ពីនេះ ពីនោះ
រូបត្លុក
ព្រឹក​ថ្ងៃអាទិត្យ​នេះ​, សុធី ខឹង សំណាង រឿង សំណាង ទាញ​តម្លៃ​គ្រូបង្រៀន​ទម្លាក់​!
01, Dec 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដូច​សព្វដង ទាំងពីរ​នាក់​ផឹក​កាហ្វេ​នៅ​កន្លែង​ដដែល​។ តែ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ សុធី និង​សំណាង មិន​និយាយ​ពី​រឿង​ដីធ្លី​ទៀតឡើយ​។ នៅ​ព្រឹក​នេះ សុធី និង​សំណាង ដំឡើង​ស​សៃ​ក​ដាក់គ្នា​ជុំវិញ​រឿង​អាជីព​គ្រូបង្រៀន​។


 
​សំណាង​៖ អាជីព​គ្រូបង្រៀន បង្រៀន​គេ​ឲ្យ​ចេះដឹង ឲ្យ​ចេះ​ធ្វើ តែ​ខ្លួនឯង​ដូចជា​មិនសូវ​«​មានបាន​»​ហ៊ឺហា​អី​សោះ អា សុធី​។ 
​សុធី​៖ អា សំណាង​។ អត់​ហ៊ឺហា​អី​អ្ហា​។ ធ្វើជា​គ្រូបង្រៀន​ជួយ​កូន​គេ ជួយ​សហគមន៍ និង​ជួយ​សង្គមជាតិ​ច្រើន​ណាស់ណា៎​។ គ្រូបង្រៀន​មានតម្លៃ មិនអាច​កាត់ថ្លៃ​បានឡើយ​។ 
​សំណាង​៖ អាហ្នឹង អញ​ដឹង​វា​អ៊ីចឹង​ហើយ​។ តែ​គ្រាន់​អញ​ថា ជីវភាព​គ្រូបង្រៀន​ដូចជា​មិនសូវ​អស្ចារ្យ​ដូច​អាជីព​ផ្សេង​សោះ​។ 
​សុធី​៖ ចុះបើ​អ្ហែង​ដឹង​ហើយ ហេតុ​អី​អ្ហែង​ចង់តែ​មើលងាយ​គ្រូបង្រៀន​អ៊ីចឹង​។ 
​សំណាង​៖ (​សំណាង ចង់​ធ្វើ​ឲ្យ សុធី ខឹង​)​។ អញ​មិន​មើលងាយ​គ្រូបង្រៀន​ទេ តែ​អញ​សង្កេតឃើញ​គ្រូបង្រៀន​ខ្លះ ធ្វើ​គ្រូ​រហូត រីឯ​កូនសិស្ស​របស់គាត់​«​ឡើង​ធំ​»​អស់រលីង ចំណែកឯ​គាត់​វិញ នៅតែ​ជា​គ្រូ​ស្ទើរ​អស់​មួយជីវិត​។ ករណីនេះ មាន​ច្រើនណាស់​អា សុធី កុំ​និយាយ​លេង​អ្ហា​។ 
 
​សុធី​៖  (​ក្តៅស្លឹកត្រចៀក​)​។ អា សំណាង​។ អ្ហែង​ចូលដល់​មើលងាយ​គ្រូបង្រៀន​កាន់តែខ្លាំង​ឡើងៗ​ហើយ​។ អ្ហែង​ដឹង​ទេ​ថា អាជីព​គ្រូបង្រៀន គឺជា​មេ​អាជីព​បង្កើត​អាជីព​ដទៃទៀត​។ អញ​សួ​រឯង​ថា បើ​គ្រូបង្រៀន​ឡើង​ធ្វើ​«​អ្នកធំ​»​អស់ តើ​មាន​អាណា​បង្រៀន​កូនចៅ​យើង​បន្តទៀត​? 
 
​សំណាង​៖ ថា អញ​ដឹង​ហើយ​!​។ អញ​គ្រាន់តែ​លើកឡើង​យកមក​ជជែក​លេង​តើ​!​។ 
​សុធី​៖ អា សំណាង​។ លេងសើច​រឿង​អី​ផ្សេង​បាន​។ តែ​កុំ​មើលងាយ​គ្រូ​ឲ្យ​សោះ​ណា អា សំណាង​។​
 
​ក្រេប​កាហ្វេ​អស់​មួយ​កែវ សំណាង និង​សុធី ក៏​បែក​គ្នា​ទាំង​មិនសូវ​សប្បាយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ តែ​ទោះជា​យ៉ាងណា អ្នក​ទាំងពីរ​សន្យា​ជួបគ្នា​នៅ​សប្តាហ៍​ក្រោយ​ទៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com