អន្តរជាតិ
​គួរ​ឲ្យ​បារម្ភ ការសិក្សា​បង្ហាញថា កុមារ​៨៧%​មើល screen ហួស​កាលកំណត់​
08, Dec 2019 , 9:29 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ធីតា
​ការសិក្សា​មួយ បាន​រកឃើញថា កុមារ​៨៧​ភាគរយ បាន​ចំណាយ​ពេលវេលា​នៅមុខ screen (​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន អាយ​ផេ​ត និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​) ហួសកំណត់ ពោលគឺ​រយៈពេល​គុណ​ដល់​ទៅ​បី ជាពិសេស​សម្រាប់​កុមារ​អាយុ​ចន្លោះ​ពី​១២​ខែ ដល់​៣​ឆ្នាំ​។​

 
​លទ្ធផល​នៃ​ការសិក្សា​ដែល​ផ្សាយ​នៅលើ JAMA Pediatrics បាន​បង្ហាញថា កុមារ​ដែលមាន​អាយុ​១២​ខែ ចំណាយពេល​ជា​មធ្យម​មើល​ទូរទស្សន៍ កុំព្យូទ័រ ឬក៏​ទូរ​សព្ទ​ដៃ ប្រមាណ​៥៣​នាទី​ក្នុង​១​ថ្ងៃ​។  អត្រា​ឡើង​ខ្ពស់​ដល់​ទៅ​១៥០​នាទី​ក្នុង​១​ថ្ងៃ​សម្រាប់​កុមារ​ដែល​ឈានដល់​អាយុ​៣​ឆ្នាំ​។​
 
​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ខែមេសា កន្លងមក បានចេញ​ការណែនាំ​ថ្មី ដោយ​បញ្ជាក់ថា កុមារ​ក្រោម​អាយុ​១​ឆ្នាំ មិនត្រូវ​មើល screen នោះឡើយ រីឯ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ អាច​មើល​ដោយ​មិន​លើសពី​១​ម៉ោង​ក្នុង​១​ថ្ងៃ​។​
 
​ភ្នាក់ងារ​ស្រាវជ្រាវ American Academy of Pediatrics ក៏បានផ្តល់​អនុសាសន៍​ផងដែរ​ថា ព័ត៌មាន​ឌីជីថល មិនគួរ​ជ្រាប​ដល់​ក្មេង​ដែលមាន​អាយុ​ក្រោម​១៨​ខែ​នោះឡើយ​។ កុមារ​ពី​អាយុ​១៨​ខែ ដល់​២៤​ខែ អាច​មើល​បាន​តិចតួច​បំផុត ហើយ​ត្រូវមាន​ការកំណត់​ត្រឹម​១​ម៉ោង​ក្នុង​១​ថ្ងៃ​សម្រាប់​ចន្លោះ​អាយុ​ពី​២ ទៅ​៥​ឆ្នាំ​។​
 
​ក្នុងចំណោម​កុមារ​៨៧​ភាគរយ​ដែល​ប្រើ sreen ហួសកំណត់ កុមារ​អាយុ​ចន្លោះ​ពី​៧ ទៅ​៨​ឆ្នាំ ក៏មាន​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ ដោយ​ក្រុម​អ្នកស្រាវជ្រាវ ចង់​ឲ្យ​ពួកគេ​ចំណាយពេល​ឲ្យ​ច្រើន​ទៅលើ​សកម្មភាព​នៅ​សាលារៀន​។​
 
​ការសិក្សា​ក៏បាន​រកឃើញ​ផងដែរ​ថា កូន​ដែល​កើតចេញពី​ឪពុកម្តាយ​ដែលមាន​ការអប់រំ​ខ្ពស់ ហាក់​មាន​ហា​នី​ភ័យ​កម្រិត​ទាប ខណៈ​ក្មេងស្រី មាន​អត្រា​តិចជាងគេ​ប្រុស​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​សន្និដ្ឋាន​ផងដែរ​ថា បណ្តា​ស្ត្រី​ដែល​ទើប​មានកូន​លើកដំបូង ហាក់​បណ្តោយ​ឲ្យ​កូន​មើល Screen តាមចិត្ត​ជាង​ម្តាយ​ដទៃទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com