អន្តរជាតិ
តារា K-pop ២​នាក់ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​ពីបទ​រំលោភ​សេពសន្ថវៈ​
29, Nov 2019 , 4:31 pm        
រូបភាព
Jung Joon-young (ឆ្វេង) និង Choi jong-joon (Korea Times)
Jung Joon-young (ឆ្វេង) និង Choi jong-joon (Korea Times)
ដោយ:
​តុលាការ​កូរ៉េខាងត្បូង នៅ​ថ្ងៃ​សុក្រ ២៩ វិច្ឆិកា បាន​កាត់ទោស​តារា K-pop ២​នាក់​ឲ្យ​ជាប់គុក​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​។ ម្នាក់​គឺ​តារាចម្រៀង លោក Jung Joon-young ត្រូវ​ជាប់គុក​៦​ឆ្នាំ និង​ម្នាក់ទៀត​គឺ​លោក Choi Jong-hoon ត្រូវ​ជាប់គុក​៥​ឆ្នាំ​។ បន្ថែម​ពី​ទោស​នេះ អ្នក​ទាំងពីរ ក៏​រង​ចោទប្រកាន់​ពីបទ​លួច​ថត​វីដេអូ​អាសអាភាស​ពួកគេ​ផងដែរ​។​

 
​តារាចម្រៀង Jung Joon-young អាយុ​៣០​ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុង​ខែមីនា ឆ្នាំ​២០១៩​។ ចំណែក លោក Choi Jong-hoon អាយុ​៣០​ឆ្នាំ​ដូចគ្នា ហើយ​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង​បុរស​ដ៏​ល្បី​មួយ​របស់​កូរ៉េខាងត្បូង FT Island ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ ឧសភា​។ 
 
​បុរស​ទាំងពីរ​នាក់​នេះ ក៏​ជា​សមាជិក​នៃ​ក្រុម Chat អន​ឡាញ ដែល​ចែករំលែក​វីដេអូ​អាសអាភាស ហើយ​និយាយ​លេងសើច​អំពី​ស្ត្រី​ដែល​ពួកគេ​ដាក់​ថ្នាំ ហើយ​ធ្វើ​សកម្មភាព​រំលោភ​។  នេះ​បើតាម​ការបញ្ជាក់​របស់​តុលាការក្រុង​សេ​អ៊ូ​ល​។ ទន្ទឹមនេះ តុលាការ ក៏​ដាក់ទោស​ឲ្យ​ជនល្មើស​ទាំងពីរ​នាក់​នេះ​ទៅ​រៀនសូត្រ​វគ្គ «​ការព្យាបាល​អំពើហិង្សា​ផ្លូវភេទ​» រយៈពេល​៨០​ម៉ោង​រៀងៗ​ខ្លួន​ផងដែរ ហើយ​ហាមឃាត់​ពី​ការធ្វើការ​ជាមួយ​ក្មេងៗ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​ចៅក្រម Kang Seong-soo បានបញ្ជាក់​ឲ្យ​ដឹងថា តារាចម្រៀង Jung បាន​រំលោភ​ផ្លូវភេទ​លើ​ស្ត្រី​ដែល​ស្រវឹង​ជោកជាំ​ហើយ​លែង​អាច​ប្រកែក​បាន​។ ម្យ៉ាងទៀត​បុគ្គល​រូបនេះ ក៏បាន​ថត​វីដេអូ​ពួកគេ​អាក្រាតកាយ​និង​ធ្វើ​សកម្មភាព​រួមភេទ ហើយ​ចែករំលែក​ចូល​ទោ​ក្នុង​ក្រុម Chat ។ លោក​ចៅក្រម​និយាយ​ទាំង​សោកសៅ​ថា​៖«​យើង​ពុំ​អាច​ស្រមៃ​ឃើញ​ពី​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ​មាន នៅពេល​ពួកគេ​បានដឹង​រឿងនេះ​»​។ 
 
​យ៉ាងណាមិញ ក្នុងការ​ឆ្លើយបំភ្លឺ​នៅមុខ​តុលាការ​ជា​លើកចុងក្រោយ លោក Jung បាន​ឆ្លើយថា លោក​សោកស្តាយ​ជាខ្លាំង​ចំពោះ​ទង្វើ​ដ៏​ឆ្លួ​ត​លីលា​របស់លោក ហើយ​លោក​មាន​វិប្បដិសារី​យ៉ាង​ធំធេង​។ ក្នុង​ខែឧសភា តារាចម្រៀង​រូបនេះ បានសម្រេច​លាឈប់​ពី​វិស័យ​សិល្បៈ ក្រោយពី​សារភាពថា លោក​ពិតជា​បាន​លួច​ថត​វីដេអូ​នារី​ទាំងនោះ ហើយ​ចែករំលែក​តាម​បណ្តាញ​អន​ឡាញ​មែន​។ ដោយឡែក តារាចម្រៀង K-pop ម្នាក់ទៀត គឺ​លោក Choi Jong-hoon តុលាការ អះអាងថា បុរស​វ័យ​៣០​ឆ្នាំ​រូបនេះ ពុំ​បង្ហាញ​អារម្មណ៍​វិប្បដិសារី​ចំពោះ​ការ​រំ​លោទ​បំពាន​ផ្លូវភេទ​លើ​ស្ត្រី​ជា​ជនរងគ្រោះ​ដែល​ស្រវឹង​ទាំង​នោះឡើយ​។​
 
​សូមបញ្ជាក់ថា សំណុំរឿង​ប្រឆាំង​អ្នក​ទាំងពីរ​នេះ បាន​រកឃើញ​អំឡុង​ការស៊ើបអង្កេត​ដាច់ដោយឡែក​មួយ​របស់​ប៉ូលិស​ក្នុងករណី​របស់​កំពូល​តារាចម្រៀង K-pop ល្បីល្បាញ​ម្នាក់ទៀត ឈ្មោះថា Seungri ។ ជា​អតីត​សមាជិក​ក្រុម​ចម្រៀង Bigbang តារាចម្រៀង​រូបនេះ ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​សមាជិក​ម្នាក់​នៃ​ក្រុម Chat របស់លោក Jung ផងដែរ​។ Seungri ត្រូវបាន​កាត់ទោស​ពី​យក​ទីតាំង​ក្លឹប​កម្សាន្ត​ប​ស់លោក​ជាទី​បម្រើ​សេវាកម្ម​ផ្លូវភេទ​ដល់​ក្រុម​អ្នកវិនិយោគ​បរទេស​៕

Tag:
 កូរ៉េខាងត្បូង​
  K-pop
© រក្សាសិទ្ធិដោយ thmeythmey.com