ជាតិ
សង្គមជាតិ
លោក ថោង ខុន ស្នើ​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក នៅ​បុណ្យ​សមុទ្រ
07, Dec 2019 , 12:19 pm        
រូបភាព
 លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​លោក ជាវ តាយ អភិបាលខេត្ត​កំពត ក្នុង​កិច្ច​ប្រជុំ​​​នាថ្ងៃទី៥ ខែ​ឆ្នូ សម្រាប់​ការ​រៀបចំ​​បុណ្យសមុទ្រ​នៅ​ថ្ងៃទី​២០-២២ ខែ​ឆ្នូ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​លោក ជាវ តាយ អភិបាលខេត្ត​កំពត ក្នុង​កិច្ច​ប្រជុំ​​​នាថ្ងៃទី៥ ខែ​ឆ្នូ សម្រាប់​ការ​រៀបចំ​​បុណ្យសមុទ្រ​នៅ​ថ្ងៃទី​២០-២២ ខែ​ឆ្នូ
ដោយ:
​ភ្នំពេញ​៖ «​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរ​រុងរឿង​»​ជា​ប្រធានបទ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ដែល​ប្រព្រឹត្តឡើង​នៅ​ខេត្តកំពត នា​ថ្ងៃទី​២០-២២ ខែ​ឆ្នូ​ឆ្នាំនេះ ។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ប្រាប់​ដល់​អា​ជីករ ភ្ញៀវទេសចរ ទាំងអស់​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​បា្ល​ស្ទិ​ក ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​នេះ​ប្រកបដោយ​ភាព​ស្អាត និង​បៃតង​។



​មិន​ត្រឹមតែ​លោក ថោង ខុន ចង់​ឲ្យ​ពលរដ្ឋ អាជីវករ ភ្ញៀវទេសចរ ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​តាម​ដែល​អាច​ធ្វើបាន​នោះទេ លោក ក៏​ចង់​ឲ្យ​ពលរដ្ឋ​សហការគ្នា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​កុំ​ឲ្យ​មាន​ក្រដាស​នៅក្រោម​តុ​។ ជាពិសេស​លោក​ក៏បាន​ស្នើ​ឲ្យ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្កា​ឡូ​នានា ក៏ត្រូវ​បង្កើន​ការទទួល​បដិសណ្ឋារកិច្ច សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ទៀតផង​។ «​មិនត្រូវ​ដំឡើងថ្លៃ​សេវាកម្ម​របស់ខ្លួន​ឲ្យ​ហួសហេតុ​ពេក និង​ត្រូវ​រក្សា​គុណភាព​សេវាកម្ម​ឱ្យបាន​ល្អ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​។​

រូបភាពពី​ក្រសួងទេសចរណ៍ 

ជាមួយគ្នា​ដែរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បង្គាប់​ឲ្យ​អនុគណៈកម្មការ និង​អាជ្ញាធរ គិតគូរ​លើ​បញ្ហា​សន្តិសុខ បដិសណ្ឋារកិច្ច និង​សុវត្ថិភាព ដោយ​យកចិត្តទុកដាក់​លើ​ការថែរក្សា​បរិស្ថាន ការ​វេច​ខ្ចប់ និង​ការប្រមូល​សំរាម​ឲ្យ​បាន​ទាន់ពេលវេលា​។​
 
​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ នឹងមាន​កម្មវិធី​កម្សាន្ត ដូចជា ការសម្តែង​សិល្បៈ​របាំ ចម្រៀង ការតាំងពិព័រណ៍ វិថី​ម្ហូបអាហារ ព្រឹត្តិការណ៍​កីឡា​លើគោក និង​លើទឹក និង​ការប្រកួត​ក្បាច់គុន​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ថោង ខុន ដែល​លោក​ជឿជាក់ថា បុណ្យ​សមុទ្រ​ឆ្នាំនេះ នឹង​ទទួលបាន​ភ្ញៀវទេសចរ ចូល​រូ​ម​ប្រមាណ​៥០​ម៉ឺន​នាក់​៕ 
 

Tag:
 ​លោក ថោង ខុន​
 ​បុណ្យ​សមុទ្រ​
 ​ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com