រថយន្ត
អន្តរជាតិ
Daimler បង្ហាញពីគម្រោងបោះទុនអភិវឌ្ឍរថយន្តអគ្គិសនី
× Daimler ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ ដែលជាម្ចាស់ Mercedes-Benz បានបញ្ជាក់ថា ខ្លួននឹងកាត់ការងារយ៉ាងតិច១ម៉ឺនកន្លែងនៅទូទាំងពិភពលោក ខណៈខ្លួនមានគម្រោងបោះទុនអភិវឌ្ឍរថយន្តអគ្គិសនី។
ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា លោក Wilfried Porth សមាជិកនៃគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន Daimler AG និងទទួលបន្ទុកធនធានមនុស្ស គូសបញ្ជាក់ថា ចំនួនការងារដែលនឹងត្រូវបាត់បង់ នឹងជាតួលេខ៥ខ្ទង់។ លោក បន្តថា ឧស្សាហកម្មរថយន្ត កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំធេងក្នុងប្រវត្តិសាស្ត្រ។
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ក្រុមហ៊ុន Daimler AG អះអាងថា ការអភិវឌ្ឍឆ្ពោះទៅរករថយន្តអគ្គិសនី ត្រូវការទុនវិនិយោគច្រើនសន្ធឹកសន្ធាប់ ទើបក្រុមហ៊ុនបានប្រកាសកាលពីថ្មីៗនេះថា ខ្លួននឹងដំណើរការកម្មវិធីមួយដែលមានគោលដៅបង្កើតភាពប្រកួតប្រជែង នវានុវត្តន៍ និងកម្លាំងវិនិយោគ។
ទន្ទឹមនេះ ផ្នែកនៃកម្មវិធីនេះ គឺកាត់បន្ថយបុគ្គលិកដែលក្រុមហ៊ុនចំណាយលុយប្រមាណ ១,៥៤ពាន់លានដុល្លារ ត្រឹមដំណាច់ឆ្នាំ២០២២ ហើយក្នុងចំណោមនោះ ក៏កាត់បន្ថាយចំនួនតួនាទីផ្នែកគ្រប់គ្រងប្រមាណ១០ភាគរយនៅទូទាំងប្រទេសផងដែរ។ នេះបើតាមការបញ្ជាករបស់ក្រុមហ៊ុន Daimler AG ដែលជាម្ចាស់ Mercedes-Benz។
សូមបញ្ជាក់ថា ការប្រកាសរបស់ក្រុមហ៊ុនផលិតរថយន្ត Daimler ដែលមានបុគ្គលិកទូទាំងសកលលោកជិត ៣០ម៉ឺននាក់ និងរោងចក្រក្នុង១៧ប្រទេស កើតឡើងក្រោយពីក្រុមហ៊ុនផលិតរថយន្តដែលគូប្រជែងរបស់ខ្លួន គឺ Audi បានប្រកាសនឹងកាត់បន្ថយបុគ្គលិក៩៥០០នាក់ ក្នុងចំណោមបុគ្គលិកសរុប ៦១០០០នាក់ ក្នុងប្រទេសអាល្លឺម៉ង់ដោយលើកហេតុផលស្រដៀងគ្នា៕
Tag:
អាល្លឺម៉ង់
រថយន្តអគ្គិសនី
Mercesdes-Benz
Daimler
© រក្សាសិទ្ធិដោយ thmeythmey.com