​សមភាព​រវាង​ស្ត្រី​និង​បុរស​។ ក្នុងនោះ ថវិកា​ចំនួន​៣៩៧​លាន​ដុល្លារ​នឹងត្រូវ​ប្រើប្រាស់​រយៈពេល​មួយឆ្នាំ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើហិង្សា​លើ​ស្ត្រ‍ី​»​។​
 
​ប៉ូលិស​អាំងទែ​ប៉ូល​បាន​ក្រើនរំឭក​ដល់​ប្រជាជន​ឲ្យ​រាយការណ៍​អំពី​ការជួញដូរ​និង​ការកេងប្រវ័ញ្ច​លើ​ស្ត្រី​និង​កុមារី នៅពេលដែល​ពួកគេ​បានដឹង​អំពី​រឿងនេះ​។​
 
​លោក Jurgen Stock អគ្គលេខាធិការ​ប៉ូលិស​អាំងទែ​ប៉ូល​បាន​ថ្លែងថា​៖ «៧១%​នៃ​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​ម​នុស្ស​នៅ​ទូទាំង​ពិភពលោក​គឺជា​ស្ត្រី​និង​កុមារី ហើយ​៧៥%​គឺជា​គោលដៅ​នៃ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​។ ការអំពាវនាវ​របស់​ប៉ូលិស​អាំងទែ​ប៉ូល​គឺជា​ការ​ក្រើន​រំឭកថា ការនាំ​ជនល្មើស​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​កំហុស​របស់ខ្លួន​គឺជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​នៃ​សហប្រតិបត្តិ​ការអនុវត្ត​ច្បាប់​អន្តរ​ជា​ត‍ិ​»​។​
 
​ប្រទេស​នី​ហ្សេ​រី​យ៉ា​បានធ្វើ​បញ្ជី​ឈ្មោះ​អ្នកប្រព្រឹត្ត​បទល្មើស​ផ្លូវភេទ​ថ្នាក់ជាតិ​កាលពី​ថ្ងៃ​ច័ន្ទ ដែលមាន​គោលបំណង​បញ្ចប់​វប្បធម៌​នៃ​ការការពារ​អ្នករំលោភ​សេពសន្ថវៈ ជាជាង​ការពារ​ជនរងគ្រោះ​។​
 
​អ្នកស្រី Leymah Roberta Gbowee ជ័យលាភី​ពានរង្វាន់​ណូបែល​សន្ដិភាព​ឆ្នាំ​២០១១​បាន​ថ្លែងថា​៖
 
«​ដល់ពេល​ហើយ​ដែល​ក្រុម​ស្ត្រី បុរស និង​ស្ថាប័ន​ដែល​ធ្វើការ​ដើម្បី​ចេតនា​ល្អ​ទាំងអស់​បញ្ជាក់​ឡើងវិញ​ទៅកាន់​សមាជិក​សហគម​ន៍​របស់ខ្លួន ដើម្បី​ឲ្យ​ពួកគេ​ដឹងថា​ការរំលោភ​សេពសន្ថវៈ​មិនមែនជា​បញ្ហា​ដែល​ត្រូវ​ផ្ដល់​យុត្តិធម៌​ដោយ​ព្រះ​ជា​ម្ចាស់​នោះទេ​។ ការណ៍​ដែល​ឲ្យ​ព្រះ​ជា​ម្ចាស់​ជា​អ្នករក​យុត្តិធម៌​ឲ្យ​មិនមែនជា​ជម្រើស​នោះទេ មានតែ​ការផ្ដល់​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ទេ​ដែលជា​ជម្រើស​ដ៏​ល្អ​មួយ​ន‍ោះ​»​។​
 
​ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ស្វាគមន៍​ចំពោះ​វិធានការ​ថ្មី​នេះ​សម្រាប់​ការពារ​ស្ត្រី​នោះទេ​។ គណបក្ស Vox ដែល​ប្រកាន់​ស្ដាំនិយម​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​បដិសេធ​មិន​ព្រម​ចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​ដែលមាន​គ្រប់​គណបក្សនយោបាយ​ចូលរួម ដើម្បី​ថ្កោលទោស​ដល់​អំពើហិង្សា​ទៅលើ​ស្ត្រី​នោះទេ​។ 
 
​លោក Javier Ortega នៃ​គណបក្ស Vox ក្នុងប្រទេស​អេ​ស្ប៉ា​ញ​បាន​ថ្លែងថា​៖ «​ក៏មាន​បុរស​ដែល​រងគ្រោះ​ដោយសារ​អំពើហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​ស្ត្រី​ដែរ ដែល​ពួកគេ​ត្រូវបាន​ភរិយា​របស់ខ្លួន​ធ្វើឃាត​។ បុរស​ទាំងនោះ​គួរតែ​ទទួលបាន​ការការពារ​ដូចគ្នា​ដែ​រ‍​»​។​
 
​អាជ្ញាធរ​តួ​ក​គី​កាលពី​ដើមឡើយ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការតវ៉ា​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ទេ ប៉ុន្តែ​ក្រោយមក​អាជ្ញាធរ​បានអនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ការតវ៉ា​នៅតាម​ដងផ្លូវ​មួយចំនួន​។ ប៉ូលិស​បាន​បាញ់​ទឹក​ធ្វើ​ឲ្យ​ក្រហាយ​ភ្នែក​ទៅលើ​ហ្វូង​អ្នក​តវ៉ា​ដើម្បី​បំបែក​អ្នក​តវ៉ា​ដែល​ដើរ​ហួស​ពី​ដែន​កំណត់​ដែល​អាជ្ញាធរ​បានអនុញ្ញាត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com