ភ្នំពេញ៖ តាមរយៈអនុស្សារណៈនៃការយោគយល់គ្នា(MOU) ដែលត្រូវបានចុះហត្ថលេខាម្សិលមិញនេះ អង្ករកម្ពុជាគ្រោងនាំអង្ករទៅកាន់ទីផ្សារថ្មីមួយទៀត គឺ អាហ្វ្រិកខាងត្បូង។
MOU នេះត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន Mekong Oryza Trade ជាមួយក្រុមហ៊ុន Hong Kong-based Hong Kong Zhoghui Taifu International និងក្រុមហ៊ុន Gree Shield Africa Group នៅថ្ងៃទី៣ខែធ្នូ ក្រោមអធិបតីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។ តាមរយៈMOU នេះ ក្រុមហ៊ុនទាំងនេះនឹងសហការនាំចេញអង្ករទៅអឺរ៉ុប ចិន និងអាហ្វ្រិកខាងត្បូង។
លោក វេង សាខុន មានប្រសាសន៍ថា ការចុះMOUនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងក្នុងការជំរុញការនាំចេញអង្គរកម្ពុជាទៅកាន់ទីផ្សារចិន សហភាពអឺរ៉ុប និងជាពិសេសនោះគឺទីផ្សារអាហ្វ្រិកខាងត្បូងដែលជាទីផ្សារអង្ករថ្មីមួយទៀតរបស់កម្ពុជា។
លោក ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុននាំចេញអង្ករ ក្រុមហ៊ុន Mekong Oryza Trade បានឲ្យដឹងថា MOUនេះ មានរយៈពេល៣ឆ្នាំ ដែលក្រុមហ៊ុនគ្រោងនាំចេញអង្ករប្រមាណ១០ម៉ឺនតោនទៅទីផ្សារអឺរ៉ុប ចិន និងអាហ្វ្រិក ដែលរំពឹងថានឹងចាប់ផ្ដើមនៅឆ្នាំ២០២០ ដែលក្នុងមួយឆ្នាំគ្រោង៣ទៅ៥ម៉ឺនតោន។
រូបពីក្រសួងកសិកម្ម
ចំពោះទីផ្សារអាហ្វ្រិកខាងត្បូង ការចុះMOUនេះគឺដើម្បីឈានដល់ការនាំចេញទៅទីផ្សារថ្មីមួយនេះ។ លោក ហ៊ុន ឡាក់ ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖«យើងចុះMOU គឺដើម្បីឈានដល់ការរួមគ្នាជជែកពិភាក្សាលម្អិតទៅលើ ចំនួន ស្ដង់ដារទិញ និងតម្លៃ។ ចំពោះចំនួន នៅពេលដែលយើងចុះកិច្ចសន្យាចុងក្រោយ នឹងបញ្ជាក់លម្អិត»។
សព្វថ្ងៃ អាហ្វ្រិកខាងត្បូងនាំចូលអង្ករភាគច្រើន ពីវៀតណាម និងឥណ្ឌា។ បើតាមលោក ហ៊ុន ឡាក់ ទីផ្សារនេះប្រើប្រាស់អង្ករសធម្មតាច្រើន និងអង្ករប្រណីតមួយចំនួន។
បើអង្ករកម្ពុជាត្រូវបាននាំទៅអាហ្វ្រិកនៅពេលខាងមុខ តាមរយៈក្រុមហ៊ុនខាងលើនេះមែន នោះគឺជាទីផ្សារថ្មីរបស់កម្ពុជា ប៉ុន្តែក៏ស្ថិតក្នុងបរិមាណតិចតួចនៅឡើយ។ ត្រង់ចំណុចនេះ លោក ហ៊ុន ឡាក់ មានប្រសាសន៍ថា កម្ពុជាត្រូវធ្វើយ៉ាងឲ្យអង្កររបស់ខ្លួនអាចប្រកួតប្រជែងតម្លៃ ដើម្បីអាចនាំចេញបានច្រើនទៅអាហ្វ្រិក។ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះបញ្ជាក់ដូច្នេះថា៖«បើសិនយើងលៃលកយ៉ាងណាឲ្យបានប្រកួតប្រជែងបាន ដឹងតែមានបរិមាណគេត្រូវការច្រើនហើយ តែបើថ្លៃពេក វាក៏បញ្ហាប្រឈមលើបរិមាណនេះដែរ។ បច្ចប្បន្នអង្ករយើងនៅថ្លៃជាងថៃ និងវៀតណាមទៅទៀត»។
លោក ហ៊ុន ឡាក់ ប្រាប់ទៀតថាក្រុមហ៊ុនលោកផ្ទាល់ព្យាយាមប្រកួតប្រជែងដើម្បីអាចនាំអង្ករទៅអាហ្វ្រិកបាន។ លោកនិយាយបែបនេះថា៖«ខ្ញុំបានជជែកជាមួយដៃគូហើយ យើងត្រូវរកមធ្យោបាយទម្លាក់ឲ្យអស់ ឲ្យមានការប្រកួតប្រជែង។ យើងមានទីផ្សារអ៊ីចឹង គឺយើងត្រូវតែខិតខំធ្វើការឲ្យមានការប្រកួតប្រជែងនេះឲ្យបាន»។ ជាមួយគ្នានេះ អនុប្រធានសហព័ន្ធស្រូវអង្កររូបនេះ លើកឡើងថា កម្ពុជាត្រូវតែស្វះស្វែងរកទីផ្សារថ្មីៗបន្ថែម ខណៈទីផ្សារសព្វថ្ងៃកំពុងតែចង្អៀត ដោយសារតែបញ្ហាតម្លៃជាដើម។
គួរបញ្ជាក់រយៈពេល១០ខែដើមឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករជាង ៤៥ម៉ឺនតោន ដែលកើនជាង៥ភាគរយ ទៅកាន់ ៥៥ប្រទេស ដោយក្រុមហ៊ុនចំនួន៨២ ៕