រដ្ឋាភិបាល​ជប៉ុន ទិញ​កោះ​មួយ​តម្លៃ​១៤៦​លាន​ដុល្លារ ទុក​ឲ្យ​អាមេរិក​ធ្វើ​សមយុទ្ធ​
អន្តរជាតិ
រដ្ឋាភិបាល​ជប៉ុន ទិញ​កោះ​មួយ​តម្លៃ​១៤៦​លាន​ដុល្លារ ទុក​ឲ្យ​អាមេរិក​ធ្វើ​សមយុទ្ធ​
03, Dec 2019 , 8:29 am        
រូបភាព
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​២ ខែធ្នូ បានប្រកាសថា ខ្លួន​បាន​ឯកភាព​ទិញ​កោះ​មួយ​នៅ​ភាគ​ពាយព្យ​ប្រទេស​ដើម្បី​ទុក​ឲ្យ​យោធា​អាមេរិក​ធ្វើ​សមយុទ្ធ​។ គម្រោង​ទិញ​កោះ​នេះ នឹងត្រូវ​ចំណាយលុយ​ជាង​១៤៦​លាន​ដុល្លារ សំដៅ​កាត់បន្ថយ​ការធ្វើដំណើរ​ផ្លូវការ​ឆ្ងាយ​របស់​យន្តហោះ​អាមេរិក​។

 
​កោះ Mageshima នឹង​ក្លាយជា​ទីតាំង​ហ្វឹកហាត់​សម្រាប់​យន្តហោះ​អាមេរិក​ថ្មី បន្ទាប់ពី​រដ្ឋាភិបាល​ជ​ប៉ុន​ប្រកាស​ទិញ​កោះ​នេះ​។ គម្រោង​ទិញ​កោះ​ដែល​នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ឆ្នេរ​ភាគ​ពាយព្យ លេច​រូបរាង​នៅ​ឆ្នាំ​២០១១ ខណៈ​ក្រុង​តូ​ក្យូ និង​ក្រុង​វ៉ាស៊ីនតោន បាន​ឯកភាព​ផ្លាស់ប្ដូរ​តាំង​ហ្វឹកហាត់​របស់​កម្លាំង​អាកាស​អាមេរិក​ប្រចាំ​នៅ​ជប៉ុន​។ 
 
​នាយក​លេខាធិការ​គណៈ​រដ្ឋមន្ត្រី​ជប៉ុន យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បាន​និយាយ​នៅ​ថ្ងៃទី​២ ខែធ្នូ ថា កិច្ចព្រមព្រៀង​ទិញ​កោះ​នេះ បានសម្រេច​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​កន្លងទៅ បន្ទាប់ពី​មានការ​ចរចា​រវាង​ក្រសួងការពារជាតិ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជា​គ្រប់គ្រង​ផ្នែក​ភាគច្រើន​នៃ​កោះ Mageshima ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​កោះ Mageshima នឹង​ក្លាយជា​ទីតាំង​ហ្វឹកហាត់​ជំនួស​កោះ Iwo Jima ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១២០០​គីឡូម៉ែត្រ​ពី​ទីក្រុង​តូ​ក្យូ​។ កោះ Iwo Jima ដែលជា​ទីតាំង​សមរភូមិ​បង្ហូរឈាម​បំផុត​មួយ​ក្នុង​សង្គ្រាមលោកលើកទីពីរ ស្ថិតនៅ​ឆ្ងាយ​ខ្លាំង​ពី​មូលដ្ឋាន​យន្តហោះ​អាមេរិក ដែល​ស្ថិត​លើ​កោះ Iwakuni ភាគ​ខាងលិច​ជប៉ុន​។ ក្រុង​វ៉ាស៊ីនតោន ជា​អ្នក​លើ​សំណើ​ផ្លាស់ប្ដូរ​ទីតាំង​ហ្វឹកហាត់​ដែល​នៅ​ឆ្ងាយ​ពី​បន្ទាយ​យោធា​របស់ខ្លួន​។​
 
​បើតាម​លោក ស៊ូ​ហ្កា មូលដ្ឋាន​មួយ នឹងត្រូវ​សាងសង់​លើ​កោះ Mageshima នៅពេល​ឆាប់ៗ​ខាងមុខ​ដើម្បី​ប្រើការ​ក្នុង​លំ​ហាត់​ចុះចត​។ យ៉ាងណាមិញ លោក ស៊ូ​ហ្កា មិនបាន​ផ្ដល់ព័ត៌មាន​ច្រើន​ឡើយ​ពី​ការទិញ​នេះ ដ្បិត​វា​មិនទាន់​ចប់​សព្វ​នៅឡើយ​។ ប៉ុន្តែ​ការព្រួយបារម្ភ​បាន​លេចឡើង​រួច​ហើយពី​សំណាក់​ប្រជាជន​ដែល​រស់នៅ​ក្បែរ​ខាង​កោះ​នេះ ជាពិសេស​ការរំខាន​ដោយ​សំឡេង​អំឡុងពេល​ហ្វឹ​ត​ហាត់​របស់​យន្តហោះ​អាម​រិ​ក​តែម្ដង​៕ 

Tag:
 ជប៉ុន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com