ជាតិ
២៥ខេត្ត/រាជធានី
ThmeyThmey25 ត្រូវបានជ្រើសរើសដោយគម្រោងមួយរបស់ UNDP
× ភ្នំពេញ៖ ThmeyThmey25រាជធានី-ខេត្ត និងស្ថាប័នចំនួន ៤ផ្សេងទៀត ក្នុងចំណោមបេក្ខភាពចំនួន ៣៧ បានជាប់ក្នុងគម្រោង Media Alternatives Business Challenge របស់កម្មវិធីអភិវឌ្ឃន៍អង្គការសហប្រជាជាតិ (UN Development Programme, UNDP)។ គម្រោង Media Alternatives Business Challenge នេះ នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។
គម្រោង Media Alternatives Business Challenge បង្កើតឡើងក្នុងទិសដៅជួយពង្រឹងសមត្ថភាពសហគ្រិនស្ត្រីវ័យក្មេងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ដោយសំដៅធ្វើយ៉ាងណាអាចបង្កើតប្រភពចំណូលថ្មី និងមាននិរន្តរភាព។ គម្រោង Media Alternatives Business Challenge របស់ UNDP បានជួយគាំទ្រថវិកា និងការបណ្ដុះបណ្ដាលដល់សហគ្រិនស្ត្រីវ័យក្មេងអំពីយុទ្ធសាស្ត្រអាជីវកម្ម។
គម្រោងនេះ មានស្ថាប័ន និងបេក្ខភាពចំនួន ៣៧ ចូលរួមប្រកួតប្រជែង ដោយជម្រុះសល់ ១២ស្ថាប័ន ដើម្បីប្រកួតយកត្រឹម ៥ស្ថាប័នប៉ុណ្ណោះ។ បេក្ខភាពទាំង៥ ដែលជាប់ក្នុងគម្រោង Media Business Challenge របស់ UNDP រួមមាន ThmeyThmey25រាជធានី-ខេត្ត, Digital Noodle, Chatva Plus, Dosslarb និងWapatoa។
ThmeyThmey25រាជធានី-ខេត្ត ជាគម្រោងដែលផ្សព្វផ្សាយផ្ដោតលើកសិកម្ម, ទេសចរណ៍, ជំនួញខ្នាតតូច-មធ្យម និងផលិតផលអត្តសញ្ញាណ ដែលជួយលើកកម្ពស់ដល់ជីវភាពពលរដ្ឋនៅតាមសហគមន៍។ ដោយឡែក Chatva Plus គឺជាគម្រោងដែលបង្កើតភាពយន្តខ្នាតខ្លី សំដៅលើបញ្ហាសង្គម ដោយផ្ដោតសំខាន់លើស្ត្រីក្នុងការជំរុញឲ្យមានការប្រកួតប្រជែងលើវិស័យប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា។
សម្រាប់ Digital Noodle គឺជាគម្រោងមួយរបស់ស្ថាប័ន 606 ដែលផ្តោតលើការផលិតមាតិកាដូចជា Video, Podcast និង Event ទាក់ទងនឹងសហគ្រិនភាពក្នុងវិស័យឌីជីថល។ ចំពោះ Dosslarb វិញ គឺជាគម្រោងដែលផ្ដោតលើបញ្ហាផ្លូវភេទ និងសុខភាពស្ត្រីវ័យក្មេងនៅកម្ពុជា និង Wapatoa គឺជាវេបសាយ ដែលផ្ដោតលើការអប់រំ, សុខភាព និងវប្បធម៌។ សូមបញ្ជាក់ថា ជ័យលាភីខាងលើ នឹងទទួលបានការបណ្ដុះបណ្ដាលពី SHE Investments អំពីយុទ្ធសាស្ត្រអាជីវកម្មរយៈពេល ៥ខែផងដែរ៕
Tag:
កសិកម្ម
ThmeyThmey25រាជធានី-ខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com