អន្តរជាតិ
ជប៉ុន សន្យា​លុយ​អភិវឌ្ឍ​ចំនួន​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អាស៊ាន​ទាំង​១០
02, Dec 2019 , 10:59 pm        
រូបភាព
លោករដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនToshimitsu Motegi ។ រូបភាព៖ Kyodo News
លោករដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនToshimitsu Motegi ។ រូបភាព៖ Kyodo News
​ប្រទេស​ជប៉ុន បាន​សន្យា​ផ្តល់ជំនួយ​វិនិយោគ និង​ឥណទាន​សរុប​ប្រមាណ​ជា ៣​ពាន់​លាន​ដុល្លារ ដល់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​១០ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​ឲ្យ​កាន់តែ​លឿន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រមុខ​ការទូត​ជប៉ុន Toshimitsu Motegi នៅ​ថ្ងៃទី​២ ខែធ្នូ​។


 
​តាមរយៈ​មូលនិធិ​អភិវឌ្ឍន៍​៣​ពាន់​លាន​ដុល្លារ ជប៉ុន គ្រោង​ផ្តល់​ឲ្យ​រយៈពេល ៣​ឆ្នាំ​។ ពោលគឺ​ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២ សម្រាប់​កែលម្អ​ហេ​ដ្ឋា​រចនា​សម្ពន្ធ ការផ្តល់​តម្លៃ​ស្ត្រី និង​ការការពារ​បរិស្ថាន​ធម្មជាតិ​។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន Toshimitsu Motegi​។ 
 
​សេចក្តីប្រកាស​របស់លោក​រដ្ឋមន្ត្រី​Motegi បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​សន្យា​នៅ​ដើមខែ​វិច្ឆិកា​ថា ជប៉ុន នឹង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ និង​ឥណទាន​ទ្វេដង នៅក្នុង​បណ្តា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង ១០​ប្រទេស​។ ជំនួយ​អភិវឌ្ឍន៍​លើក​នេះ ធ្វើឡើង​ក្នុង​គោលបំណង​គាំទ្រ ដល់​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​«​សេរី និង​បើកចំហ​» ដែលជា​យុទ្ធសាស្ត្រ​ទប់​ទល់នឹង​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។ 
 
​មូលនិធិ​អភិវឌ្ឍន៍ ៣​ពាន់​លាន​ដុល្លារ គឺជា​ការបង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ជប៉ុន ដើម្បី​គាំទ្រ​ការអភិវឌ្ឍ ដោយ​សេរី និង​យុត្តិធម៌ នៅក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។ ជាក់ស្តែង តាមរយៈ​កិច្ចពិភាក្សា ដែល​រៀបចំ​ដោយ វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​របស់​ជប៉ុន លោក​ប្រមុខ​ការទូត Motegi បាន​និយាយ​យ៉ាង​ដូច្នេះ​ថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច មិនមែន​ត្រឹមតែ​ជាការ​ផ្តល់ជំនួយ​លើ ការកសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជប៉ុន នឹង​ជួយ​អភិវឌ្ឍ​ក្នុង​រយៈពេល​វែង​។ បើតាម​លោក Motegi ទីក្រុង​តូ​ក្យូ នឹង​ជួយ​បង្កើត​ការងារ​ក្នុងស្រុក ការអភិវឌ្ឍ​ធនធានមនុស្ស ឲ្យ​ក្លាយទៅជា​ចន្ទល់​ដ៏​សំខាន់ នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ។ 
 
​ក្នុង​ចំនួន​ទឹកប្រាក់ ៣​ពាន់​លាន​ដុល្លារ​នោះ ១,២​ពាន់​លាន​ដុល្លារ នឹងត្រូវ​ផ្តល់​ឲ្យ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​របស់​ជប៉ុន ឬ​ហៅ​កាត់​ថា JICA​។  
 
​តាមរយៈ​របាយការណ៍​របស់ Fitch Solution ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNBC ជប៉ុន​បាន​កាន់​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង ១០ ជាង ៣៦៧​ពាន់​លាន​ដុល្លារ ខណៈពេល ចិន​មាន​ត្រឹមតែ​ជាង ២៥៥​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ មកដល់​ឆ្នាំ​២០១៩​។ គម្រោង​ភាគច្រើន​របស់​ជប៉ុន គឺមាន​នៅក្នុង​ប្រទេស​ហ្វីលីពីន សិង្ហ​បុរី និង​វៀតណាម​៕

Tag:
 ជប៉ុន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com