អន្តរជាតិ
សមាជិកសភាសូឡូម៉ុនទម្លាយថា តៃវ៉ាន់ និងចិនសន្យាឲ្យលុយសំណូករាប់ម៉ឺនដុល្លារ ជាថ្នូរនឹងការគាំទ្រការទូត
× ការផ្លាស់ប្តូរទំនាក់ទំនង និងចំណងការទូតរវាងបណ្តាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ទៅរកចិន មិនទាន់ស្ងប់ស្ងាត់ឡើយ។ ថ្មីៗនេះ មានអ្នកនយោបាយរបស់ប្រទេសកោះប៉ាស៊ីហ្វិក បានអះអាង និងរៀបរាប់ពីរឿងក្រោយឆាកនៃទំនោរនេះ ថា មានពាក់ព័ន្ធការផ្តល់សំណូក ដើម្បីជាថ្នូរនឹងការគាំទ្រ ដែលផ្តល់ដោយទាំងភាគីតៃវ៉ាន់ផង និងចិនផង។
តាមការចុះផ្សាយរបស់សារព័ត៌មានអូស្ត្រាលី The Guardian នៅថ្ងៃ៨ ធ្នូ វាមានការលើកឡើងផ្សេងៗគ្នារវាងក្រុមសមាជិកសភាបក្សប្រឆាំង និងក្រុមសមាជិកសភាខាងបក្សកាន់អំណាច។ ការលើកឡើងនោះពាក់ព័ន្ធការផ្តល់សំណូកជាទឹកប្រាក់រាប់សិបម៉ឺនដុល្លារដើម្បីជាថ្នូរក្នុងការគាំទ្រការរក្សាចំណងការទូតជាមួយនឹងកោះតៃវ៉ាន់ និងការផ្លាស់ប្តូរទៅគាំទ្រចិន។
តាមប្រភពដដែលនោះ អនុប្រធានបក្សប្រឆាំង លោក Peter Kenilorea Jr បានបង្ហើបឲ្យដឹងថា លុយ ត្រូវបានប្រើប្រាស់ដោយបើកចំហ ដើម្បីជាការទិញទឹកចិត្តពីសមាជិកសភាក្នុងការបោះបង់តៃវ៉ាន់ ដែលជាសម្ព័ន្ធមិត្តរបស់កោះសូឡូម៉ុនជាយូរមកហើយនោះ។
លោក Kenilorea ដែលមានជំហរប្រឆាំងការងាកទៅរកចិននោះ បានឲ្យដឹងថា លោក បានលេចលឺពីសមាជិកសភាមួយចំនួន ថា មានការផ្តល់ជូនថវិកាចន្លោះប្រមាណពី២០ម៉ឺនដុល្លារទៅ៦០ម៉ឺនដុល្លារ ដើម្បីជាថ្នូរនឹងការសម្រេចចិត្តគាំទ្រចិន។
បន្ថែមពីនេះ តាមការអះអាងរបស់អភិបាលខេត្ត Malaita នៃកោះសូឡូម៉ុន លោក Daniel Sudaini មុនពេលនៃការសម្រេចផ្លាស់ប្តូរជំហរការទូតនេះ មានគេទំនាក់ទំនងទៅលោកតាមរយៈទូរសព្ទ័ ដោយបានសន្យាផ្តល់ថវិកាមួយកញ្ចប់ជាថ្នូរនឹងការបន្ធូរបន្ថយជំហរប្រឆាំងនឹងចិនរបស់លោក។ ក៏ប៉ុន្តែលោក បានបដិសេធ ដោយបញ្ជាក់ថា ប្រសិនបើលោក ធ្វើបែបនេះ លោក មិនអាចតំណាងប្រជាជនបានទៀតឡើយ។
យ៉ាងណាមិញ បើស្តាប់ការលើកឡើងរបស់សមាជិកសភាបក្សកាន់អំណាច លោក Titus Fikaវិញ ការលើកឡើងបែបនេះជារឿងមិនត្រឹមត្រូវឡើយ។ លោក អះអាងថា ការសម្រេចរបស់រដ្ឋាភិបាលកោះសូឡូម៉ុនក្នុងការផ្លាស់ប្តូរចំណងការទូតពីតៃវ៉ាន់ ទៅរកចិនវិញនោះ មិនពាក់ព័ន្ធនឹងឥទ្ធិពលទឹកប្រាក់នោះទេ។ ផ្ទុយពីការអះអាងខាងលើ លោក ចោទថា ភាគីតៃវ៉ាន់ បានព្យាយាមទឹកចិត្តលោកដើម្បីរក្សាជំហរប្រទេសដដែល។
លោក សង្កត់ធ្ងន់ថា តៃវ៉ាន់ ចង់ផ្តល់ឲ្យក្រុមរបស់លោកប្រមាណ ១លានដុល្លារ ក៏ប៉ុន្តែបំណងនេះ មិនបានសម្រេចឡើយ ដ្បិតលោក អះអាងថា នេះ គឺជារឿងផលប្រយោជន៍ជាតិ មិនមែនបុគ្គល ឬក្រុមណាមួយឡើយ។
គួរជម្រាបថា នៅខែកញ្ញាកន្លងទៅ រដ្ឋាភិបាលកោះសូឡូម៉ុន បានប្រកាសកាត់ផ្តាច់ចំណងការទូតជាមួយនឹងតៃវ៉ាន់ ហើយបានកសាងចំណងការទូតថ្មីជាមួយនឹងចិន ដោយបានសន្យាអនុវត្តគោលនយោបាយចិនតែមួយ៕
Tag:
ចិន
តៃវ៉ាន់
សូឡូម៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com