អន្តរជាតិ
លោក គីម ខកចិត្ត ក្រោយឮសម្ដីលោក ត្រាំ ថា អាចប្រើកម្លាំងទ័ពដោះស្រាយបញ្ហា ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបនៅសិង្ហបុរី។ រូបភាព AFP
× កូរ៉េខាងជើង មិនសប្បាយចិត្តឡើយបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រលយពាក្យប្រើប្រាស់កម្លាំងដោះស្រាយបញ្ហាឡើងវិញ ស្របពេលការចរចាដើម្បីឈានទៅរំសាយនុយក្លេអ៊ែរជាប់គាំងនោះ។ មេទ័ពកូរ៉េខាងជើង ឆ្លើយតបវិញថា ក្នុងករណីចាំបាច់ កូរ៉េខាងជើង ក៏អាចប្រើប្រាស់កម្លាំងទ័ពបានដូចគ្នាដែរ។ លោក គីម ជុងអ៊ុន វិញ រឹតតែខកចិត្តខ្លាំងចំពោះសម្ដីលោក ត្រាំ ដែលជាដៃគូចរចាបីដងកន្លងមក។
«អ្វីដែលខ្ញុំចង់បញ្ជាក់ គឺការប្រើប្រាស់កម្លាំងទ័ព មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់អាមេរិកឡើយ។» នេះជាពាក្យព្រមានរបស់លោក ប៉ាក់ ជុងឆុន (Pak Jong Chon) នាយអគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើងតបទៅកាន់ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលនិយាយដល់ការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាក្នុងករណីចាំបាច់។ សម្រាប់លោក ប៉ាក់ កូរ៉េខាងជើងក៏អាចដើរលើផ្លូវនេះបានដូចគ្នា។
ក្នុងសេចក្ដីថ្លែងការណ៍ផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី៤ ខែធ្នូ មេទ័ពកូរ៉េខាងជើងបញ្ជាក់ថា៖ «គ្រប់គ្នាសុទ្ធតែអាចស្មានពីកម្រិតឆ្លើយតបស់កូរ៉េខាងជើង នៅពេលអាមេរិកបើកការវាយប្រហារមែននោះ។» លោក ប៉ាក់ ក៏ឆ្លៀតរំឭកអាមេរិកទៀតថា កូរ៉េខាងជើង និងអាមេរិកស្ថិតក្នុងស្ថានភាពធ្វើសង្គ្រាមនៅឡើយទេ ហើយបទឈប់បាញ់ (ឆ្នាំ១៩៥៣) អាចប្រែទៅជាសង្គ្រាមពេញបន្ទុកក្នុងករណីចៃដន្យណាមួយមិនខាន។
មិនត្រឹមព្រមានប្រើប្រាស់យោធាដាក់អាមេរិកឡើយ លោក ប៉ាក់ ក៏លើកពីការមិនពេញចិត្តរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ជុំវិញពាក្យសម្ដីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៀតផង។ ប៉ុន្តែមេទ័ពរូបនេះមិនបានបញ្ជាក់ទេថា លោក គីម ខកចិត្តកម្រិតណាឡើយ។ សម្រាប់នាយអគ្គសេនាធិការកងទ័ពកូរ៉េខាងជើងរូបនេះ ផ្លូវតែមួយគត់ដើម្បីបញ្ចៀសជម្លោះមិនឲ្យរាលដាល គឺទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំទាំងពីរតែម្ដង។
និយាយរឿងទំនាក់ទំនងនេះ មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក ត្រូវបានមើលឃើញថា មានទំនាក់ទំនងល្អប្រសើរ។ លោក គីម និងមន្ត្រីកូរ៉េខាងជើង កម្រនឹងនិយាយរិះគន់លោក ត្រាំ ដោយចំហណាស់ ហើយពេលខ្លះថែមទាំងសរសើរទៀតផង។ លោក ត្រាំ វិញ ក៏និយាយជាញឹកញយពីទំនាក់ទំនងជិតស្និទ្ធជាមួយលោក គីម ផង ខណៈមេដឹកនាំទាំងពីរក៏បានផ្ញើសារឆ្លើយឆ្លងទៅមកជាច្រើនសារផងដែរ។
ការព្រមានប្រើកម្លាំងទ័ពទៅមកនេះ ធ្វើឡើងខណៈដែលឱសានវាទកំណត់ដោយកូរ៉េខាងជើងឲ្យអាមេរិកដាក់ចេញគោលនយោបាយចរចាថ្មីរឿងនុយក្លេអ៊ែរខិតកាន់តែជិត ឯការចរចាក៏ជាប់គាំងមិនទៅមុខដដែល។ បក្សពលករកូរ៉េខាងជើង នឹងបើកជំនួបនៅចុងខែធ្នូនេះ ដើម្បីជជែកពីបញ្ហាក្នុងស្រុក និងក្រៅស្រុក ដោយការចរចាជាមួយអាមេរិកទំនងជាស្ថិតលើតុប្រជុំផងដែរ។ គេរំពឹងថា ក្រុងព្យុងយ៉ាង អាចផ្លាស់ប្ដូរផ្លូវដើររបស់ខ្លួនមិនខាន៕
Tag:
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com