សម្ដេច ហ៊ុន សែន​៖ ចរាចរណ៍ សំរាម និង​លូ ជា​បញ្ហា​ចម្បង​របស់​រាជធានី​ភ្នំពេញ​
ជាតិ
សម្ដេច ហ៊ុន សែន​៖ ចរាចរណ៍ សំរាម និង​លូ ជា​បញ្ហា​ចម្បង​របស់​រាជធានី​ភ្នំពេញ​
03, Dec 2019 , 10:19 pm        
រូបភាព
សម្ដេច ហ៊ុន សែន ជួបលោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា  អភិបាលក្រុងប្រាហ្សាវិល ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅថ្ងៃទី ៣ ធ្នូ
សម្ដេច ហ៊ុន សែន ជួបលោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា អភិបាលក្រុងប្រាហ្សាវិល ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅថ្ងៃទី ៣ ធ្នូ

​ដោយ​៖ ធឿន បញ្ញា​ឫទ្ធិ (​)
​ភ្នំពេញ​៖ បញ្ហា​ចរាចរណ៍ សំរាម និង​ប្រព័ន្ធ​លូ គឺជា​បញ្ហា​ចម្បង​នៅក្នុង​រាជធានី​ភ្នំពេញ​។ រដ្ឋាភិបាល កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ សម្ដេច ហ៊ុន សែន លើកឡើង​បែបនេះ នៅក្នុង​ជំនួប​ជាមួយ​លោក គ្រី​ស្យ​ង់ រ៉ូ​ហ្សេ អូ​គេ​ម​បា (Christian Roger Okemba) អភិបាលក្រុង​ប្រា​ហ្សា​វិល ប្រទេស​កុង​ហ្គោ និង​ជា​អនុប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នៅ​ថ្ងៃទី ៣ ធ្នូ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយថា បញ្ហា​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន បង្កឱ្យមាន​ការយឺតយ៉ាវ​ដល់​ការធ្វើដំណើរ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាច្រើន ។ ចំណែក​បញ្ហា​សំរាម​វិញ ក៏បង្ក​ការរំខាន​ដល់​សៅ​ភណ្ឌ​ភាព និង​អនាម័យ​ទីក្រុង ដោយសារ​កំណើន​ប្រជាពលរដ្ឋ​។ បើតាម​សម្ដេច ហ៊ុន សែន បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​សំរាម​ជាង​៣​តោន​ក្នុង​មួយថ្ងៃ​។​

«​រាជធានី​ភ្នំពេញ​គឺមាន​សំរាម​ប្រមាណ​៣​ពាន់​តោន​ក្នុង​មួយថ្ងៃ ហើយ​បើ​យើង​មិន​ប្រមូល​ទាន់​ទេ សំរាម​នេះ​នឹង​ពូន​ឡើង ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សោភណភាព​ផង អនាម័យ​ទីក្រុង​ផង​។ ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ គឺ​យើង​កំពុង​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ផ្សេងៗ​ក៏ដូចជា​វិស័យ​ឯកជន​ដែរ ដើម្បី​ធ្វើយ៉ាងណា​កែប្រែ​សំរាម​នេះ​ឲ្យ​ទៅជា​ថាមពល​អគ្គិ​ស​នីយកម​ក​ប្រើប្រាស់​ឡើងវិញ​»​។ នេះ​បើតាម​សម្រង់​សម្ដី​របស់​សម្ដេច ហ៊ុន សែន នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

​ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា បញ្ហា​អាង​សំណល់​រាវ ក៏​ជា​ក្តីកង្វល់​ដែរ ដោយសារ​រាជធានី​ភ្នំពេញ ជាទី​តាំង​ដែលមាន​កម្ពស់​ទាប (​ពី​ដើមឡើយ សុទ្ធសឹងតែ​បឹងបួរ​) ដូច្នេះ​ការបង្ហូរ​សំណល់​រាវ ទៅ​ទន្លេ​បឹងបួរ​នោះ ពុំទាន់​មានការ​ធ្វើ​អាង​ប្រព្រឹត្តិកម្ម ឬក៏​អាង​ចម្រោះ​បាន​ត្រឹមត្រូវ​នៅឡើយ ។ បើតាម​សម្ដេច ហ៊ុន សែន បញ្ហា​ចំណតរថយន្ត​នៅតាម​សួនច្បារ​នានា ក៏​កំពុង​ជួប​បញ្ហា​ប្រឈម ដែល​ត្រូវ​ដោះស្រាយ​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖«​បញ្ហា​ប្រឈម​នេះ គឺ​បណ្ដាលមកពី​ការអភិវឌ្ឍ​ដែលមាន​ភាពជឿនលឿន​ជាទីបំផុត ។​ហើយ​ការអភិវឌ្ឍ​នេះ ទៀតសោត​គឺ​បានមក​អំពី កត្តា​សុខសន្តិភាព ស្ថិរភាព ដែល​កម្ពុ​ជាមាន​។ សុខសន្តិភាព ស្ថិរភាព គឺជា​កត្តា​ទាក់ទាញ​នៃ​ការវិនិយោគ ហើយ​ការវិនិយោគ​នេះហើយ ដែល​លេចចេញ នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​កម្ពុជា​កំពុងតែជួបប្រទះ​»​។​

​ថ្វីត្បិតតែ​មិនទាន់​បានធ្វើ​ទស្សនកិច្ច​នៅ​ទូទាំង​ទីក្រុង​ភ្នំពេញ​ក៏ដោយ ក៏ប៉ុន្តែ​អ្វីដែល​បណ្ដា​អភិបាលក្រុង​ទាំងអស់ សង្កេតឃើញ និង​វាយតម្លៃ​បាន​នោះ គឺ​រាជធានី​ភ្នំពេញ ជាទី​ក្រុង​មួយ​ដែលមាន​ភាពចំណាស់ ហើយក៏​មាន​ភាព​ធន់​និង​ស្រស់បំព្រង​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក គ្រី​ស្យ​ង់ រ៉ូ​ហ្សេ អូ​គេ​ម​បា អនុប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF)​។​

​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​ស្រង់​សម្តី​អភិបាលក្រុង​ប្រា​ហ្សា​វិល ប្រទេស​កុង​ហ្គោ​រូបនេះ ដូច្នេះ​ថា​៖« ប្រតិភូ​ទាំងមូល នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ធ្វើការ​សង្កេតការណ៍ និង​សិក្សា​ពី​កម្ពុជា ដើម្បី​យក​បទពិសោធន៍​ទាំងនេះ ទៅ​អនុវត្ត​នៅតាម​ប្រទេស​របស់គាត់​រៀងៗ​ខ្លួន​ថែមទៀត »៕




Tag:
 ​ហ៊ុន សែន​
  សំរាម​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com