ជាតិ
សង្គមជាតិ
UNផ្តល់ថវិកា៨លានដុល្លារ សម្រាប់អនុវត្តគម្រោងការងារយុវជនកម្ពុជា លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាតិប្រចាំកម្ពុជា និងលោក ហេង សួរ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី៩ ខែឆ្នូ
× ភ្នំពេញ៖ អង្គការសហប្រជាជាតិ បានផ្ដល់ថវិកា៨លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង«ការងារសមរម្យសម្រាប់យុវជន » ក្នុងរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៣។ ថវិកាទាំងនេះ សម្រេចបាននៅក្នុងកិច្ចប្រជុំលើកទី៥ ដោយលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងកាងារ លោក ហេង សួរ រំពឹងថា ថវិកា៨លានដុល្លារនេះ នឹងបន្តរួមចំណែកផ្តល់ឱកាសដល់យុវជនទទួលបានការងារសមរម្យ និងប្រកបដោយផលិតភាព ដើម្បីសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ២០៣០។ ជាពិសេសគោលដៅទី៨ «លើកកម្ពស់កំណើនសេដ្ឋកិច្ច ផលិតភាពការងារ និងការងារសមរម្យប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ជនគ្រប់រូប» ដែលស្របទៅនឹងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០-២០៥០ និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។
នេះជាជំហានទី២ សម្រាប់កម្ពុជា ដែលត្រូវចាប់ផ្ដើមគម្រោង«ការងារសមរម្យសម្រាប់យុវជន» ដែលបានជំនួយពីការរួមវិភាគទានរបស់រាជរដ្ឋាភិបាល ភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារចូលរួមរបស់អង្គការសហប្រជាជាតិ និងដៃគូឯកជននេះ។ គម្រោងនេះ នឹងត្រូវចាប់អនុវត្តរយៈពេល៤ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ២០២០ -២០២៣។
មុននឹងបន្តអនុវត្តជំហានទី២នេះ កម្ពុជាក៏បានសម្រេចអនុវត្តជំហានទី១ នៃផែនការ«រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា»ដែលអនុវត្តចាប់ពីឆ្នាំ២០១៧ ដល់២០១៩ ដែលចំណាយថវិកាអស់ជាង៤លានដុល្លារ ក្រោមជំនួយថវិការបស់ទីភ្នាក់ងារស្វីស ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងសប្បុរសជននានា។
តាមរយៈការសម្រេចបានជំហានទី១នេះ កម្ពុជាបានផ្តល់ឱកាសឲ្យយុវជនទទួលបានការងារ និងកាត់បន្ថយបញ្ហាវិសមភាព ដែលធានាបាននូវយុវជន មានសមត្ថភាពកាន់តែខ្ពស់ជាដើម។ នេះបើតាមការផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
Tag:
សហភាពអឺរ៉ុប
ថវិកា
យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com