អន្តរជាតិ
ករណី​ចាក់​សម្លាប់​នៅ​ក្រុង​ឡុង​ដ៍​៖​ជនដៃដល់​ជា​អតីត​អ្នកទោស​ភេរវកម្ម​
30, Nov 2019 , 1:55 pm        
រូបភាព
ដោយ:
​បុរស​ដែល​ធ្វើ​សកម្មភាព​វាយប្រហារ​ដោយ​ចាក់​កាំបិត​នៅ​ស្ពាន​ទីក្រុង ឡុង​ដ៍ គឺជា​អតីត​អ្នកទោស​ដែល​ជាប់ពិរុទ្ធ​ក្នុង​អំពើ​ភេរវកម្ម​។ ជនដៃដល់​រូបនេះ បើតាម​សម្តី​ប៉ូលិស មាន​ឈ្មោះថា Usman Khan មាន​អាយុ​២៨​ឆ្នាំ​។

 
​ជន​រូបនេះ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន នៅពេល​វាយប្រហារ ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​៣​នាក់​ផ្សេងទៀត រងរបួស​។ បុរស​រូបនេះ ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​នៅ​ហ្នឹង​កន្លែង​។ ក្រោយមក ប៉ូលិស បានប្រកាស​ការវាយប្រហា​រ​នេះ​ថា​ជា អំពើ​ភេរវកម្ម​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ជំនួយការ​ស្នងការ​ប៉ូលិស​ក្រុង លោក Nei Basu បញ្ជាក់​ឲ្យ​ដឹងថា​៖«​លោក Usman Khan ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ក្នុង​ខែធ្នូ ២០១៨»​។ លោក បន្តថា ខណៈ​នេះ​ប៉ូលិស កំពុង​ស្ថិតនៅ​ការស៊ើបអង្កេត​ដំណាក់កាល​បឋម​នៅឡើយ ដូច្នេះ​ប៉ូលិស​ពុំ​អាច​បញ្ជាក់​បានទេ​ថា នរណា​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ​។ 
 
​សូមបញ្ជាក់ថា ការ​ប្រហារ​ដោយ​ចាក់​កាំបិត​សម្លាប់​នេះ បានចាប់ផ្តើម​នៅវេលា​ម៉ោង ២​រសៀល (​ម៉ោង​ក្នុងស្រុក​) កាលពី​ថ្ងៃ​សុក្រ ២៩ វិច្ឆិកា នៅ​វិមាន Fishmongers' ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ London Bridge ។ នៅ​ទីនោះ សន្និសីទ​សកលវិទ្យា​ល័យ Cambridge ស្តីពី​ការកែប្រែ​អ្នកទោស ដែល​ហៅថា «​រៀនសូត្រ​រួមគ្នា​» បានរៀបចំ​ឡើង​។ 
 
​ជនសង្ស័យ​នោះ បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​នោះ​។ បើតាម​កាសែត​អង់គ្លេស Times លោក Usman Khan ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ដោយ​ខ្លួ​ល​យល់ព្រម​ពាក់​ស្លាក​សញ្ញា​សំគាល់ (electronic tag) និង​មាន​អ្នកតាមដាន​គ្រប់ពេលវេលា​។ ក្នុង​ព្រឹត្តិការណ៍​នោះ មនុស្ស​ជាច្រើន បាន​ចូលរួម ដែល​ក្នុងនោះ មាន​និស្សិត​ដែល​មកពី​សកល​វិទ្យាល័យ Cambridge និង​អតីត​អ្នកទោស​ជាដើម​៕

Tag:
 ចក្រភព​អង់គ្លេស​
  ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com