ជាតិ
សម្ដេច ទៀ បាញ់ ទទួលស្គាល់ថា សៀមរាបនៅខ្វះសម្ភារជួយសង្គ្រោះបន្ទាន់ ពេលមានគ្រោះថ្នាក់ធំៗ សម្ដេច ទៀ បាញ់ អំឡុងពេលចុះពិនិត្យសំណង់អាគារសាលាឆាន់ វត្តប្រាសាទគោកចក ដែលបានបាក់ប្លង់សេសង្កត់មនុស្សស្លាប់៣នាក់ របួស១៦នាក់ នាថ្ងៃទី៣ ធ្នូ
× សៀមរាប៖ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប សម្ដេច ទៀ បាញ់ ក៏សម្ដែងការសោកស្ដាយមិនតិចទេ បន្ទាប់ពីកើតហេតុបាក់សាលាឆាន់នៅបរិវេណវត្តប្រាសាទគោកចក កាលពីថ្ងៃទី២ ធ្នូកន្លងមក។ សម្ដេចបានចូលរួមសោកស្ដាយនិងរំលែកទុក្ខចំពោះគ្រួសាររងគ្រោះ ពិសេសអ្នកដែលស្លាប់ចំនួន៣នាក់ក្នុងហេតុការណ៍ដ៏អាក្រក់នៅចុងឆ្នាំ២០១៩នេះ។
ក្រៅពីសោកស្ដាយទៅនឹងហេតុការណ៍ដ៏រន្ធត់និងមិននឹកស្មានមុននេះ រដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានកោតសរសើរដល់សមត្ថកិច្ចទាំងអស់ដែលបានជួយសង្គ្រោះជនរងគ្រោះបានជោគជ័យ និងបានកាយគំនរថ្មបេតុង លាយឡំនឹងរន្ទាដែកយ៉ាងច្រើនសន្ធឹក នារាត្រីម៉ោង២ភ្លឺនៅថ្ងៃកើតហេតុ។ យ៉ាងណា សម្ដេចរដ្ឋមន្ត្រីក៏បានប្រាប់ទៅសមត្ថកិច្ចគ្រប់ថ្នាក់ទាំងអស់ ត្រូវមានការត្រួតពិនិត្យសំណង់គ្រប់ប្រភេទដោយមិនត្រូវឱ្យកើតហេតុដូចនេះជាថ្មីទៀតឡើយ។
ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានពេលចុះពិនិត្យទីតាំងកើតហេតុនៅរសៀលថ្ងៃទី៣ ធ្នូ សម្ដេច ទៀ បាញ់ បានលើកឡើងថា កន្លងមកថ្នាក់ដឹកនាំខេត្តបានបញ្ជាឱ្យមានការត្រួតពិនិត្យត្រឹមត្រូវពីវិស័យសំណង់ក្នុងខេត្ត ដោយមានសំណង់ខ្លះត្រូវបានផ្អាក ខ្លះវាយចោលក៏មាន តែករណីអាគារក្នុងវត្តអារាមនេះពិបាកបន្ដិច ព្រោះវាបម្រើដល់វិស័យពុទ្ធសាសនា ជាងនេះទៀតសំណង់នេះបានកសាងទុកចោលយូរមកហើយ តែទើបនឹងរៀបចំចាក់បេតុងសង់បន្តទៀត។ សម្ដេច ទៀ បាញ់ ប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកជំនាញបានរកឃើញថា សំណង់ដែលបាក់នេះបណ្ដាលមកពីបញ្ហាគ្រឹះនិងសសរ។
ទាក់ទងនឹងការជួយសង្គ្រោះបន្ទាន់នេះដែរ សម្ដេច ទៀ បាញ់ បានទទួលស្គាល់ថា កម្លាំងជំនាញខេត្តសៀមរាបមានកង្វះខាតបច្ចេកទេស សម្ភារជួយសង្គ្រោះបន្ទាន់ពេលកើតហេតុធំម្ដងៗ ដូចជាសម្ភារស្វ័យប្រវត្តិ ឧបករណ៍កាត់ គាស់ ឬគីបសម្ភារឡើងជាដើម ចំណែកកម្លាំងមនុស្សមិនមានបញ្ហាចោទទេ។ សម្ដេចរដ្ឋមន្ត្រី ក៏បានកោតសរសើរកម្លាំងប្រជាជនដែលបានបង្ហាញស្មារតីចូលរួម សហការសង្គ្រោះជនរងគ្រោះពីគំនរបាក់បែកយ៉ាងច្រើនគួរឱ្យស្ងប់ស្ងែង។
បន្ថែមពីនេះ សម្ដេច ទៀ បាញ់ បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ មានរដ្ឋបាលខេត្ត វត្ត និងអាជ្ញាធរជាតិអប្សរា ត្រូវបានធ្វើរួមគ្នាដើម្បីដោះស្រាយបញ្ហាដែលកើតឡើងនៅពេលនេះ និងត្រូវរកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ។
គួររម្លឹកថា ហេតុការណ៍បាក់អាគារសាលាឆាន់វត្តប្រាសាទគោកចក បានកើតឡើងនៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២ ធ្នូ ដែលបណ្ដាលឱ្យមនុស្សស្លាប់ចំនួន៣នាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួន១៦នាក់៕
Tag:
បាក់សាលាឆាន់
វត្តប្រាសាទគោកចក
ទៀ បាញ់
ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com