សារព័ត៌មាន​ថ្មីៗ ចូលរួម​កាត់បន្ថយ​ប្លា​ស្ទិ​កនៅ​កន្លែងធ្វើការ​
ជាតិ
២៥ខេត្ត/រាជធានី
សារព័ត៌មាន​ថ្មីៗ ចូលរួម​កាត់បន្ថយ​ប្លា​ស្ទិ​កនៅ​កន្លែងធ្វើការ​
10, Dec 2019 , 10:49 am        
រូបភាព
​ភ្នំពេញ​៖ សំរាម​នៅ​កម្ពុជា បាន​កើនឡើង​ប្រមាណ​១០​ភាគរយ ក្នុង​មួយឆ្នាំ ហើយ​នៅក្នុង​ឆ្នាំ​២០១៩​នេះ សំរាម​នៅ​កម្ពុ​ជាមាន​ទំហំ​៤​លាន​តោន ដែល​២០​ភាគរយ​គឺជា​សំណល់​ប្លា​ស្ទិ​ក​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា​។  សព្វថ្ងៃ សំណល់​ប្លា​ស្ទិ​ក គឺជា​ក្តីកង្វល់​រួម​របស់​ពិភពលោក​។ សារព័ត៌មាន​ថ្មីៗ បានប្រកាស​ការប្តេជ្ញាចិត្ត​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នៅ​កន្លែងធ្វើការ​ផងដែរ​។​

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖ 

 

​លោក ធៀន ភារិន្ទ សហការី​នៃ​សារព័ត៌មាន​ថ្មីៗ​ផ្នែក​អន្តរជាតិ​បាន​លើកឡើងថា​៖ «​ប្លា​ស្ទិ​កមាន​អាយុកាល​រាប់រយឆ្នាំ និង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​»​។ សហការី​ផ្នែក​អន្តរជាតិ​រូបនេះ បន្តថា កន្លងមក​លោក​បាន​ប​ក​ប្រែ​ព័ត៌មាន​អន្តរជាតិ​ទាក់ទង​នឹង​បច្ច័យ​អាក្រក់​នៃ​ថង់​ប្លា​ស្ទិ​ក​ចំពោះ​បរិស្ថាន​។ នៅពេល​សារព័ត៌មាន​ថ្មីៗ​ប្រកាស​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​កនៅ​កន្លែងធ្វើការ លោក​ធា​រិ​ន បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ដោយ​មិន​រារែក​ឡើយ ដោយ​លោក​បាន​ទិញ​បំពង់​ទឹក​អាលុយមីញ៉ូម​មក​ប្រើ​ជាប្រចាំ​វិញ​។ 
 
​មិន​ខុសពី​លោក​ភារិន្ទនោះទេ កញ្ញា សុខ​អេង សហការី​នៃ​សារព័ត៌មាន​ថ្មីៗ​មួយរូប​ទៀត បាន​ប្រើប្រាស់​កែវ​ទឹក​ជំនួស​ការប្រើប្រាស់​កែវ​ប្លា​ស្ទិ​ក និង​បាន​សម្រេចចិត្ត​ទៅ​បរិភោគ​អាហារ​នៅ​កន្លែង​លក់​ផ្ទាល់ ជំនួស​ការ​វិច​ខ្ចប់​ដោយ​ថង់​ប្លា​ស្ទិ​ក ដែល​កញ្ញា​តែង​បានធ្វើ​ក្នុងពេល​កន្លងមក​។ 
 
​លោក​សំណាង រ៉ា​ហ្វី​ឌី​ន សហការី​ផ្នែក​ទីផ្សារ​នៃ​សារព័ត៌មាន​ថ្មីៗ បាន​ឲ្យ​ដឹងថា បញ្ហា​ប្លា​ស្ទិ​កជាប​ញ្ហា​ដ៏​ធំ​របស់​ពិភពលោក​។ លោក រ៉ា​ហ្វី​ឌី​ន ប្តេជ្ញា​មិន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​គ្រប់​ទីកន្លែង ពោលគឺ​មិន​ត្រឹមតែ​នៅ​កន្លែងធ្វើការ​សព្វថ្ងៃនេះ​ប៉ុណ្ណោះ​ទេ​។ 
 
«​បញ្ហា​ប្លា​ស្ទិ​ក​ជា​រឿង​សំខាន់​ដែល​បង្ក​ផល​ប៉​ពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​។ សំណល់​ប្លា​ស្ទិ​កមាន​ច្រើន​លើសលប់​នៅ​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក សែម វណ្ណា សហការី​ផ្នែក​វីដេអូ​នៃ​សារព័ត៌មាន​ថ្មីៗ ដោយ​លោក​បាន​ប្រើប្រាស់​កែវ​ទឹក ជំនួស​កែវ​កាហ្វេ​ប្លា​ស្ទិ​ក​។​
 
​កញ្ញា ញឹក ស្រី​ល័​ក្ខ ឯណោះ​វិញ ក៏បាន​ប្រើប្រាស់​ប្រអប់​ជ័រ​ដែល​អាច​ប្រើប្រាស់​ឡើងវិញ ជំនួស​ឲ្យ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដែរ​។​
 
​សហការី​នៃ​សារព័ត៌មាន​ថ្មីៗ បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ទាំងអស់គ្នា​ផងដែរ ទោះជា​នៅ​កន្លែងធ្វើការ ឬ​នៅ​គេហដ្ឋាន ឬ​នៅ​កន្លែង​សាធារណៈ​នានា​ដទៃទៀត​៕
 

Tag:
 ប្លា​ស្ទិ​ក​
  សារព័ត៌មាន​ថ្មីៗ​
© រក្សាសិទ្ធិដោយ thmeythmey.com