ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ទាំងនេះ​ជា​មូល​ហេតុដែល​មិនគួរ​ទ្រាំ​គេង​ទាំង​ឃ្លាន​
05, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទ្រាំ​គេង​ទាំង​ឃ្លាន​មិនមែនជា​ទម្លាប់​ល្អ​ឡើយ​! ធ្លាប់​ដឹង​ទេ​ថា​ការ​តម​មិន​ទទួលទាន​អាហារ​ពេល​ល្ងាច​ដើម្បី​សម្រក​ទម្ងន់ ឬ​ដោយសារ​គ្មាន​ពេល​និង​ថាមពល​ព្រោះ​ស្ត្រេ​ស​អាច​បណ្ដាលឱ្យ​អ្នក​ជួប​បញ្ហា​សុខភាព​ច្រើន​ផ្សេងទៀត​បាន​យ៉ាង​ងាយ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​មិនគួរ​ចូល​គេង​ទាំង​ឃ្លាន ៖
 
១. ភាព​ស្ត្រេ​ស​កើនឡើង​

​ការ​គេង​បាន​គ្រប់​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់ គឺ​ចាំបាច់​បំផុត​សម្រាប់​សុខភាព​មនុស្ស​គ្រប់រូប ជាពិសេស​ចំពោះ​អ្នក​ដែលមាន​ជីវិត​ពោរពេញ​ដោយ​ភាព​ស្ត្រេ​ស​។ នោះ​ក៏​ព្រោះតែ​ការ​គេង​គ្រប់គ្រាន់​ផ្ដល់ឱ្យ​រាងកាយ​និង​អារម្មណ៍​នូវ​ភាពប្រសើរឡើង​។ ទោះជា​យ៉ាងណា​យើង​មិនអាច​គេង​បាន​ស្កប់​ឡើយ​ប្រសិនបើ​ចេះតែមាន​អារម្មណ៍​ឃ្លាន​។ ទន្ទឹមនឹងនេះ​ភាព​ស្ត្រេ​ស​ក៏​មិន​ត្រូវបាន​កាត់បន្ថយ​ឡើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កុំ​ចូល​គេង​ទាំង​ឃ្លាន​។​
 
២. អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​

​ពិតណាស់​ភាព​ឃ្លាន​មិន​អនុញ្ញាតឱ្យ​អ្នក​គេង​លក់​ស្រួល​ឡើយ ហើយ​បញ្ហា​នេះ​ក៏​ជះឥទ្ធិពល​លើ​អារម្មណ៍​គួរឱ្យកត់សម្គាល់​ផងដែរ​។ ម្យ៉ាងវិញទៀត​ការ​គេង​មិន​គ្រប់​បណ្ដាលឱ្យ​រាងកាយ​ខ្វះ​នូវ​កា​ប៉ូ​អ៊ី​ដ្រា​ត​ដែល​ដើរតួនាទី​ចាំបាច់​ក្នុងការ​សំយោគ​អ័រម៉ូន​រីករាយ​សេ​រ៉ូ​តូ​នី​ន​។ ជាពិសេស​ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា​ថប់​បារម្ភ​ផងដែរ​នោះ​កុំ​ចូល​គេង​ទាំង​ឃ្លាន​ឱ្យសោះ​ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​អាក្រក់​ឡើង​។​
 
៣. ខ្វះ​ថាមពល​រាងកាយ​

​អ្នក​អាច​នឹងមាន​អារម្មណ៍​ថា​អស់​ថាមពល ឬ​គ្មាន​កម្លាំង​ខុសធម្មតា​នៅ​ថ្ងៃ​បន្ទាប់​ក្រោយពេល​ចូល​គេង​ទាំង​ឃ្លាន​ដោយ​មិនបាន​ទទួលទាន​អាហារ​ពេល​ល្ងាច​។ ការ​ឃ្លាន​មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​ការ​គេង​បាន​គ្រប់គ្រាន់​ដែល​ជួយផ្ដល់​ថាមពល​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រាងកាយ​ក៏​នឹង​មិនអាច​ទទួលបាន​ថាមពល​បន្ថែម​ដើម្បី​បំពេញ​ដំណើរការ​មុខងារ​ផ្សេងៗ​ផងដែរ​ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​អ្វី​សោះ​។​
 
៤. កើន​ទម្ងន់​

​ប្រសិនបើ​អ្នក​គិតថា​ការ​រំលង​អាហារ​ពេល​ល្ងាច​អាចជួយ​ឱ្យ​អ្នក​ស្គម​ជាង​មុន​ចូរ​គិត​ម្ដងទៀត​។ អ្នកជំនាញ​ជាច្រើន​និយាយថា​ការធ្វើ​បែបនេះ​តាមពិតទៅ​មានតែ​នាំឱ្យ​កើន​ទម្ងន់​លើស​ដើម​ប៉ុណ្ណោះ​។ នោះ​ក៏​ព្រោះតែ​ការ​គេង​មិន​គ្រប់​ដោយសារ​ឃ្លាន​ពន្យឺតដំណើរ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​ទម្ងន់រ​បស់​អ្នក​។ លើសពីនេះទៅទៀត​កង្វះ​នៃ​ការ​គេង​ជះឥទ្ធិពល​ដល់​ចំណង់​អាហារ​ធ្វើឱ្យ​អ្នក​ឃ្លាន​ខ្លាំង ហើយ​អាចនឹងទទួល​ទាន​ច្រើន​លើស​មិន​ខាន​។​
 
៥. គេង​មិន​លក់​

​ពិតណាស់​ការទទួល​ទាន​ច្រើនពេក គឺជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​គេង​លក់​មិន​ស្រួល​ស្កប់ ប៉ុន្តែ​ការចូល​គេង​ទាំង​នៅ​ឃ្លាន​ក៏​នឹងមិន​ធ្វើ​ឲ្យ​អ្នក​គេង​លក់បាន​ស្រួល​ដូចគ្នា​។ ដូច្នេះ​ការទទួល​ទាន​អាហារសម្រន់​ប្រហែល ១៥០ កាឡូរី នៅមុន​ពេល​ចូល​គេង​មួយ​ម៉ោង គឺជា​ការប្រសើរ​ដោយ​វា​ផ្ដល់អោយ​រាងកាយ​នូវ​ថាមពល​គ្រប់គ្រាន់​ជួយ​ឲ្យ​ឆាប់​គេង​លក់​។ អាហារ​ដ៏​ល្អ​ដែល​គួរ​ទទួលទាន​មុនពេល​ចូល​គេង​មានដូចជា គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​គ្មាន​ជាតិ​ផ្អែម​។​
 
​សម្គាល់ ៖ មិន​ថា​អ្នក​ព្យាយាម​សម្រក​ទម្ងន់ ឬ​គ្រាន់តែ​ខ្ជិល​គ្មាន​អារម្មណ៍​ញ៉ាំ​អាហារ​ពេល​ល្ងាច​យ៉ាងណាក៏ដោយ ប៉ុន្តែ​ដើម្បី​ចៀសផុត​បញ្ហា​សុខភាព​ផ្សេងទៀត​អ្នក​គួរ​ព្យាយាម​កែ​ទម្លាប់​នេះ​ចេញ​។ ការទទួល​ទាន​អាហារ​ពេល​ល្ងាច​សុខ​ភាពល្អ​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​។ ទោះជា​យ៉ាងណា​ក៏​មិនត្រូវ​គេង​ភ្លាម​ក្រោយ​ទទួលទាន​អាហារ​រួច​ដែរ គួរ​រងចាំ​ឱ្យ​ផុតពី ២ ទៅ ៣ ម៉ោង​សិន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com