អន្តរជាតិ
សំណុំរឿង​ស៊ីន​ជាំ​ង​៖ រដ្ឋសភា​អាមេរិក អនុម័ត​សេចក្ដីស្នើច្បាប់​ដែល​បើកផ្លូវ​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​
04, Dec 2019 , 2:49 pm        
រូបភាព
រូបភាព៖ Flickr
រូបភាព៖ Flickr
​សភាតំណាងរាស្ត្រ​អាមេរិក នៅ​ថ្ងៃទី​៤ ខែធ្នូ បានអនុម័ត លើ​សេចក្តីស្នើច្បាប់​ស្តីពី​ជនជាតិ​វី​ហ្គ័​រ​។ សេចក្តីស្នើច្បាប់​មួយ​នេះ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​សម្ពាធ និង​ដាក់ទណ្ឌកម្ម​ទៅលើ​ទីក្រុង​ប៉េកាំង​ពាក់ព័ន្ធ​ទៅនឹង​ការបង្ក្រាប​លើ​ជនជាតិ​មូស្លីម​ភាគតិច​វី​ហ្គ័​រ​នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង ប្រទេស​ចិន​។


 
​ច្បាប់​ស្តី​ជនជាតិភាគតិច​វី​ហ្គ័​រ​ឆ្នាំ​២០១៩ ត្រូវបាន​សភាតំណាងរាស្ត្រ​អាមេរិក​អនុម័ត​ក្នុង​សំឡេង ៤០៧​ស្រប និង​១ សំឡេង​ប្រឆាំង​។ សេចក្តីស្នើច្បាប់​មួយ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ប្រឆាំង​ការបង្ក្រាប និង​ការ​ឃុំឃាំង​ជនជាតិ​មូស្លីម​ភាគតិច​នៅ​តំបន់​ស៊ីន​ជាំ​ង​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។ បើសិន​បើ​សេចក្តីស្នើច្បាប់​នេះ​ចូល​ជា​ធរមាន អាមេរិក នឹងដាក់​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ចិន និង​រឹតត្បិត​ការនាំចេញ​ផលិតផល​មួយចំនួន​ទៅ​ប្រទេស​ចិន​។ 
 
​លេខា​បក្ស​កុម្មុយនីស្ត​ចិន​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង ឈិន ឈៀន​គ័​រ ទំនងជា​មុខសញ្ញា​នៃ​សេចក្ដីស្នើច្បាប់​នេះ​។ បើ​មានការ​ដាក់ទណ្ឌកម្ម​មែ​ន​នោះ លោក ឈិន ជា​សមាជិក​ការិយាល័យ​នៃ​បក្ស​កុម្មុយនីស្ត​ចិន ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​រដ្ឋបាល​លោក ត្រាំ ។​
 
​ជាការ​ឆ្លើយតប ទីក្រុង​ប៉េកាំង បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​លើ​សេចក្តីស្នើច្បាប់​មួយ​នេះ​។ សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​ចិន​មួយ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា បញ្ហា​ក្នុង​ខេត្ត​ស៊ីន​ជាំ​ង គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ​។ ក្រសួងការបរទេស​ចិន ក៏​ស្នើ​អាមេរិក គួរតែ​កែប្រែ​ឥរិយាបថ​របស់ខ្លួន និង​បញ្ឈប់​ជាបន្ទាន់​មុនពេល​សេចក្តីស្នើ​មួយ​នេះ ក្លាយទៅជា​ច្បាប់ បើ​មិន​ដូច្នោះ​ទេ ទីក្រុង​ប៉េកាំង នឹង​ចាត់វិធានការ​តប​ទៅនឹង​ការវិវត្ត​នៃ​ដំណើរការ​សេចក្តីស្នើច្បាប់​មួយ​នេះ​។ 
 
​យ៉ាងណាក៏ដោយ ទីក្រុង​ប៉េកាំង មិនបាន​បញ្ជាក់​ច្បាស់លាស់​ឡើយ​ថា នឹង​ចាត់វិធានការ​បែបណា​នោះទេ​ដើម្បី​បញ្ឈប់​សេចក្តីស្នើច្បាប់​មួយ​នេះ មុនពេល​ដល់ដៃ​ប្រ​ធានា​ធិ​ប​តិ​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ទើប​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហុងកុង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ទីក្រុង​ប៉េកាំង អាច​នឹង​ហាមឃាត់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត​អាមេរិក​ទាំងអស់ មិន​ឲ្យ​ចូលទៅក្នុង​ទឹកដី​ខេត្ត​ស៊ី​ង​ជាំ​ង​ប្រទេស​ចិន និង​រឹតត្បិត​ការផ្តល់​វី​សា​ដល់​មន្ត្រី និង​អ្នកច្បាប់​អាមេរិក​មួយចំនួន​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់​នាយក​និពន្ធ​សារព័ត៌មាន Global Time របស់​ចិន​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​។  
 
​ទោះបីជា​សេចក្តីស្នើច្បាប់​មួយ​នេះ ត្រូវបាន​អនុម័ត​ដោយ​សភាតំណាងរាស្ត្រ​អាមេរិក​ក៏ពិតមែន ប៉ុន្តែ​វា​ត្រូវ​ឆ្លងកាត់​ទៅ​ព្រឹទ្ធសភា​អាមេរិក​ទៀត មុននឹង​ទៅដល់​តុ​របស់​ប្រធានាធិបតី ត្រាំ​។ ចំណែក​លោក ត្រាំ ក៏មាន​សិទ្ធិ​ចុះហត្ថលេខា ឬ​បដិសេធ​លើ​សេចក្តីព្រាងច្បាប់​នេះ​បាន ដោយ​ផ្អែកទៅលើ​ផលប្រយោជន៍​ជាតិ​។ ការអនុម័ត​របស់​ស​ភា​អាមេរិក​លើក​នេះ គឺធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​ច្បាប់​ប្រជាធិបតេយ្យ​ហុងកុង​។ 
 
​សូមបញ្ជាក់ថា ទំនាក់ទំនង​អាមេរិក និង​ចិន ក្នុង​រយៈពេល​ថ្មីៗ​នេះ បាន​ជួប​បញ្ហា​រកាំរកូស​យ៉ាងច្រើន​ជាមួយគ្នា ខណៈពេល​ប្រទេស​ទាំងពីរ ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​។ ជាក់ស្តែង​ដូចជា បញ្ហា​ហុងកុង អាមេរិក​បាន​ចុះហត្ថលេខា គាំទ្រ​ក្រុមបាតុករ ខណៈពេល​ចិន បាន​ចោទ​អាមេរិក​ថា បាន​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​របស់​ចិន​។ ក្រៅពី​បញ្ហា​ហុងកុង នៅមាន​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​ជាច្រើន​ទៀត ៕

Tag:
 អាមេរិក​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com