អន្តរជាតិ
សភាស៊ីវិល និងកូតាយោធាមីយ៉ាន់ម៉ា ប្រទាំងប្រទើសគ្នារឿងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ កិច្ចប្រជុំសភាមីយ៉ាន់ម៉ា។ រូបភាព Xinhua
× សភាមីយ៉ាន់ម៉ា បានជួបរឿងប្រទាំងប្រទើសគ្នាជាថ្មីរវាងក្រុមសភាស៊ីវិល និងសភាចេញពីកូតាយោធាស្តីពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ដែលកំពុងតែស្ថិតក្នុងដំណើរការពិនិត្យ និងកែសម្រួល។ រឿងប្រទាំងប្រទើសនេះ ផ្តើមចេញពីក្រុមសភាកូតាយោធា ដែលនៅតែមើលឃើញការផ្តួចផ្តើមកែប្រែរដ្ឋធម្មនុញ្ញ ជារឿងមិនស្របច្បាប់។
ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក T Khun Myat កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានព្រមានដល់សមាជិកសភា ដែលចេញពីកូតាយោធាឲ្យមានការប្រយ័ត្នប្រយែងចំពោះសកម្មភាព ឥរិយាបថ និងការប្រើប្រាស់ពាក្យសម្តីពាក់ព័ន្ធការងារកែប្រែរដ្ឋធម្មនុញ្ញ។ ប្រធានរដ្ឋសភា មិនចង់ឃើញសមាជិករដ្ឋសភាណាមួយ ប្រព្រឹត្តសកម្មភាពកាន់តែប្រាស់ចាកនឹងបទបញ្ជាផ្ទៃក្នុងនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy News។
តាមការលើកឡើងរបស់លោកប្រធានរដ្ឋសភា សមាជិកសភាមួយចំនួនរបស់អតីតបក្សកាន់អំណាចសហភាពបង្រួបបង្រួមនិងអភិវឌ្ឍ និងសមាជិកសភាកូតាយោធាដែលទទួលអាសនៈស្វ័យប្រវត្តិពីរដ្ឋធម្មនុញ្ញនោះ បានធ្វើអត្ថាធិប្បាយហួសហេតុ និងមានចេតនាអុជអាល ដែលអាចនាំឲ្យសាធារណជនមានការភាន់ច្រលំអំពីមុខងាររបស់សភា និងថែមទាំងបំពានក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងសភាទៀតផង។
តាមប្រភពព័ត៌មានដដែល សភាទាំងពីរប្រភពនេះ បានលើកឡើងពីជំហរជំទាស់ដាច់ខាតលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលធ្វើដោយគណៈកម្មការវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ក្រុមសមាជិកសភាទាំងនេះ បានអះអាងថាសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី មិនត្រឹមត្រូវ អធម្មនុញ្ញភាព និងគ្មានគោលនយោបាយច្បាស់លាស់ទៀតផង។
គួរជម្រាបថា សភាមីយ៉ាន់ម៉ា ដែលគ្របដណ្តប់ភាគច្រើនដោយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅខែកុម្ភៈកន្លងទៅ បានបង្កើតគណៈកម្មការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលមានសមាជិកមកពី១៥គណបក្ស ក៏ដូចជាតំណាងឯករាជ្យ និងតំណាងក្រុមសភាយោធា។ គណៈកម្មការនេះ គឺជាផ្នែកមួយ នៃយន្តការនាំយកប្រជាធិបតេយ្យឲ្យបានពេញលេញរបស់លោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីមីយ៉ាន់ម៉ាន់ គ្រប់គ្រងដោយយោធាអស់ជាច្រើនទសវត្សរ៍ហើយនោះ។
តាមពិតទៅការបញ្ចេញឥរិយាបថជំទាស់របស់សភាក្រុមទំនោរយោធា មិនមែនទើបតែកើតឡើងនោះទេ ពោលគឺគិតចាប់តាំងពីគណៈកម្មការកែប្រែរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា ត្រូវបានបង្កើតឡើង ក្រុមនេះ បានពហិការចូលរួម និងជំទាស់ការលើកឡើងជាច្រើនលើកច្រើនសារមកហើយ។ តែនេះ ក៏មិនមែនជារឿងចម្លែកដែរ ព្រោះដំណើរការកែប្រែនេះ មានគោលដៅធំជាងគេ គឺកាត់បន្ថយអំណាចយោធាក្នុងស្ថាប័ននីតិបញ្ញត្តិ ដែលបច្ចុប្បន្ន ក្រុមយោធាទទួលបាន២៥ភាគរយ នៃអាសនៈសភាសរុបដោយស្វ័យប្រវត្តិរួចទៅហើយ៕
Tag:
មីយ៉ាន់ម៉ា
រដ្ឋធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com