ជាតិ
២០២០៖ ព្រះសីហនុ ទទួលបាន​ថវិកា​ច្រើនជាងគេ ឯ​កោះកុង តិចជាងគេ
06, Dec 2019 , 9:19 pm        
រូបភាព
សិក្ខាសាលា ថវិកាថ្នាក់ជាតិឆ្នាំ២០២០
សិក្ខាសាលា ថវិកាថ្នាក់ជាតិឆ្នាំ២០២០
​ភ្នំពេញ​៖ គម្រោង​ថវិកា​សរុប សម្រាប់​បែងចែក​ទៅ​រាជធានី​-​ខេត្ត នៅ​ឆ្នាំ​២០២០ មាន​ជាង​៥៦២​លាន​ដុល្លារ ដោយ​ក្នុងនោះ ខេត្ត​ព្រះសីហនុ ទទួល​ថវិកា​ខ្ពស់បំផុត បន្ទាប់ពី​រាជធានី​ភ្នំពេញ ខណៈ​ខេត្តកោះកុង ទទួលបាន​ថវិកា​ទាប​បំផុត​។


 
​ក្នុងចំណោម​ថវិកា​៥៦២​លាន​ដុល្លារ​នោះ រាជធានី​ភ្នំពេញ ទទួលបាន​៣៩៥​លាន​ដុល្លារ ហើយ​នៅសល់​ជាង​១៦៧​លាន​ដុល្លារ សម្រាប់​ខេត្ត​ទាំង​២៤​។ នេះ​ជាការ​លើកឡើង​របស់លោក ជូ គីម​ឡេង រដ្ឋលេខា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ត ក្នុង​សិក្ខាសាលា​ជាតិ​ស្ដីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩​។​
 
​លោក ថ្លែងថា គម្លាត​ថវិកា​នេះ បើ​ប្រៀបធៀប​រវាង​ខេត្ត​ព្រះសីហនុ និង ខេត្តកោះកុង គឺ​ខុសគ្នា​ដល់​ទៅ​១៣​ដង​។ លោក ហាក់​មានការ​បារម្ភ​ចំពោះ​គម្លាត​នេះ ដោយ​លោក​អះអាងថា អាច​នឹងមាន​ការពិភាក្សា​ដោះស្រាយ​បន្តទៀត ហើយក៏​នឹង​អាចមាន​ការបែងចែក​ជា​ថ្មី​ដែរ ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​។ 
 
​លោក​រដ្ឋលេខាធិការ​រូបនេះ បាន​លើកឡើងថា គម្លាត​ថវិកា​ខុសគ្នា​ខ្ពស់​នេះ គឺ​ដោយសារ​សក្តានុពល​នៃ​ការប្រគល់​ពន្ធ ព្រោះ​ខេត្ត​នីមួយៗ​មាន​សក្ដានុពល​ពាណិជ្ជកម្ម​ខុសគ្នា​។ លោក បន្តថា ថវិការ​របស់​ខេត្ត​៦ គឺ​ព្រះសីហនុ សៀមរាប កណ្ដាល បន្ទាយមានជ័យ បាត់ដំបង និង​កំពត នៅលើ​មធ្យមភាគ ហើយ​ថវិកា​សម្រាប់​ខេត្ត​ដទៃ ស្ថិតក្រោម​មធ្យមភាគ​។​
 
​លោកស្រី នួន សុភាព នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ថវិកា​សម្រាប់​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ​២០២០ មាន​ដល់​ទៅ​៣១​លាន​និង​៥​សែន​ដុល្លារ​។  បន្ថែម​ពីលើ​លោកស្រី នំ សុភាព លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា​៖«​ការទទួលបាន​ថវិការ​ខ្ពស់បំផុត បន្ទាប់ពី​ភ្នំពេញ គឺ​ដោយសារ​ខេត្ត​ព្រះសីហនុ មាន​តម្រូវ​ការអភិវឌ្ឍ​ច្រើន និង​ការកើនឡើង​នៃ​ទំហំ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​»​។ 
 
​រីឯ​ថវិកា​សម្រាប់​ខេត្តកោះកុង​នៅ​ឆ្នាំ​២០២០ មាន​ត្រឹមតែ​ជាង​២,២​លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើតាម​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​។ អ្នកស្រី និយាយថា​៖«​ថវិកា​ថ្នាក់​ខេត្ត​ទាប​នេះ គឺ​ដោយសារ​ខេត្តកោះកុង​មាន​ច្រកចេញចូល​តែមួយ​នៅ​ថ្នាក់​ខេត្ត​និង​ក្រុង ហើយ​ប្រជាជន​តិច រួមទាំង​ស្ថិតក្នុង​តំបន់​ដែលមាន​ភ្នំ​និង​កោះ​ច្រើន​»​។ 
 
​លោក ពេជ្រ ប៊ុនធិន រដ្ឋ​ម​ន្រី្ត​មុខងា​សាធារណៈ បានលើកឡើង​ក្នុង​សិក្ខាសាលា​ថា ថវិកា​ថ្នាក់ក្រោម​ជាតិ​សរុប​ឆ្នាំ​២០២០ (​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​) មាន​ប្រមាណ​៨៥៥​លាន​ដុល្លារ ដោយ​កើនឡើង​ប្រមាណ​ជាង​២៧៦​លាន​ដុល្លារ បើ​ប្រៀបធៀប​នឹង​ថវិកា​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០១៩​។  
 
​រដ្ឋ​ម​ន្រី្ត​មុខងារសាធារណៈ បាន​បញ្ជាក់ថា​៖«​ការកើនឡើង​នេះ គឺ​ដោយសារ​មានការ​បង្កើន​អត្រា​ចូលរួម​ពី​ថវិការដ្ឋ​ទៅក្នុង​មូលនិធិ​ឃុំ សង្កាត់ មូលនិធិ​ក្រុង ស្រុក ខណ្ឌ និង​ការបង្កើតឱ្យមាន​ប្រភព​ចំណូល​ផ្សេងៗ​ទៀត សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​»​។ 
 
​ក្នុង​ពិធី​បិទ​សិក្ខាសាលា សម្ដេច ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ឃុំ​-​សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​ជាង​១២​ម៉ឺន​ដុល្លារ ដើម្បី​បង្កលក្ខណៈ​ឲ្យ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាន់តែ​មានលទ្ធភាព​អាច​ចូលរួម​ដោះស្រាយ​តម្រូវការ​ជា​អាទិភាព​នានា​តាម​មូលដ្ឋាន​។ 
 
​សម្តេច​រដ្ឋមន្ត្រី គូសបញ្ជាក់ថា ថវិកា​ជាង​១២​ម៉ឺន​ដុល្លារ​នេះ រួមមាន ថវិកា​សម្រាប់​ចំណាយ​លើ​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន មាន​ជាង​៧​ម៉ឺន​ដុល្លារ ដែល​ចំនួន​នេះ​កើនឡើង​ទ្វេដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​។ រដ្ឋមន្ត្រី​មហាផ្ទៃ បន្តថា ថវិកា​នេះ នឹង​កើន​ឡើងជា​រៀងរាល់ឆ្នាំ រហូតដល់​ឆ្នាំ​២០២៣ រដ្ឋបាល​ឃុំ​-​សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​ជាង​១៣​ម៉ឺន​ដុល្លារ​៕ 

Tag:
 គជ​អប​
  ថវិកា​រាជធានី​-​ខេត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com