ជាតិ
ប្រធាន​UN​ប្រចាំ​កម្ពុជា ចង់​ជួយ​ខេត្ត​ព្រះសីហនុ ឱ្យក្លាយ​ទៅជា​ទីក្រុង​ឆ្លាត​វៃ​
30, Nov 2019 , 11:57 am        
រូបភាព
​ភ្នំពេញ​៖ អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ចង់​ជួយ​រៀបចំ​ខេត្ត​ព្រះសីហនុ ឱ្យក្លាយ​ទៅជា​ទីក្រុង​ឆ្លាត​វៃ​។ គោលបំណង​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​លោកស្រី Pauline Tamesis ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដឹកនាំ​តំណាង​អង្គការ​ចំនួន​៧​ទៀត ជួបពិភាក្សា​ជាមួយ​លោក គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ ដើម្បី​ឈ្វេងយល់​អំពី​វឌ្ឍនភាព​នៃ​ការផ្លាស់ប្តូរ និង​ការអភិវឌ្ឍន៍​ខេត្ត កាលពី​ថ្ងៃទី​២៩ វិច្ឆិកា​។​


 
​តាមរយៈ​ការពិភាក្សាគ្នា​នោះ​លោកស្រី Pauline Tamesis បានកត់សម្គាល់​ឃើញថា ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ បានបង្ហាញ​ពី​សក្តានុពល​ចម្បង ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​ជាតិ​ទាំងមូល ។​ប៉ុន្តែ​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ ក៍មាន​បញ្ហា​ប្រឈម​មួយចំនួន ដោយសារ​កត្តា​អភិវឌ្ឍ​មាន​ល្បឿន​លឿន​ពេក ហើយ​ការគ្រប់គ្រង​មិនបាន​ហ្មត់ចត់​នោះ វា​អាច​នាំឱ្យ​ប្រជាពលរដ្ឋ​នៃ​ចំណែក​ណាមួយ​មិនបាន​ទទួលផល​តាម​ទាន់​គេ​។ ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ចង់​ជួយ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​នេះ ទៅជា​ទីក្រុង​ឆ្លាត​វៃ​។​
 
​ហ្វេ​ស​ប៊ុ​ក​ខេត្ត​ព្រះសីហនុ បាន​ស្រង់​សម្តី​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​រូបនេះ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បានដឹងថា ទីក្រុង​ឆ្លាត​វៃ ជា​គោលដៅ​មួយ ដែល​យើង​ចង់​អភិវឌ្ឍ ហើយ​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ ជា​ទិសដៅ​មួយ​ក្នុងការ​អភិវឌ្ឍ​ជាទី​ក្រុង​ឆ្លាត​វៃ ។ អង្គការសហប្រជាជាតិ ចង់​ចូលរួមចំណែក​សហការ​ជួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឱ្យទៅជា​ទីក្រុង​ឆ្លាត​វៃ យើង​មាន​វិធី​ច្រើន​ដើម្បី​សម្រេច​ទីក្រុង​មួយ​ឆ្លាត​វៃ​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន »​។​
 
​បើតាម​អង្គការសហប្រជាជាតិ វិធី​មួយ​ដែល​ឈានដល់​ការអភិវឌ្ឍ​ទៅ​ទីក្រុង​ឆ្លាត​វៃ ប្រកបដោយ​និរន្ត​ភាព​នោះ គឺ​ការចូលរួម​ស្តាប់​មតិយោបល់​របស់​ប្រជាពលរដ្ឋ ពី​បំណង​ដែល​ពួកគេ​។  «​ទី​១ ផ្តោតលើ​អ្នក​និ​យោគ​ទុន​ដែលមាន​ទស្សន​យល់ឃើញ​ចង់ឱ្យ​ទីក្រុង​យើង​ល្អ ។​ទី​២ លក្ខណ​បរិ​យា​ប័ន្ន ការអភិវឌ្ឍ​ទីក្រុង​របស់​យើង​មិន​សម្រាប់​បុគ្គល​មួយចំនួន​ទេ គឺ​សម្រាប់​ទាំងអស់គ្នា និង​៣ ការគាំទ្រ​ដល់​រដ្ឋអំណាច​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្លើយតប​ទៅ នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​»​។ នេះ​បើតាម​លោកស្រី Pauline Tamesis ដែល​បាន​បន្ថែមថា តាម​បទពិសោធន៍​ប្រទេស​លើ​សកលលោក​មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ៨០​ភាគរយ ទទួលបាន​ពី​ការអភិវឌ្ឍ​ក្នុង​ទីក្រុង ។​ដោយឡែក​សម្រាប់​កម្ពុជា GDP ៥០​ភាគរយ ចេញពី​ការអភិវឌ្ឍ​ក្នុង​ទីក្រុង​ដែរ​។​
 
​នៅ​រយៈពេល​៥​ឆ្នាំ​ខាងមុខ អង្គការសហប្រជាជាតិ នឹង​រៀបចំ​កិច្ចការ​ចំនួន ៥​ផ្នែក ដោយ​ការងារ​ស្នូល ផ្ដោតលើ​ការងារ​គ្រប់គ្រង​នគរូបនីយកម្ម​, ការគ្រប់គ្រង​ធ្វើ​ផែនការ​ឱ្យបាន​ហ្មត់ចត់​។ បើតាម​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ការគ្រប់គ្រង​ការអភិវឌ្ឍ​ទីក្រុង គឺជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ដោយ​យកចិត្តទុកដាក់​លើ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង ហើយក៏​ជា​យន្តការ​មួយ​មាន​និរន្តរភាព ដែល​ធ្វើឱ្យ​ទីក្រុង​ទទួលបាន​ផល​ស្មើៗ​គ្នា ប្រកបដោយ​សមធម៌​សម្រាប់​ប្រជាពលរដ្ឋ​។ 
 
​អភិបាលខេត្ត​ព្រះសីហនុ គាំទ្រ​គោល​គំនិត​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​នេះ​។ ប៉ុន្តែ​លោក ក៏​ស្នើឱ្យ​អង្គការសហប្រជាជាតិ រៀបចំ​ឯកសារ​ធ្វើ​បទ​បង្ហាញ​ទីក្រុង​ឆ្លាត​វៃ និង​បន្តធ្វើ​ការងារ​ជាមួយ​មន្ត្រី​របស់​ខេត្ត ។ ជាពិសេស​ជួយ​បណ្តុះបណ្តាល​បច្ចេកវិទ្យា ក៍​ដូចជា​ជួយផ្ដល់​ជា​ឧបករណ៍ សម្ភារៈ ក្នុងការ​ចូលរួម​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ទៅជា​ទីក្រុង​ឆ្លាត​វៃ​នេះ​។​
 
​កន្លងមក​រាជរដ្ឋាភិបាល​បានកំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ដែលមាន​តំបន់​សេដ្ឋកិច្ច ៥​កំពុងដំណើរការ និង​ផ្តល់​ការងារ​ជូន​យុវជន​ជាង ៨​ម៉ឺន​នាក់ ។ ចំណែក​តំបន់​សេដ្ឋកិច្ច ៤​ទៀត​កំពុង​សាងសង់ ។ ខេត្ត​ព្រះសីហនុ មាន​កោះ​៣២ ឆ្នេរ​ប្រវែង ១៧៥​គីឡូម៉ែត្រ ,​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ មាន​ទំនិញ​ឆ្លងកាត់​ជាង ៧០​ភាគរយ​ទូទាំងប្រទេស ហើយ​បច្ចុប្បន្ន​រដ្ឋបាលខេត្ត មានលទ្ធភាព​អាចឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១០​ម៉ែត្រ​ចូល​ចត និង​កំពុង​ពង្រីក​បន្ថែម​ដើម្បីឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៣.៥០​ម៉ែត្រ​ចូល​ចត​នៅពេល​ខាងមុខ ដើម្បី​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន ក៍​ដូចជា​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ នេះ​បើតាម​លោក គួច ចំរើន​៕

Tag:
 គួច ចំរើន
  UN
  ទីក្រុង​ឆ្លាត
© រក្សាសិទ្ធិដោយ thmeythmey.com