ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ម្ចាស់​ភោជនីយដ្ឋាន និង​ចុងភៅ ជំរុញ​ឱ្យ​កសិករ​បន្ត​ពង្រីក​ការដាំ​បន្លែ​សុវត្ថិភាព ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​
01, Dec 2019 , 9:59 am        
រូបភាព
​សៀមរាប​៖ នាពេល​បច្ចុប្បន្ន បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព កំពុងមាន​ទីផ្សារ​ល្អ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនធំ បានចាប់ផ្តើម​ងាក​មក​បរិភោគ និង​យល់​ពី​អត្ថប្រយោជន៍​របស់​វា​។ ពលរដ្ឋ​ជាច្រើន ផ្តើម​យល់​ពី​សុខភាព និង​ជ្រើសរើស​របប​អាហារ​ដែលមាន​សុវត្ថិភាព​ខ្ពស់​។ ម្ចាស់​ភោជនីយដ្ឋាន និង​ចុងភៅ បាន​ជំរុញ​ឱ្យ​កសិករ​បន្ត​ដាំ​ដុះ និង​ពង្រីក​ការដាំដុះ​បន្ថែម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែល​កំពុងមាន​តម្រូវការ​ច្រើន​។​


​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖



 
​តម្រូវការ​បន្លែ​សរីរាង្គ និង​បន្ថែ​សុវត្ថិភាព មានការ​កើនឡើង​នា​រយៈពេល​ចុងក្រោយ​នេះ ស្រប​ពេលដែល​ពលរដ្ឋ​ខ្មែរ​ដែលមាន​ជីវភាព​ធូរធារ ងាក​មក​បរិភោគ​បន្លែ​ដែល​ធានា​សុខភាព ឬ​គ្មាន​សារ​ធាតុគីមី​កាន់តែច្រើន​។ ពួកគេ​ហាក់​បារម្ភ​ពី​សុខភាព​កាន់តែខ្លាំង ពេលដែល​មានការ​ប្រកាស​ពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដែល​កើតចេញពី​ការបរិភោគ​បន្លែ​មាន​គីមី​។​
 
​ពិព័រណ៍​ផលិតផល​បន្លែ និង​ផ្លែឈើ​កម្ពុជា​លើក​ទី​១២ ធ្វើឡើង​រយៈពេល​៤​ថ្ងៃ នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២១ ដល់​២៤ វិច្ឆិកា​។ ពិព័រណ៍​នេះ ប្រមូលផ្ដុំ​ដោយ​បន្លែ និង​ផ្លែឈើ នៅតាម​បណ្ដា​សហគមន៍​ផលិត​បន្លែ និង​ផ្លែឈើ​ជាច្រើន​នៅក្នុង​ខេត្តសៀមរាប និង​មកពី​បណ្ដា​ខេត្ត​មួយចំនួន​។ ពិព័រណ៍​នេះ​ទៀតសោត ក៏​ប្រមូលផ្តុំ​អ្នក​ផលិត​និង​អ្នកទិញ ដែល​មកពី​បណ្ដា​សណ្ឋាគារ ភោជនីយដ្ឋាន​នានា​ដែរ​។​


 
​លោក ឡុង បូរ៉ា ដែលជា​ចុងភៅ​ល្បីឈ្មោះ​មួយរូប ក៏បាន​បង្ហាញ​វត្តមាន​ក្នុង​ពិព័រណ៍​នេះដែរ​។ នៅ​ឆ្នាំនេះ លោក បូរ៉ា និង​ចុងភៅ​ច្រើន​រូប​ទៀត បានរៀបចំ​ស្ដង់​ប្រកួត​ម្ហូបអាហារ​មួយ ក្នុង​បំណង​លើកស្ទួយ​ផលិតផល​បន្លែ ផ្លែឈើ និង​មុខម្ហូប​ខ្មែរ ដែល​ច្នៃ​ចេញពី​ផលិតផល​របស់​កសិក​រ​ខ្មែរ​។ លោក បូរ៉ា ចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា មាន​សារសំខាន់ ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​កសិករ ក្នុង​ការដាំ​បន្លែ​ដែល​គ្មាន​ជាតិគីមី ដើម្បី​ផ្គត់ផ្គង់​ដល់​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប​។ ការណ៍​នេះ ក៏បាន​រួមចំណែក​កាត់បន្ថយ​ការ​ចំណាកស្រុក របស់​ពលរដ្ឋ​ផងដែរ​។ លោក បូរ៉ា ចង់ឱ្យ​កសិករ​បន្ត​ដាំ និង​ស្វែងយល់​ប្រភេទ​បន្លែ​ដែលមាន​តម្រូវការ​ទីផ្សារ ពិសេស​រក​វិធីសាស្ដ្រ​ដាំ​ដុះ​គ្រប់​រដូវ​កាល​។​
 
​ចំណែក​លោក វ៉ិ​ញ សាន មេ​ចុងភៅ​ប្រចាំ​សណ្ឋាគារ អង្គរ​ផា​លេស ក៏​កំពុង​ប្រើប្រាស់​ផលិតផល​ដែលមាន​សុវត្ថិភាព​ដែរ​។ រយៈពេល​៥​ឆ្នាំ​មកហើយ ដែល​លោក វ៉ិ​ញ សាន ជ្រើសរើស​បន្លែ និង​ផ្លែឈើ របស់​កសិករ​ពី​អង្គការ​មួយ ដែល​ធានា​ពី​សុវត្ថិភាព​។ លោក​ពន្យល់ថា ការធ្វើ​ដូច្នេះ​ព្រោះ​ចង់​លើកកម្ពស់​ជីវភាព​កសិក​រ និង​កុំឱ្យ​ពួកគេ​ទុក​ដី​ទំនេរ​ចោល ព្រមទាំង​ចង់ឱ្យ​ភ្ញៀវទេសចរ បរិភោគ​អាហារ​ដែលមាន​សុវត្ថិភាព និង​មាន​ទំនុកចិត្ត​ផងដែរ បើទោះបី​បន្លែ​ទាំងនោះ មានតម្លៃ​ថ្លៃ​ជាង​បន្លែ​ធម្មតា​ក្ដី​។ ជាមួយ​នោះ លោក​ក៏​ចង់ឃើញ​បណ្ដា​ភោជនីយដ្ឋាន​ផ្សេង គាំទ្រ​ផលិតផល​កសិករ​ខ្មែរ​ដូចគ្នា​ដែរ​។​
 
​លោក វ៉ាន់​ឆៃ តំណាង​សហគមន៍​ស្រុក​បន្ទាយស្រី ដែល​ដឹកនាំ​ការរៀបចំ​ពិធី​បង្ហាញ​នំ​បញ្ចុក និង​បង្អែម បានឱ្យដឹងថា ពិព័រណ៍​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់ ដែល​អាចឱ្យ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ចូលរួម​ទស្សនា​ស្ដង់​បន្លែ និង​ផ្លែឈើ​របស់​កសិករ​ខ្មែរ​។ បន្ថែម​ពីនេះ លោក វ៉ាន់​ឆៃ ក៏បាន​កោតសរសើរ​ដ​ល់​គំនិត​កែច្នៃ របស់​កសិករ​ទៅលើ​បន្លែ និង​ផ្លែឈើ​ផ្សេងៗ ដែល​យកមក​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ​។​


 
​ពិព័រណ៍​លើក​ទី​១២​នេះ មាន​ស្ដង់​ចូលរួម​ប្រមាណ ១៥០​ស្ដង់ ដែល​ភាគច្រើន ជា​ស្តង់​លក់​បន្លែ និង​ផ្លែឈើ​។ ក្រៅពីនោះ មាន​ផលិត​សូត្រ និង​ប្រភេទ​សិប្បកម្ម​កែច្នៃ​។ នេះ​បើតាម លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប​។ លោក គឹម​លី បន្តថា​ពិព័រណ៍​នេះ ធ្វើឡើង​ក្នុង​បំណង​លើកស្ទួយ​បន្លែ និង​ផ្លែឈើ​របស់​កសិករ បង្កើន​ប្រាក់ចំណូល និង​បង្ហាញ​ពី​ការកែច្នៃ​ផលិតផល​ទាំងនោះ​។​
 
​ដើម្បី​ជួយ​គាំទ្រ​ផលិតផល​ទាំងនេះ កន្លងមក​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្តសៀមរាប បាន​សម្រួល​ការរៀបចំ​ស្ដង់​លក់​បន្លែ​កសិករ ដែល​ដាំ​ដុះ​ដោយ​សុវត្ថិភាព ហើយ​ផលិតផល​ទាំងនោះ​មានការ​គាំទ្រ​ច្រើន​នាពេល​បច្ចុប្បន្ន​។ នេះ​បើតាម លោក គឹម​លីន ដែល​បន្ថែមថា​៖«​ដើម្បី​ទ្រទ្រង់​បន្លែ​សុវត្ថិភាព​កន្លងមក ដោយសារ​មានការ​គាំទ្រ​ពី​អភិបាលខេត្ត​ប្រគល់​ទីតាំង​មួយ ផ្នែក ធ្វើ​ស្ដង់​លក់​លើ​សួនច្បារ ដើម្បីឱ្យ​លក់​បន្លែ​សុវត្ថិភាព អាច​ប្រើ​បាន​ជិត​២០​ស្ដង់​។ តែ​យើង​ទើប​លក់បាន​ប្រហែល​១០​ស្ដង់ ដោយសារ​យើង​ព្យាយាម​ធ្វើការ​ជាមួយ​មន្ទីរ​កសិកម្ម ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចង់ឱ្យមាន​បន្លែ​សុវត្ថិភាព​លក់​នៅទីនេះ​»​។ 
 
​ក្រៅពីនេះ មន្ទីរ​ពាណិជ្ជកម្ម បាននិងកំពុង​ព្យាយាម​ភ្ជាប់​ផលិតផល​កសិករ ទៅកាន់​ទីផ្សារ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ផងដែរ​។ លោក គឹម​លី ពន្យល់ថា ផលិតផល​ដែល​កសិករ​ផលិត​បានល្អ គឺ​ត្រូវបាន​លើកទឹកចិត្ត ដោយ​បញ្ជូន​ទៅកាន់​ទីផ្សារ​មួយ ដែលមាន​ការជឿទុកចិត្ត ដូចជា​ផ្សារ​ទំនើប និង​ភោជនីយដ្ឋាន ដែល​គេ​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់​ជាដើម​។​
 
​យ៉ាងណាក៏ដោយ ការផលិត​បន្លែ​សុវត្ថិភាព ឬ​សរីរាង្គ​របស់​កសិករ​ខ្មែរ មិនទាន់បាន​ទូលំទូលាយ​នោះទេ​។ ការដាំដុះ​នៅ​ពឹង​ខ្ពស់ លើ​ប្រព័ន្ធ​ស្រោចស្រព​បែប​ធម្មជាតិ​។ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ក៏​ទទួលស្គាល់​ត្រង់ចំណុច​នេះ និង​ថា​ជា​អ្វីដែល​ពិបាក ក្នុង​ការរក​ទីផ្សារ​ជូន​កសិករ​ដែរ​។ មួយទៀត គឺ​ទីផ្សារ​បន្លែ​នៅក្នុង​ខេត្តសៀមរាប ក៏មាន​ទំនាក់ទំនង​គ្នា​ទៅនឹង​ចំនួន​ទេសចរ​ដែរ​។ កំណើន​ទេសចរ ធ្វើឱ្យមាន​កំណើន​បន្លែ និង​ផ្លែឈើ​ដូចគ្នា​៕  



















Tag:
 បន្លែ​សុវត្ថិភាព​
  កសិករ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com