អន្តរជាតិ
លោក វី​ដូ​ដូ បដិសេធ​ការកែ​រដ្ឋធម្មនុញ្ញ​ដើម្បី​កាន់តំណែង​ប្រធានាធិបតី​បាន​មួយ​អាណត្តិ​ទៀត
03, Dec 2019 , 3:03 pm        
រូបភាព
ប្រធានាធិបតី ចូកូ វីដូដូ ក្នុងពេលស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិទីពីរ។ រូបភាព៖ New Straits Times
ប្រធានាធិបតី ចូកូ វីដូដូ ក្នុងពេលស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិទីពីរ។ រូបភាព៖ New Straits Times
​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​និយាយថា លោក​នឹងមិន​លើកសំណើ​ធ្វើ​វិសោធនកម្ម​ម្តងទៀត​ឡើយ ជាពិសេស​ទាក់ទង​ទៅនឹង​ការកែប្រែ​អាណត្តិ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​។ ទាក់ទិន​ទៅនឹង​ការធ្វើ​វិសោធន​កម្មនេះ លោក​ប្រធានាធិបតី ចូ​កូ​វី បាន​គូសបញ្ជាក់ថា គម្រោង​ពង្រីក​រយៈពេល​កាន់តំណែង​របស់​ប្រធានាធិបតី​បែបនេះ ដែល​ប្រៀបដូចជា​គេ​ទះ​មួយ​ដៃ​កណ្តាល​មុខ​។



​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​២ ខែធ្នូ បាន​គូសបញ្ជាក់ថា លោក គឺជា​អ្នក​ផ្តួចផ្តើម​គំនិត​លើ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឥណ្ឌូណេស៊ី ដើម្បី​ពង្រឹង​គោលនយោបាយ​ណែនាំ​រដ្ឋ​ឥណ្ឌូណេស៊ី (GBHN)​។
​យ៉ាងណាក៏ដោយ កិច្ចពិភាក្សា​លើ​សំណើ​មួយ​នេះ គឺមាន​ការខ្វែងគំនិត​គ្នា​ជាខ្លាំង ដោយ​ក្នុង​សំណើ​នោះ​ក៏មាន​គម្រោង​កែប្រែ​រយៈពេល​នៃ​ការ​កាន់តំណែង​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ផងដែរ​។ ពោលគឺ​កែប្រែ​ពី​ពីរ​អាណត្តិ​ទៅ ៣​អាណត្តិ​។

​ដោយសារតែ​បញ្ហា​មិន​យល់​ស្របគ្នា​បែបនេះ លោក វី​ដូ​ដូ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា ចូ​កូ​វី សម្រេច​លុបចោល​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​តែម្តង​។ ពាក់ព័ន្ធ​នឹង​ការលុបចោល​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានលើកឡើង​ក្នុង​សន្និសីទកាសែត នា​វិមាន​ប្រធានាធិបតី Merdeka Palace ក្នុង​ទីក្រុង​ហ្សា​ការ​តា ថា ការលុបចោល​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជា​រឿង​ល្អ ព្រោះ​ឥណ្ឌូណេស៊ី ចាំបាច់​ត្រូវ​ប្រឈម​ពី​សម្ពាធ​មកពី​ខាងក្រៅ​វិញ​។

​យ៉ាងណាមិញ លោក វី​ដូ​ដូ មិនបាន​បញ្ជាក់​ច្បាស់​ឡើយ​ថា សម្ពាធ​ពី​ខាងក្រៅ គឺជា​អ្វី​នោះទេ​។

​តាម​ការចុះផ្សាយ​របស់​កាសែត The Jakarta Post លោក​ប្រ​ធានា​ធា​ធិបតី​វ័យ ៥៨​ឆ្នាំ​រូបនេះ បាន​គូសបញ្ជាក់ថា មាន​មនុស្ស​មួយចំនួន​ចង់​ឲ្យ​លោក កាន់តំណែង​រយៈពេល ៣ អាណត្តិ ប៉ុន្តែ​វា​ក៏​បង្កប់​អត្ថន័យ​៣​ប្រភេទ​ផងដែរ​។ បើតាម​លោក ចូ​កូ​វី  ទីមួយ​មនុស្ស​ទាំងនោះ ចង់​ទះ​លោក​មួយ​ដៃ​, ទី​ពីរ ក្រុម​បុគ្គល​ទាំងនោះ​ទទួលបាន​ផលប្រយោជន៍​ពី​រូបលោក និង​ទី​បី គឺ​បុគ្គល​ទាំងនោះ ចង់​ឲ្យ​លោក​ធ្លាក់​ក្នុង​អ​ន្លា​ក់​។

​តាម​ការលើកឡើង​រប​ស់​ប្រធានាធិបតី វី​ដូ​ដូ ថា​មនុស្ស​ចំនួន​នោះ ទំនងជា​ចង់​សំដៅ​ដល់​ចលនា Nahdlatul Ulama (NU) ដែលជា​អង្គការ​ឥស្លាម​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។ ក្នុង​រយៈពេល​ថ្មីៗ​នេះ ក្រុម Nahdlatul Ulama បាន​ស្នើថា ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី គួរតែ​ត្រូវ​ជ្រើសរើស​ដោយ​សភាតំណាងរាស្ត្រ​វិញ ខណៈ​បច្ចុប្បន្ន ត្រូវបាន​ជ្រើសរើស​ដោយ​ប្រជាជន​ផ្ទាល់​។ ការ​ឲ្យ​សភា​ជ្រើសរើស​មេដឹកនាំ​នេះ ជាការ​ត្រឡប់​ទៅរក​សម័យ​សណ្តាប់ធ្នាប់​ថ្មី​ឡើងវិញ​៕


Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ​វី
© រក្សាសិទ្ធិដោយ thmeythmey.com