ជាតិ
សង្គមជាតិ
វិទ្យាល័យ​កំពង់ក្តី​ហាម​សិស្ស និង​អ្នកលក់ដូរ ប្រើប្រាស់​ប្លា​ស្ទិ​ក​នៅក្នុង​បរិវេណ​សាលា​
30, Nov 2019 , 9:29 pm        
រូបភាព
វិទ្យាល័យកំពង់ក្តី នៅ​ក្នុង​ខេត្ត​សៀមរាប ដែលអនុវត្តគោលការណ៍ ហាមសិស្ស គ្រូ ​ប្រើប្រាស់​​ថង់ប្លាស្ទិក កែវជ័រ និងស្នោ​ក្នុង​បរិវេណ​វិទ្យាល័យ​កំពង់ក្តី
វិទ្យាល័យកំពង់ក្តី នៅ​ក្នុង​ខេត្ត​សៀមរាប ដែលអនុវត្តគោលការណ៍ ហាមសិស្ស គ្រូ ​ប្រើប្រាស់​​ថង់ប្លាស្ទិក កែវជ័រ និងស្នោ​ក្នុង​បរិវេណ​វិទ្យាល័យ​កំពង់ក្តី
ដោយ:
​ភ្នំពេញ​៖ វិទ្យាល័យ​កំពង់ក្តី នៅក្នុង​ខេត្តសៀមរាប បាន​អនុវត្ត​គោលការណ៍ ហាម​សិស្ស គ្រូ និង​អ្នកលក់ដូរ ប្រើប្រាស់​របស់​ដែល​ច្នៃ​ពី​ប្លា​ស្ទិ​កនៅ​បរិវេណ​សាលារៀន​ជាដាច់ខាត​។ គោលការណ៍​មិន​អនុញ្ញាត​ឲ្យ​មាន​ប្លា​ស្ទិ​ក​នៅក្នុង​សាលា​នេះ ខាង​វិទ្យាល័យ​កំពង់ក្តី បាន​អនុវត្តបាន​១​ឆ្នាំ​មកហើយ​។ ជា​លទ្ធផល​សិស្សានុសិស្ស​ជាង​៨០​ភាគរយ​បាន​អនុវត្ត​គោលការណ៍​នេះ ទាំង​នៅក្នុង​សាលារៀន​ផង និង​នៅ​កន្លែង​ផ្សេងៗ​ផង​។


​លោក ព្រាប មុនី នាយក​វិទ្យាល័យ​កំពង់ក្តី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ខាង​វិទ្យាល័យ​របស់លោក​បាន​អនុវត្ត​គោលការណ៍​នេះ ដើម្បី​ឲ្យ​សិស្សានុសិស្ស គ្រូៗ និង​ពលរដ្ឋ​ទូទៅ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​បង្កើន​សោភ័ណភាព​វិទ្យាល័យ​ឲ្យ​មាន​ផាសុកភាព និង​បរិស្ថាន​ល្អ​។ បើតាម​លោក ព្រាប មុនី គោលការណ៍​នៃ​ការហាម​ឲ្យ​ប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ កើតឡើង​ដោយសារតែ​សំរាម​នៅក្នុង​ជុំវិញ​សាលា​ពោរពេញ​ទៅដោយ​សំរាម​ប្លា​ស្ទិ​ក ដែល​ងាយ​នឹង​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​សិស្ស​។​
 
​នាយក​វិទ្យាល័យ​កំពង់ក្តី​រូបនេះ បាន​បញ្ជាក់ថា ការមិន​ឲ្យ​មាន​វត្តមាន​ថង់​ប្លា​ស្ទិ​ក កែវ​ជ័រ និង​ស្នោ នៅក្នុង​វិទ្យាល័យ​បែបនេះ គឺ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ម​ន្ទីរ​ក្រសួង​អប់រំ​ខេត្តសៀមរាប ដែល​ចង់​ឲ្យ​គ្រឹះស្ថានសិក្សា​នានា ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក នៅក្នុង​ថ្នាក់រៀន ផ្ទះសម្បែង ឬ​នៅតាម​ទីសាធារណៈ​។ លោក ព្រាប មុនី បាន​ប្រាប់ថា សិស្សានុសិស្ស​បាន​យល់ដឹង​នូវ​ផលប៉ះពាល់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ​បាន​ច្រើន​គួរសម​ហើយ ហើយ​ក៏បាន​ចូលរួម​ប្រើប្រាស់​របស់​ដែល​ប្រើ​បាន​ច្រើនដង​។ ជាពិសេស​ពួកគេ​ក៏​មានការ​ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​ផងដែរ​។  


បរិវេណ​វិទ្យាល័យកំពង់ក្តី រូ​បភាពពី​វិទ្យាល័យ​កំពង់ក្តី
 
«​សិស្ស​ភាគច្រើន​យល់បាន​ល្អ​ហើយ​។ ដោយ​សិស្ស​មួយចំនួន​ប្រើប្រាស់​ប្រអប់​បាយ និង​ដប​ទឹក​ខ្លួនឯង​។ ប៉ុន្តែ​សិស្ស​មួយចំនួន​ឆ្លៀត​នាំ​នំចំណី​ដែល​ខ្ចប់​ដោយ​បា្ល​ស្ទិ​ក​ចូលក្នុង​សាលារៀន​។ វា​នៅ​តិចតួច​ទេ ដែល​មិនទាន់​អាចអនុវត្ត​បាន​។ បើ​ប្រៀបធៀប​កាលពី​យើង​មិនទាន់​ដាក់​បម្រាម​នេះ  វា​ខុសគ្នា​ឆ្ងាយ​ណាស់​។ សំរាម​ដែល​ធ្លាប់តែ​ប្រមូល និង​ដុត​មួយថ្ងៃ​ម្តង ឥឡូវ​យើង​ប្រមូល និង​ដុត​សំរាម​តែមួយ​សប្តាហ៍​ម្តង​តែប៉ុណ្ណោះ​។ កាលពីមុន​យើង​ប្រមូល​សិស្ស​រាប់រយ​នាក់​ឲ្យ​ជួយ​រើស​សំរាម ឥឡូវ​យើង​កាត់បន្ថយ​អ្នក​រើស​សំរាម​អស់ហើយ ព្រោះ​ពួកគេ​ទទួលខុសត្រូវ​រៀងៗ​ខ្លួន​ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​នាយក​វិទ្យាល័យ​កំពង់ក្តី ដែល​បាន​បន្ថែមថា មិន​ត្រឹមតែ​ឲ្យ​សិស្ស​គោរព​តាម​គោលការណ៍​នេះ​ទេ សូម្បី​អ្នកលក់ដូរ​នំចំណី​នៅក្នុង​សាលារៀន ខាង​សាលា​ក៏មាន​ការហាម​ប្រាម​លក់​នំចំណី​ណា​ដែល​ខ្ចប់​ដោយ​ថង់​បា្ល​ស្ទិ​ក កែវ​ជ័រ ដែល​ជំនួស​វិញ​ដោយ​ប្រើប្រាស់​ក្រដាស និង​ស្លឹកចេក និង​ស្លឹក​ឈូក​។ 
 
​ចំពោះ​សិស្ស​ដែល​មិន​អនុវត្ត​គោលការណ៍​នេះ ខាង​សាលា​ក៏​បង្កើន​ការណែនាំ​នៅតាម​ថ្នាក់រៀន​បន្ថែមទៀត តាមរយៈ​ការផ្តល់​ដំបូន្មាន​ពី​លោកគ្រូ អ្នកគ្រូ​ប្រចាំ​ថ្នាក់​។ សម្រាប់​សិស្ស​ដែល​បោះចោល​សំរាម​ផ្តេសផ្តាស​ម្តង ពួកគេ​ក៏ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​៥០០​រៀល​។ នេះ​ជាការ​លើកឡើង​របស់លោក ព្រាប មុនី នាយក​វិទ្យាល័យ​កំពង់ក្តី ដែល​បន្តថា សម្រាប់​អ្នកលក់ដូរ​នៅក្រៅ​សាលារៀន សាលា​ក៏មាន​តំណាង​ក្រុមយុវជន​ចុះទៅ​ណែនាំ​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។​
 
​តាមរយៈ​ការហាម​ឲ្យ​ប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ លោកនាយក​វិទ្យាល័យ​កំពង់ក្តី ជឿជាក់ថា​សាលារៀន និង​ទីកន្លែង​ផ្សេងៗ​ទៀត នឹង​ប្រកបដោយ​បរិស្ថាន​ល្អ​។ លោកនាយក​វិទ្យាល័យ​រូបនេះ ក៏​សង្ឃឹមថា សកម្មភាព​ដែលមាន​នៅក្នុង​វិទ្យាល័យ​នេះ នឹង​ជា​គំរូ​ភាព​ដល់​សាលាដ​ទៃទៀត ក្នុងការ​អនុវត្ត​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ​៕ 

Tag:
 វិទ្យាល័យ​កំពង់ក្តី​
 ​ប្លា​ស្ទិ​ក​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com