ជាតិ
ក្រសួងអប់រំ៖ សិស្សទាំងអស់ ត្រូវរក្សាអនាម័យនិងញាំទឹកឲ្យបានច្រើន នៅអំឡុងពេលចុះត្រជាក់
× ភ្នំពេញ៖ សិស្សទាំងអស់ ត្រូវរក្សាអនាម័យ និងទទួលទានទឹកឲ្យបានច្រើន នៅក្នុងអំឡុងពេលចុះត្រជាក់ ដើម្បីចៀសផុតពីជំងឺផ្សេងៗ។ នេះជាការអំពាវនាវរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
អ្នកនាំក្រសួងអប់រំ លោក រស់ សុវាចា ប្រាបឲ្យសិស្សនិងគ្រូនៅតាមសាលារៀន រក្សាអនាម័យផ្ទាល់ខ្លួន តាមរយៈការហូប និងផឹកទឹកស្អាត ជាពិសេសឧស្សាហ៍លាងសម្អាតដៃឲ្យបានញឹកញាប់ មុនពេលបរិភោគ និងចេញពីបន្ទប់ទឹក ដើម្បីជៀសវាងជំងឺគ្រុនផ្ដាសសាយ និងជំងឺសើស្បែក។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា ៖«ក្រសួងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមដានស្ថានភាពអាកាសធាតុ និងផលប៉ះពាល់សុខភាពផ្សេងៗជាប្រចាំតាមរយៈយន្តការ ដែលមានស្រាប់នៅកម្រិតសាលារៀន។ តាំងពីអាណត្តិមុនមកក្រសួងបានចេញសេចក្ដីណែនាំស្តីពី ការអនុវត្តវិធានការបង្ការ ជំងឺ និងគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានញឹកញាប់ក្នុងរដូវអាកាសធាតុត្រជាក់នៅតាមគ្រឹះស្ថានសិក្សា»។
ជំងឺដែលពលរដ្ឋជួបប្រទះ ក្នុងអំឡុងពេលរដូវរងារ ឬពេលអាកាសធាតុចុះត្រជាក់នេះ ភាគច្រើនមានជំងឺផ្ដាសាយ អាលែកហ្ស៊ី និងជំងឺផ្លូវដង្ហើមផ្នែកខាងលើបណ្ដាលមកពីវីរុស និងមេរោគស្ត្រិតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហៀរសំបោរ រលាកបំពង់ករ ឬច្រមុះ ក្អក និងរលាកបំពង់ករ ក្រពះ ពោះវៀនជាដើម។ ជាពិសេសជំងឺហឺត ជំងឺភ្នែកក្រហម រមាស់ស្បែក ជំងឺថប់អារម្មណ៍ ឬស្ត្រេស និងជំងឺគាំងបេះដូងទៀតផង។ នេះបើតាមក្រសួងសុខាភិបាល។
ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាសុខភាព នៅរដូវត្រជាក់នេះ ក្រសួងសុខាភិបាល ប្រាប់ឲ្យពលរដ្ឋទាំងអស់ ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃរងារ កុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណ ដោយចំហរ ។ ជាពិសេសត្រូវរក្សាកម្ដៅខ្លួនឲ្យនៅធម្មតាជានិច្ច។ ក្រសួង បានសង្កត់ធ្ងន់ថា ក្នុងករណីពលរដ្ឋមានរោគសញ្ញាពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺបំពង់ក ឈឺសាច់ដុំ ឬមានសញ្ញាសុខភាពដ៏ទៃទៀតក្រៅពីជំងឺ ដែលបានរៀបរាប់ខាងលើនេះ ត្រូវស្វែងរកការព្យាបាលតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យភ្លាម ។
ដោយឡែកបញ្ហាអនាម័យវិញ ពលរដ្ឋត្រូវចេះខ្ទប់មាត់ជាមួយក្រដាស ឬកន្សែង នៅពេលក្អក និងកណ្ដាស់ ដោយមិនត្រូវប្រើដៃទទេឡើយ ហើយត្រូវលាងដៃឲ្យញឹកញាប់ផងដែរ។ នេះបើតាមក្រសួងសុខាភិបាល៕
Tag:
ក្រសួងអប់រំ
អាកាសធាតុត្រជាក់
© រក្សាសិទ្ធិដោយ thmeythmey.com