អន្តរជាតិ
ចិន សន្យា​បន្ត​ជ្រោមជ្រែង​មី​យ៉ាន់​ម៉ា​ក្នុង​ដំណើរការ​ផ្សះផ្សារ និង​អភិវឌ្ឍន៍​ជាតិ​តាម​បែបផែន​ប្រទេស​ខ្លួន​
09, Dec 2019 , 10:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ចាប់ដៃប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint ។ រូបភាព Xinhua
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ចាប់ដៃប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint ។ រូបភាព Xinhua
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ បាន​អរគុណ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​តែងតែ​គាំទ្រ និង​ជ្រោមជ្រែង​មី​យ៉ាន់​ម៉ា​ដោយ​មិនមាន​លក្ខខណ្ឌ និង​ជាពិសេស​នោះ រក្សាបាន​នូវ​ការគោរព​អធិបតេយ្យភាព​រវាង​គ្នា​ទៅវិញទៅមក​។​

 
​នា​ជំនួប​ក្នុងអំឡុងពេល​លោក​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន  វ៉ាង យី បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៧ ខែធ្នូ លោក​ប្រធានាធិបតី Win Myint បាន​សម្តែង​ការដឹងគុណ​ទៅកាន់​ចិន​សម្រាប់​ការគាំទ្រ​អធិបតេយ្យ កិត្យានុភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​រយៈពេល​វែងរ​ប​ស់មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​ប្រធានាធិបតី ក៏បាន​បង្ហាញ​ពី​ការសង្ឃឹម​ដ៏​មុតមាំ​ថា ចិន នឹង​នៅតែ​បន្ត​គាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុង​ដំណើរ​ឆ្ពោះទៅមុខ ក្នុងពេលដែល​មី​យ៉ាន់​ម៉ា​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ផ្សះផ្សារ​ជាតិ និង​កសាង​សន្តិភាព​។ លោក រំពឹងថា ភាគី​ទាំងពីរ នឹងធ្វើ​ឲ្យ​កាន់តែ​ល្អប្រសើរ​លើ​ទំនាក់ទំនង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​
 
​តប​ជាមួយនឹង​ការលើកឡើង​របស់​ភាគី​មី​យ៉ាន់​ម៉ា លោក វ៉ាង យី បានបញ្ជាក់​គោលជំហរ​ជាថ្មី​របស់​ចិន ដោយ​មិន​ឲ្យ​មី​យ៉ាន់​ម៉ា​ព្រួយបារម្ភ ឬ​ខកចិត្ត​ឡើយ​។ លោក​ទីប្រឹក្សា​រដ្ឋ បាន​ឲ្យ​ដឹងថា ចិន នឹង​នៅតែ​បន្ត​គាំទ្រ​មី​យ៉ាន់​ម៉ា​ដោយ​ឥត​ងាករេ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មី​យ៉ាន់​ម៉ាប​ន្ត​ការអភិវឌ្ឍ​ស្រប​មាគ៌ា ឬ​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន ក៏ដូចជា​ការការពារ​សិទ្ធិ និង​អធិបតេយ្យភាព​ក្នុង​ឆាក​អន្តរជាតិ​។​
 
​បើតាម​លោក វ៉ាង ចិន និង​មី​យ៉ាន់​ម៉ា គឺជា​អ្នកជិតខាង​ល្អ​នឹង​គ្នា ដែល​ត្រូវ​ត​ភ្ជាប់​ដោយ​ទន្លេ និង​ភ្នំ ដែល​លក្ខខណ្ឌ​នេះ លោក បាន​ហៅ​ទំនាក់ទំនង​ទាំងពីរ​ប្រៀបដូចជា​បងប្អូន ឬ​សាច់ញាតិ​យ៉ាង​ដូច្នេះ​ឯង​។ ជាមួយគ្នា​នោះ លោក ក៏បាន​បង្ហើប​ពី​ផែនការ​បន្ទាប់ ដោយ​អះអាងថា ចិន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​លើកកម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ក្នុង​កម្រិត​មួយ​ថ្មី​ទៀតផង​។ 
 
​គួរ​ជម្រាប​ផងដែរ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មី​យ៉ាន់​ម៉ា បាន​រង​សម្ពាធ​ខ្លាំង​ពី​ឆាក​អន្តរជាតិ ជាពិសេស​នោះ​ពី​បណ្តា​ប្រទេស​លោកខាងលិច ដោយបាន​ចោទ​មី​យ៉ាន់​ម៉ា ថា​បាន​បំពាន​គោលការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​។ ក្នុង​កាលៈទេសៈ​នេះ ចិន រួមជាមួយ​នឹង​បណ្តា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ផ្សេងទៀត បាន​រក្សា​ជំហរ​គាំទ្រ និង​ការពារ​មី​យ៉ាន់​ម៉ា ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ តំបន់ និង​អន្តរជាតិ​ផងដែរ​៕

Tag:
 ចិន​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com