ជាតិ
សង្គមជាតិ
ប៉ូលិស​៣៦​រូប ត្រូវបាន​ដកងារ​«​ឧកញ៉ា​»
03, Dec 2019 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហនុ បានចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា ចេញពី​នគរបាល​កម្ពុជា​៣៦​រូប (​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​)​។ ព្រះរាជក្រឹត្យ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​។



​បើតាម​ព្រះរាជក្រឹត្យ នគរបាល ដែល​ត្រូវ​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​ទាំងនោះ រួមមាន នាយ​ឧ​ត្ត​ម​សេនីយ៍​២​រូប ឧ​ត្ត​ម​សេនីយ៍​ឯក​១០​រូប ឧ​ត្ត​ម​សេនីយ៍​ទោ​១០​រូប ឧ​ត្ត​ម​សេនីយ៍​ត្រី​៤​រូប វរសេនីយ៍ឯក​២​រូប វរសេនីយ៍ទោ​៦​រូប វរសេនីយ៍ត្រី​១​រូប និង អនុសេនីយ៍ឯក​១​រូប​។​

​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី បានចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​ចេញពី​កងកម្លាំងប្រដាប់អាវុធ​៧៥​រូប ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ (​យោធា កងរាជអាវុធហត្ថ និង កង​អង្គរក្ស​)​។ កងកម្លាំងប្រដាប់អាវុធ​ទាំងនោះ រួមមាន នាយ​ឧ​ត្ត​ម​សេនីយ៍​៦​រូប ឧ​ត្ត​ម​សេនីយ៍​ឯក​-​ឧ​ត្ត​មនា​វី​ឯក​២០​រូប ឧ​ត្ត​ម​សេនីយ៍​ទោ​២២​រូប ឧ​ត្ត​ម​សេនីយ៍​ត្រី​១៥​រូប វរសេនីយ៍ឯក​៦​រូប និង វរសេនីយ៍ទោ​៦​រូប​។ 

​ប្រមុខ​រដ្ឋាភិបាល  បានប្រកាស​កន្លងមក​ថា នឹងមិន​ឲ្យ​មាន​គោរមងារ​ជា​ឧកញ៉ា​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ទៀតឡើយ​។ ប្រមុខ​រដ្ឋាភិបាល បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែលមាន​គោរមងារ​ជា​ឧកញ៉ា សម្រេចចិត្ត​ជ្រើស​រើសយក​មួយ (​បើ​ចង់​បន្ត​ធ្វើជា​កងកម្លាំងប្រដាប់អាវុធ ត្រូវ​បោះបង់​គោរមងារ​ជា​ឧកញ៉ា តែបើ​ចង់​ធ្វើជា​ឧកញ៉ា ត្រូវ​ឈប់​ធ្វើជា​កងកម្លាំងប្រដាប់អាវុធ​)៕
 


Tag:
 នគរបាល​
  បញ្ចប់​ងារ​ឧកញ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com