ONE Championship
កីឡាជាតិ
ជាតិ
SAM-A គ្រង​ខ្សែក្រវាត់ ONE STRAWWEIGHT WORLD TITLE
09, Dec 2019 , 11:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ជើង​ខ្លាំង SAM-A GAIYANGHADAO ឈ្នះ​ខ្សែក្រវាត់ ONE STRAWWEIGHT WORLD TITLE បន្ទាប់ពី​ផ្តួល​កីឡាករ​ជំនាញ​កណ្ដាប់ដៃ​មកពី​ចិន Wang Jung  Junguang ខណៈដែល Alaverdi Ramaznov ឈ្នះ​ពិន្ទុ​កីឡាករ​ចិន Zhang Chenglong ដើម្បី​ក្រសោប​យក​ខ្សែក្រវាត់ ONE Bantamweight Kickboxing World Championship នៅក្នុង​កម្មវិធី ONE: MARK OF GREATNESS នា​ថ្ងៃ ទី​៦ ខែ ធ្នូ កន្លងទៅនេះ​។


 
១-SAM-A គ្រង​ខ្សែក្រវាត់ ONE STRAWWEIGHT WORLD TITLE 
 
​វីរបុរស​របស់​ថៃ SAM-A GAIYANGHADAO គ្រង​ខ្សែក្រវាត់ ONE STRAWWEIGHT WORLD CHAMPIONSHIP បន្ទាប់ពី​ឈ្នះ​កីឡាករ​ចិន WANG JUNGUANG ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ កីឡាករ​ចិន WANG JUNGGUANG ឬ Golden Boy ចូលចិត្ត​ដើរចូល​និង​ប្រើ​កម្លាំង​ក្នុង​៣​ទឹក​ដំបូង ប៉ុន្តែ Sam-A ជា​កីឡាករ​មានបទពិសោធន៍​ច្រើន​ហើយ​អា​ចរក​ចន្លោះ​វ៉ៃ​សង​វិញ​ទោះ​ថយ​ក្ដី​។ ចូល​ទឹក​ទី​៤ WANG នៅតែ​ដើរចូល​ឥត​ខ្លាចក្រែង​ឡើយ ប៉ុន្តែ Sam-A លួច​បោះ​ជង្គង់​ផង ទាត់​ផង និង​ម៉ាត់​ចំ​គោលដៅ​ច្រើនជាង​។ ដោយ​ដឹង Sam-A ថមថយ​កម្លាំង Wang នៅតែ​ដើរចូល​ដើម្បី​ម៉ាត់​ឆ្វេង​ស្ដាំ​ស្វែងរក​ពិន្ទុ ប៉ុន្តែ​មិនបាន​ដូច​ចិត្ត​ពេក​ទេ ព្រោះ​ត្រូវ​ឡង​កណ្ដាប់ដៃ និង ជង្គង់​មកវិញ​ជារឿយៗ​។ ទីបំផុត​ម្ចាស់​ខ្សែក្រវាត់​ថ្មី ONE STRAWWEIGHT WORLD CHAMPIONSHIP​។ នេះ​ជា​ជ័យជម្នះ​លើកដំបូង​របស់ Sam-A ក្នុងការ​បង្ហាញខ្លួន​ប្រកួត Kickboxing លើកដំបូង​ដែរ​។ 
 
២- Alaverdi Ramaznov គ្រង​ខ្សែក្រវាត់ ONE Bantamweight Kickboxing World Championship
 
​ទឹក​ទី​១​និង​ទី​២ កីឡាករ​ទាំងពីរ​ប្រើ​ក្បាច់​វ៉ៃ​ប្រយោល ខណៈដែល Ramaznov  ចូលចិត្ត​យក​ជង្គង់​អុក​ទប់ស្កាត់​ការ​វ៉ៃ​របស់ Zhang Chenglong ។ បែបណា​ក្ដី កីឡាករ​មកពី​រុស្សី  Ramaznov ម៉ាត់​មួយ​ដៃស្ដាំ​ពេញទំហឹង​ធ្វើ​ឲ្យ Chenglong ដួល​ទៅ​ក្ដារ​រេញ​ប៉ុន្តែ​អាច​ងើប​មក​ប្រកួត​វិញ​បាន​។ Chenglong ត្រូវបាន​កីឡាករ រុស្សី​វ៉ៃ​សន្ធាប់​ហៀបនឹង​ផ្ដាច់ ប៉ុន្តែ កីឡាករ​ចិន​អាច​ប្ដូរ​ស្ដារ​ស្ថានការណ៍​ទៅ​ល្អ​វិញ នៅសល់​ពីរ​ទៀត​។ ជើង​ខ្លាំង​មកពី​ចិន​ដើរចូល​សម្រុក​រហូត​ប៉ុន្តែ ត្រូវ​បោះ​ជង្គង់​កាត់​ដោយ​កីឡាករ​កម្ពស់​ខ្ពស់ Ramaznov​។ Ramaznov យ៉ាប់​កម្លាំង​នៅ​ចុង​ទឹក​ទី​៥ ប៉ុន្តែ Chenglong មិនអាច​រក​ក្បាច់​ដើម្បី​ផ្ដួល​រូបគេ​បានឡើយ​។ ទីបំផុត​ម្ចាស់​ខ្សែក្រវាត់ ONE Bantamweight Kickboxing World Championship គឺ Ramaznov​។ ម្ចាស់​ខ្សែក្រវាត់​ថ្មី​បាន​ថ្លែងថា​៖«​ខ្ញុំ​ហត់ ខ្ញុំ​ប្រើ​កម្លាំង​ខ្ញុំ​អស់រលីង ដូច្នេះ​ខ្ញុំ​ជា​ម្ចាស់​ជើងឯក​»​។ 
 
៣-​កូន​ខ្មែរ​នៅ​អាមេរិក​ចាញ់​ឃ្លេ របស់ Rayane Bastos 
 
​កូន​ខ្មែរ​នៅ​អាមេរិក អែម សុ​វណ្ណា​រី ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ចាញ់​កីឡាការិនី​ប្រេ​ស៊ី​ល Rayane Bastos ត្រឹម​ទឹក​ទី​១​នាទី​ទី ២​នាទី និង ៤០ វិនាទី​។ គ្រាប់​ចាប់ផ្ដើម​នាទី​ដំបូង​នៅ​ទឹក​ទី​១ កីឡាការិនី​ទាំង​២​ចាប់ផ្ដើម​សម្រុក​គ្នា​មិន​ថា​ក្បាច់​ដៃ​និង​ជើង​ហើយ​ថែមទាំង​ចូលចាប់​គ្នា​ទៅវិញទៅមក​ទៀតផង​។ យ៉ាងណាក្ដី សុ​វណ្ណា​រី ការពារ​មិនបាន​ល្អ​ភ្លាត់​ចូល​ឃ្លេ​របស់ Rayane Bastos ទាំង​ជំហរ និង​បន្ត​អុក​ទៅ​ក្តារ​រេញ​ទៀតផង​។ សុ​វណ្ណា​រី មិនអាច​រើរួច​ឡើយ​រហូតដល់​គោះ​ខ្នង Rayane សុំ​ចុះចាញ់​។ ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ Rayane Bastos កើន​កំណត់ត្រា​មិនដែល​ចាញ់​នៅក្នុង​កម្មវិធី​គុន​ចម្រុះ ដោយ​ឈ្នះ ៥ ដង​និង​ស្មើ ១​ដង​។ នេះ​ជា​ជ័យជម្នះ​ដំបូង​នៃ​ការបង្ហាញ​ខ្លួន​របស់​កីឡាការិនី​ប្រេ​ស៊ី​ល​នៅ​សង្វៀន ONE Championship ស្រប​ពេលដែល សុ​វណ្ណា​រី ចាញ់​លើកដំបូង​នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ​។ 
៤- Jihin Radzuan ចាញ់​ពិន្ទុ Denice Zamboanga 
 
​កីឡាការិនី​ម្ចាស់ផ្ទះ ម៉ាឡេស៊ី Jihin Radzuan ចាញ់​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​អ្នក​ចំណូល​ថ្មី​នៅ​សង្វៀន ONE កីឡាការិនី Denice Zamboanga មកពី​ហ្វីលីពីន​។ Jihin មិនអាច​ចេញ​ក្បាច់​បានល្អ​ឡើយ​ទាំង​៣​ទឹក​ព្រោះ Denice តែងតែ​ទប់​ជាប់ និង​នៅ​ពីលើ​សឹងតែ​៣​ទឹក​។  Denice ទទួលបាន​ជ័យជម្នះ​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​លើស​ង្វៀន​កម្រិត​ពិភពលោក​។ យ៉ាងណាក្ដី  Denice កើន​កំណត់ត្រា​ប្រកួត​គុន​ចម្រុះ ៣ លើក ឈ្នះ​ទាំង ៣​លើក​។ ចំណែក Jihin មានកំណត់​ត្រា​លើស​ង្វៀន​នេះ​ចំនួន ៦ ដង​ក្នុងនោះ​ឈ្នះ ៤ ដង និង ចាញ់ ២​ដង​។ 
 
​លទ្ធផល​ទាំងអស់​នៅ ONE: MARK OF GREATNESS
ONE Strawweight Kickboxing World Championship: Sam-A Gaiyanghadao ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ​លើ Wang Junguang Bantamweight Kickboxing World Championship: Alaverdi Ramazanov ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ​លើ Zhang Chenglong 
Mixed Martial Arts Atomweight: Denice Zamboanga ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ​លើ Jihin Radzuan 
Mixed Martial Arts Welterweight: Agilan Thani ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ Dante Schiro 
Mixed Martial Arts Flyweight: Reece McLaren បញ្ចប់​ដោយ​ឃ្លេ​ក Gurdarshan Mangat ទឹក​ទី​១
Kickboxing Light Heavyweight: Andrei Stoica ផ្ដួល Anderson Silva ឲ្យ​សន្លប់​ទឹក​ទី​១
Mixed Martial Arts Strawweight: Bokang Masunyane ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ​លើ Ryuto Sawada 
Muay Thai Flyweight: Elias Mahmoudi ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ​លើ Lerdsila Phuket Top Team 
Mixed Martial Arts Bantamweight: Chen Rui ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ​លើ Muhammad Aiman 
Mixed Martial Arts Bantamweight: Tial Thang ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ​លើ Kim Woon Kyoum 
Mixed Martial Arts Catchweight (77 KG): Yoon Chang Min ឈ្នះ Rodian Menchavez ដោយ​អ​ជ្ញា​កណ្ដាល​បញ្ឈប់​ទឹក​ទី​២
Muay Thai Flyweight: Taiki Naito ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ​លើ Rui Botelho 
Mixed Martial Arts Atomweight: Rayane Bastos បញ្ចប់ អែម សុ​វណ្ណា​រី​ដោយ​ក្បាច់​ឃ្លេ​ទឹក​ទី​១
 
​កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  

© រក្សាសិទ្ធិដោយ thmeythmey.com